ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ី​ទទួល​ស្គាល់​ថា​អ៊ុយក្រែន​វាយ​ចូល​ជ្រៅ​ដល់​៣០​គីឡូម៉ែត្រ​ពី​ព្រំ​ដែ​ន

1 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​​ប្រកាស​ទទួល​ស្គាល់​ថា​​កង​ទ័ព​ជើង​គោក​របស់​​អ៊ុយ​ក្រែន​នៅ​តែ​បន្ត​វាយ​សម្រុក​យ៉ាង​ខ្លាំង​ក្លា​ចូល​​តំបន់​ខឺស​ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​​។ ​​​អ៊ុយ​ក្រែន​ប្រកាស​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​សភា​ព​ការណ៍​នៅ​រុស្ស៊ី​ច្របូក​ច្របល់​ ​និង​បំបែក​កម្លាំង​ប្រមូល​ផ្ដុំ​របស់​​ពួក​គេ​ដើម្បី​កុំ​​ឲ្យ​ពួក​គេ​វាយ​ប្រហារ​អ៊ុយ​ក្រែន​​តែ​ម្ខាង​ៗ​។ មាន​ន័យ​ថា​ពេល​ខ្លះ​ អ៊ុយ​ក្រែន​ត្រូវ​តែ​វាយ​បក​ទៅ​វិញ​ខ្លះ​ៗ​ដែរ​។ កាល​ពី​សប្ដាហ៍​មុន, អ៊ុយ​ក្រែន​បាន​​បញ្ជូន​កង​ទ័ព​​ជា​ច្រើន​​ពាន់​នាក់​​​វាយ​ប្រហារ​​ឆ្លង​ព្រំ​ដែន​មួយ​ប្រាវ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ដណ្ដើម​បាន​​ទឹក​ដី​រុស្ស៊ី​​​មួយ​ផ្នែក។ កាល​នោះ​​​កង​ទ័ព​រុស្ស៊ី​កំពុង​តែ​ជាប់​ដៃ​វាយ​ប្រហារ​​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន…

ទី​ក្រុង​ម៉ូស្គូ៖ រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​​ប្រកាស​ទទួល​ស្គាល់​ថា​​កង​ទ័ព​ជើង​គោក​របស់​​អ៊ុយ​ក្រែន​នៅ​តែ​បន្ត​វាយ​សម្រុក​យ៉ាង​ខ្លាំង​ក្លា​ចូល​​តំបន់​ខឺស​ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​​។ ​​​អ៊ុយ​ក្រែន​ប្រកាស​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​សភា​ព​ការណ៍​នៅ​រុស្ស៊ី​ច្របូក​ច្របល់​ ​និង​បំបែក​កម្លាំង​ប្រមូល​ផ្ដុំ​របស់​​ពួក​គេ​ដើម្បី​កុំ​​ឲ្យ​ពួក​គេ​វាយ​ប្រហារ​អ៊ុយ​ក្រែន​​តែ​ម្ខាង​ៗ​។ មាន​ន័យ​ថា​ពេល​ខ្លះ​ អ៊ុយ​ក្រែន​ត្រូវ​តែ​វាយ​បក​ទៅ​វិញ​ខ្លះ​ៗ​ដែរ​។

កាល​ពី​សប្ដាហ៍​មុន, អ៊ុយ​ក្រែន​បាន​​បញ្ជូន​កង​ទ័ព​​ជា​ច្រើន​​ពាន់​នាក់​​​វាយ​ប្រហារ​​ឆ្លង​ព្រំ​ដែន​មួយ​ប្រាវ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ដណ្ដើម​បាន​​ទឹក​ដី​រុស្ស៊ី​​​មួយ​ផ្នែក។ កាល​នោះ​​​កង​ទ័ព​រុស្ស៊ី​កំពុង​តែ​ជាប់​ដៃ​វាយ​ប្រហារ​​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន និង​កំពុង​តែ​​ភ្លេច​ត្រចៀក​។ ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​​គោល​ដៅ​​ធំ​របស់​អ៊ុយ​ក្រែន​គឺ​ទៅ​ដណ្ដើម​យក​ទឹក​ដី​របស់​រុស្ស៊ី​ទេ​។ អ៊ុយ​ក្រែន​​ចង់​ធ្វើ​យ៉ាង​ណា​ឱ្យ​រុស្ស៊ី​រង​​ការ​ខូច​ខាត​​ជា​អតិ​បរមា​ និង​​​​ធ្វើ​ឱ្យ​រុស្ស៊ី​ជ្រួល​ច្របល់​ខ្លះ​​។

