ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នី​យ​កម្ម​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ទិដ្ឋភាព​នៃ​ការ​អប់រំ​បាន​ផ្លាស់​ប្តូរ យ៉ាង​ខ្លាំង ហើយ​កំពុង​តែ​ដាក់​នូវ​សម្ពាធ និង​តម្រូវការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក លើ​ឪពុក​ម្តាយ​កម្ពុជា​នៅ​សម័យ​បច្ចុប្បន្ន ។ ការ​ផ្លាស់​ប្តូរ​នូវ​បរិបទ​នៃ​ការ​អប់រំ និង​និន្នាការ​សេដ្ឋកិច្ច​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ទាំង​ឧបសគ្គ​សេដ្ឋកិច្ច…

នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នី​យ​កម្ម​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ទិដ្ឋភាព​នៃ​ការ​អប់រំ​បាន​ផ្លាស់​ប្តូរ យ៉ាង​ខ្លាំង ហើយ​កំពុង​តែ​ដាក់​នូវ​សម្ពាធ និង​តម្រូវការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក លើ​ឪពុក​ម្តាយ​កម្ពុជា​នៅ​សម័យ​បច្ចុប្បន្ន ។

ការ​ផ្លាស់​ប្តូរ​នូវ​បរិបទ​នៃ​ការ​អប់រំ និង​និន្នាការ​សេដ្ឋកិច្ច​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ទាំង​ឧបសគ្គ​សេដ្ឋកិច្ច និង​ការ​រំពឹង​ទុក​របស់​សង្គម ដែល​ពេល​ខ្លះ​ឪពុក​ម្តាយ​ជា​ច្រើន​ពិបាក​អាច​នឹង​ទៅ​ដល់ ប៉ុន្តែ​ក៏​មាន​ឪពុក​ម្តាយ​ខ្លះ បាន​បន្ត​ប្តេជ្ញា​គ្រប់យ៉ាង ថ្វី​ត្បិត​តែ​ធនធាន​មាន​កម្រិត​ក៏​ដោយ​ក៏​នៅ​តែ​បន្ត​តស៊ូ​ព្យាយាម​បំពេញ​នូវ​តម្រូវការ ក្នុង​ការ​ផ្តល់​នូវ​អនាគត​ដ៏​ល្អ​បំផុត​សម្រាប់​កូន​របស់​ពួក​គេ ទោះបីជា​ត្រូវការ​លះបង់​ពេលវេលា និង​ធនធាន​ហិរញ្ញវត្ថុ​ក៏​ដូច​ជា ប្រាក់​សន្សំ​សម្រាប់​វ័យ​ចំណាស់​ក៏​ដោយ ។

ជា​ការ​ពិត​ទំហំ​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ពិតជា​ពិបាក​នឹង​សម្រេច​បាន​នូវ គោលបំណង​នេះ​ណាស់ ។ យោង​តាម​ទិន្នន័យ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ចំណូល​ជា​មធ្យម​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​ប្រទេស​ជា​ច្រើន​ទៀត ។ វិសមភាព​សេដ្ឋកិច្ច​នេះ​បាន​ដាក់បន្ទុក​យ៉ាង​ខ្លាំង​ដល់​ឪពុក​ម្ដាយ​ដែល​ខិតខំ​ជួយ​ដល់​ការ​សិក្សា​របស់​កូន​ៗ​ពួក​គេ ។ ការ​ចំណាយ​ទាក់ទង​នឹង​ការ​អប់រំ​បែប​ទំនើប​ទាន់សម័យ​និង​ទាន់​និន្នាការ​នៃ​សង្គម​មិន​ត្រូវ​បាន​កំណត់​ត្រឹមតែ​ចំពោះ​ថ្លៃ​សាលា​ប៉ុណ្ណោះ​ទេ ។ ឪពុក​ម្តាយ​គ្រប់​រូប ក៏​ត្រូវ​រ៉ាប់រង​រួម​បញ្ចូល​ការ​ចំណាយ​ជា​ច្រើន រួម​ទាំង​ឯកសណ្ឋាន សៀវភៅ ការ​ដឹក​ជញ្ជូន ហើយ​អ្វី​រិ​ត​តែ​ធ្ងន់ធ្ងរ​នោះ គឺ​ឧបករណ៍ និង​សម្ភារៈ​ឌី​ជី​ថ​ល និង​ការ​ចូល​ប្រើ​អ៊ីនធឺណិត រួម​ទាំង​ថ្លៃ​ឯកសារ​សិក្សា​។

