ប្រទេសបារាំង ៖ យោងតាមប្រភពពីសារព័ត៌មានអឺរ៉ុប Euronews នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានរាយការណ៍ ដោយផ្អែកតាមរបាយការណ៍ធនាគារកណ្តាលបារាំងបានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសបារាំង នៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ ចាប់ពីខែកក្កដារហូតដល់កញ្ញា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាផ្នែកនយោបាយ នៅតែបន្តថ្លឹងថ្លែងខ្លាំងលើទីផ្សារភាគហ៊ុនរបស់ប្រទេសមួយនេះ។

ប្រភពពី Euronews ដែលមានទីស្នាក់ការនៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានបន្តទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់ជាផ្លូវការ កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន ហើយលោកស្រី Olivia Grégoire រដ្ឋមន្ត្រីក្រសួងទេសចរណ៍បារាំងលើកឡើងថា សេដ្ឋកិច្ចប្រទេសបារាំង ហាក់ដូចជាទទួលបានការជំរុញពីលំហូរនៃអ្នកទស្សនា និងការកើនឡើងនៃការចំណាយក្នុងវិស័យដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងសារមន្ទីរ ជាដើម។
លោកស្រីបានប្រាប់កាសែតបារាំង La Tribune Dimanche ថា ការចំណាយលើសណ្ឋាគារក្នុងទីក្រុងនានា ដែលរៀបចំការប្រកួតអូឡាំពិកបានកើនឡើង ១៦% បើធៀបនឹងឆ្នាំមុន ខណៈដែលការលក់ទាក់ទងនឹងទេសចរណ៍នៅសារមន្ទីរ និងភោជនីយដ្ឋានបានកើនឡើង ២៥% បើធៀបនឹងឆ្នាំមុន។

ការស្ទង់មតិតាមស្ថាប័នជាច្រើនបានបង្ហាញថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ត្រូវបានកំណត់ថានឹងជំរុញសេដ្ឋកិច្ចបារាំងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ៣ ដែលលើសពីភាពមិនប្រាកដប្រជាផ្នែកនយោបាយ ដែលបានកើតឡើងនៅចុងខែមិថុនាកន្លងទៅ។ ធនាគារកណ្តាលបារាំងរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចចន្លោះពី ០.៣៥% ទៅ ០.៤៥% សម្រាប់ត្រីមាសទី ៣ ធៀបនឹងការកើនឡើង ០.៣% កាលពីត្រីមាសទី ២ ។ នេះបង្ហាញថារហូតដល់ ០.២៥% នៃកំណើនអាចបានមកកីឡាអូឡាំពិកឆ្នាំនេះ ជាមួយនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចភាគច្រើនត្រូវបានជំរុញដោយការលក់សំបុត្រ និងសិទ្ធិផ្សាយទូរទស្សន៍។

កាលពីខែកក្កដាកន្លងទៅ វិទ្យាស្ថានស្ថិតិជាតិបារាំង INSEE បានព្យាករណ៍ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងរួមចំណែក ០.៣% ដល់កំណើនសេដ្ឋកិច្ចបារាំងនៅក្នុងត្រីមាសទី៣ ដោយអាចនាំមកនូវកំណើនសរុបរហូតដល់ ០.៥%។ បន្ថែមពីលើនេះទៀត ទិន្នន័យអំពីទិដ្ឋាការក៏បានបង្ហាញថា ការចំណាយរបស់អ្នកដំណើរបានកើនឡើងជាង ២០% នៅក្នុងអំឡុងពេលចុងសប្តាហ៍ដំបូងនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ដោយការចំណាយទាក់ទងនឹងកីឡាអូឡាំពិករបស់ជនបរទេសបានកើនឡើង ២៩%។
ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលពេញលេញនៃការទទួលផលពីកីឡាអូឡាំពិកឆ្នាំនេះ នៅតែមិនទាន់ប្រាកដប្រជាណាស់ណា ដោយសារតែបញ្ហាប្រឈមនយោបាយដែលកំពុងបន្ត។ លោក Olivier Garnier ប្រធានសេដ្ឋវិទូធនាគារកណ្តាលបារាំង បានកត់សម្គាល់ថា វានៅតែលឿនពេកក្នុងការមើលពីរបៀបដែលភាពមិនច្បាស់លាស់នេះ នឹងប៉ះពាល់ដល់ការសម្រេចចិត្តជួល និងការវិនិយោគ ដោយសំដៅលើជំហរនយោបាយទន់ខ្សោយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។
ទិន្នន័យចុងក្រោយអំពីសេដ្ឋកិច្ចបារាំង កាលពីថ្មីៗនេះ បានបង្ហាញថា ប្រទេសបារាំងបានបោះជំហានវិជ្ជមានក្នុងវិស័យសំខាន់ៗ ដោយអត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម ៧.៣% នៅក្នុងត្រីមាសទី២ ពី ៧.៥% កាលពីត្រីមាសទី១ នៃឆ្នាំនេះ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ អតិផរណាប្រចាំឆ្នាំក្នុងចំនួន ២.៣% ចាប់ពីខែមិថុនាដល់ខែកក្កដា ទាបជាងការព្យាករណ៍ ២.៤%។ ការវិវឌ្ឍន៍ទាំងនេះត្រូវបានមើលឃើញថា លទ្ធផលវិជ្ជមានមួយ សម្រាប់ប្រទេសសេដ្ឋកិច្ចធំទី២របស់អឺរ៉ុបមួយនេះ បើទោះបីជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ខាងនយោបាយយ៉ាងណាក៏ដោយ។

ទីផ្សារភាគហ៊ុនរបស់បារាំងនៅតែធ្លាក់ចុះ ដោយសារភាពមិនច្បាស់លាស់ផ្នែកនយោបាយដែលកំពុងបន្ត។ តួយ៉ាង សន្ទស្សន៍ CAC 40 បានធ្លាក់ចុះជិត ១០% ចាប់តាំងពីការបោះឆ្នោតសភាសហភាពអឺរ៉ុប នៅដើមខែមិថុនាកន្លងទៅ ខណៈដែលសន្ទស្សន៍ Euro Stoxx 600 បានធ្លាក់ចុះ ៥% នៅក្នុងរយៈពេលដូចគ្នានេះ។ វិស័យធនាគាររបស់បារាំងបានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយក្តីបារម្ភអំពីការផ្លាស់ប្តូរនយោបាយដែលមានសក្តានុពល និងផលប៉ះពាល់ទៅលើហិរញ្ញវត្ថុសាធារណៈ។
ទន្ទឹមនឹងនេះ ស្តុកទំនិញប្រើប្រាស់ប្រណីតៗរបស់បារាំង ក៏បានជួបការលំបាកផងដែរ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់មានការថយចុះ ជាពិសេសនៅក្នុងប្រទេសចិន។ ហើយការលក់ចេញក្នុងទីផ្សារពិភពលោកថ្មីៗនេះ បានដាក់សម្ពាធបន្ថែមទៀតដល់ភាគហ៊ុនបារាំង។ វិស័យដែលអាចទទួលបានអត្ថប្រយោជន៍ពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីប៉ារីស រួមមានភាគហ៊ុនក្រុមហ៊ុនទំនិញប្រណីតដូចជា LVMH, Hermès និង Kering ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ដូចជា Air Liquide និង Air France ៕


ចែករំលែកព័តមាននេះ