​​អ៊ុយ​ក្រែន​ចង់​ធ្វើ​ឱ្យ​រុស្ស៊ី​ភ្លឺ​ភ្នែក​ម្ដង​ថា​​ពួក​គេ​មិន​អាច​ការ​ពារ​ព្រំ​ដែន​របស់​ខ្លួន​បាន​ឡើយ​។​ ​​តាម​មើល​ទៅ​, រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​​ក៏​ភ្ញាក់​ផ្អើល​មិន​តិច​ទេ​​ក្រោយ​ការ​វាយ​ប្រហារ​នេះ​។ ប៉ុន្តែ​អ៊ុយ​ក្រែន​កុំ​ទាន់​អាល​សប្បាយ​ភ្លេច​ខ្លួន​ពេក​។ ​រុស្ស៊ី​កំពុង​ប្រមូល​កម្លាំង​ទ័ព​រួម​ជា​មួយ​​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទំនើប​ៗ​មាន​តាំង​ពី​​រថ​ក្រោះ យន្តហោះ កាំ​ភ្លើង​ធំ និង​យន្ត​ហោះ​ដ្រូន​ដើម្បី​ត្រៀម​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​ត្រឡប់​ទៅ​វិញ​​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​រុស្ស៊ី​​​ទទួ​លស្គាល់​ថា​អ៊ុយ​ក្រែន​​វាយ​​ចូល​ជ្រៅ​គួរ​សម​ដែរ​រហូត​ដល់​រាប់​សិប​គីឡូម៉ែត្រ​​ ខណៈ​ដែល​នៅ​តំបន់​ខ្លះ​ ពួក​គេ​ឈរ​ជើង​នៅ​លើ​ទឹក​ដី​រុស្ស៊ី​​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​។​ ​ក្រសួង​កា​រពារ​ជាតិ​រុស្ស៊ី​​​ប្រ​កាស​ថា​​​ខ្លួន​​ប្រើ​ប្រាស់​រថ​ពាស​ដែក​ដើម្បី​​ទប់​ទល់​នឹង​ចលនា​រុល​ទៅ​មុខ​របស់​កង​ទ័ព​អ៊ុយ​ក្រែន​​។ ក្រសួង​ទទួល​ស្គាល់​ថា​​​អ៊ុយ​ក្រែន​​ពិត​ជា​បាន​ចូល​កាន់​កាប់​ពី​២៥​ទៅ​៣០​គីឡូម៉ែត្រ​ពិត​មែន​នៅ​ក្នុង​តំបន់​ខ្លះ​​។

​ប្រតិ​កម្ម​តប​​​នឹង​​ការ​វាយ​ប្រហារ​​នេះ ប្រទេស​ចិន​​​អំពាវ​នាវ​ឲ្យ​គ្រប់​ភាគី​​​​ប្រកាន់​ខ្ជាប់​​គោល​ការណ៍​បី​យ៉ាង​ដើម្បី​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​គោល​ការណ៍​ទាំង​បី​នោះ​រួម​មាន៖ ទី១-​​មិន​ពង្រីក​ទី​តាំង​ឈរ​ជើង​, ទី២-មិន​ពង្រីក​សង្គ្រាម​ និង​​ទី៣-​មិន​យក​សាំង​ចាក់​ពី​លើ​ភ្លើង​ដែល​កំពុង​​ឆេះ​។ ប្រទេស​ចិន​នឹង​បន្ត​ពិភាក្សា​ជា​មួយ​សហ​គមន៍​អន្តរ​​ជាតិ​ និង​បន្ត​ដើរ​តួ​នាទី​បែប​ស្ថាបនា​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​ដំណោះ​​ស្រាយ​នយោ​បាយ​។

នៅ​ក្នុង​​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី បាន​រិះ​គន់​​​រុស្ស៊ី​ពី​បទ​បង្ក​អគ្គិ​ភ័យ​នៅ​បរិវេណ​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៃតំបន់​ហ្សា​ប៉ូរីហ្សៀ​ដែល​​​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​កង​ទ័ព​រុស្ស៊ី​។ ភាគី​ទាំង​២​កំពុង​តែ​ «សាច​ទឹក​ដាក់​គ្នា​»។ ​អ៊ុយ​ក្រែន​ចោទ​ថា​រុស្ស៊ី​ជា​អ្នក​ដុត​ភ្លើង​។ ចំណែក​រុស្ស៊ី​ចោទ​ថា​អ៊ុយ​ក្រែន​បាន​បាញ់​កាំ​ភ្លើង​ធំ​ចូល​បរិវេណ​រោង​ចក្រ​នោះ​​។

លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​កង​ទ័ព​រុស្ស៊ី​ដុត​ភ្លើង​ដើម្បី​​បង្ក​ការ​​ភ័យ​ខ្លាច​​ចំពោះ​អ៊ុយ​ក្រែន​។ ទី​ភ្នាក់​ងារ​អាតូមិច​អន្តរ​ជាតិ​ថ្លែង​ថា​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នោះ​មាន​សុវត្ថិ​ភាព​ជា​ធម្ម​តា​ និង​មិន​ទទួល​រង​​ផល​ប៉ះ​ពាល់​អ្វី​ទេ​។ ​ឥឡូវ​នេះ ​​អគ្គិភ័យ​បាន​​រលត់​ទៅ​វិញ​​​ទាំង​ស្រុង​ហើយ​។ នេះ​បើ​យោង​តាម​​ការ​ផ្សាយ​របស់គេ​ហ​ទំព័រ​​សោស​ឆាយ​ណា ​ម៉ន​នីង ​ប៉ុស្តិ៍​(South China Morning Post)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