តាម​គោលនយោបាយ​គាំពារ​ដោយ​រដ្ឋ ដែល​ផ្តល់​តាម​សាលា​អប់រំ​ចំណេះដឹង​ទូទៅ​នានា ដែល​គ្រប់គ្រង ដោយ​រដ្ឋ ឃើញ​ថា មាន​ភាព​រីក​ចម្រើន​ច្រើន​គួរសម​ដែរ​ទាក់ទង​នឹង​ការ​អប់រំ​តាម​បែប​ឌី​ជី​ថ​ល​នី​យ​កម្ម ហើយ​រដ្ឋ​ទទួលខុសត្រូវ​កាន់តែ​ច្រើន ប៉ុន្តែ​ប្រសិនបើ​មានការ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ជិតខាង អារម្មណ៍​របស់​ឪពុក​ម្តាយ​ជា​ច្រើន​មិន​ស្ងប់​នឹង​ការ​គាំពារ​នេះ​ទេ ហើយ​ព្យាយាម​ឈ្មុះឈ្មុល ធ្វើ​យ៉ាងណា ឲ្យ​កូន​ៗ​របស់​ពួក​គេ​រត់​ឲ្យ​ទាន់​នឹង​ពិភព​ខាងក្រៅ រហូត​ដល់​អ្នកខ្លះ​ភ្លេច​គិត​អំពី​សមត្ថភាព និង​លទ្ធភាព របស់​ខ្លួនឯង​ទៅ​ទៀត ។

នៅ​ក្នុង​យុគសម័យ​ដែល​អក្ខរកម្ម​ឌី​ជី​ថ​ល​បាន​ក្លាយទៅជា​មាន​ន័យ​ដូចនឹង​អក្ខរកម្ម​ជា​មូលដ្ឋាន ភាព​ចាំបាច់​សម្រាប់​ឧបករណ៍​ឌី​ជី​ថ​ល​ដូច​ជា ស្មា​ត​ហ្វូ​ន ថេ​ប្លេ​ត និង​កុំព្យូទ័រ​យួរដៃ គឺ​មិន​អាច​ប្រកែក​បាន ដែល​នោះ​ហើយ គឺជា​សម្ពាធ ។ លើស​ពី​នេះ ការ​ចូល​ប្រើ​អ៊ីនធឺណិត​ដែល​អាច​ទុកចិត្ត​បាន ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​រៀនសូត្រ ការ​ស្រាវជ្រាវ និង​ធនធាន​អប់រំ​ផ្សេង​ៗ គឺ​កាន់តែ​បន្ថែម ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​មួយ​កម្រិត​បន្ថែម​ទៀត ។ សម្រាប់​គ្រួសារ​កម្ពុជា​ជា​ច្រើន ការ​ចំណាយ​ទាំងនេះ​អាច​តំណាង​ឱ្យ​ផ្នែក​សំខាន់​នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ ដោយ​បង្ខំ​ឱ្យ​ឪពុក​ម្តាយបង្កើត​ជម្រើស​ដ៏​លំបាក​រវាង​តម្រូវការ​គ្រួសារ​សំខាន់​ៗ និង​ការ​វិនិយោគ​ផ្នែក​អប់រំ ។

ថ្វី​ត្បិត​តែ​ស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​បញ្ហា​ហិរញ្ញវត្ថុ​ទាំងនេះ​ក៏​ដោយ​ក៏​ឪពុក​ម្តាយ​ជា​ច្រើន​បាន​តស៊ូ​ក្រាញននៀល បង្ហាញ​នូវ​ភាព​ធន់ និង​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​ការ​សិក្សា​របស់​កូន​ៗ​ពួក​គេ ។ ពួក​គេ​ទទួលស្គាល់​ថា ការ​អប់រំ គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​បំបែក​វដ្ត​នៃ​ភាព​ក្រីក្រ និង​ធានា​បាន​នូវ​អនាគត​ដ៏​ភ្លឺស្វាង ។ ការ​យល់​ដឹង​នេះ​ជំរុញ​ឱ្យ​ពួក​គេ​ផ្តល់​អាទិភាព​ដល់​តម្រូវការ​អប់រំ​របស់​កូន​ពួក​គេ​ជាង​អ្វី​ៗ​ទាំងអស់ ។

នៅ​ពេល​នេះ​ប្រសិនបើ​រៀន​នៅ​សាលារៀន​ចំណេះ​ទូទៅ​នៅ​តាម​គ្រឹះស្ថាន​អប​រ់​រំ​រដ្ឋ​ឪពុក​ម្តាយ​នានា​អាច​ធូរស្បើយ​នឹង​ថ្លៃ​សិក្សា​ពីព្រោះ​រដ្ឋ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សិក្សា​នៅ​តាម​សាលា​ទាំងនោះ​ឡើយ ប៉ុន្តែ​ដោយសារ​តែ កត្តា​ខ្វះ​ទំនុកចិត្ត​ឪពុក​ម្តាយ​ខ្លះ​បាន​យក​កូន​ៗ​ពួក​គេ​ទៅ​រៀន​នៅ​សាលា​ឯកជន ហើយ​ការ​រៀន​នោះ​ទៀត នៅ​សម័យនេះ កុមា​រា និង​កុមារី​កម្រ​រៀន តែ​ភាសា​ខ្មែរ​ណាស់ គឺ​មាន​ភាសា​អង់គ្លេស​ថែម​ទៀត ។ រៀន​នៅ​សាលា​រដ្ឋ​មិន​អី​ទេ តែ​រៀន​នៅ​សាលា​ភាសា គឺ​ត្រូវ​តែ​ចំណាយ ។ ការ​រៀន​នៅ​សាលា​រដ្ឋ​មិន​អស់ប្រាក់ តែ​ក៏​នៅ​តែ​មានការ​រៀន​គួរ​បន្ថែម​ដែល​នោះ​ហើយ​ទាមទារ​ការ​ចំណាយ ។

សម្រាប់​ពលរដ្ឋ​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​មធ្យម នៅ​ពេល​នេះ​ប្រសិនបើ​ឪពុក​ម្តាយ​សម្រេចចិត្ត​ឲ្យ​កូន​រៀន​នៅ​សាលា​រដ្ឋ​អាច​ធូ​ស្រាល​ចំណាយ​បន្តិច ប៉ុន្តែ​ប្រសើ​ន​បើ​រៀន​សាលា​ឯកជន​ទៀត​ទាំង​ខ្មែរ​និង​ភាសា​អង់គ្លេស មួយ​ឆ្នាំ​មិន​ក្រោម​ពី​២០០០​ទៅ​៣០០០ ដុល្លារ​ឡើយ​នៅ​ក្នុង​មួយ​ឆ្នាំ ។ នេះ គឺ​សម្រាប់​តែ​ថ្លៃបង់​សិក្សា​តែ​មួយ​មុខ​គត់ ក្រៅពី​នោះ​គឺ​នៅ​មាន​ថ្លៃ​សៀវភៅ ថ្លៃ​សេវាកម្ម​ផ្សេង​ៗ​តាម​សាលា​មួយ​ឆ្នាំ​១០០​ដុល្លារ​ទៅ​២០០ ដុល្លារ បន្ថែម​តាម​នោះ​ទេ ។ នៅ​ក្នុង​ករណី​ដែល​កូន​ៗ​ពួក​គេ​រៀន​ខ្សោយ ហើយ​ត្រូវការ​បំប៉ន​បន្ថែម គឺ​មាន​ករណី​ជួល​គ្រូ បង្រៀន​តាម​ផ្ទះ ដែល​មួយ​មុខ​វិជ្ជា​មិន​ក្រោម​១០០ ដុល្លារ​នោះ​ទេ នៅ​ក្នុង​មួយ​ខែ​។ ហើយ​នៅ​ក្នុង​ករណី​រៀន​បំប៉ន​មុខ​វិជ្ជា សំខាន់​ៗ​នៅ​សាលា​ដែល​បើក​មួយ​ចំនួន​សម្រាប់​២​មុខ​វិជ្ជា​១៤០ ដុល្លារ បើ​ត្រូវ​រៀន​៤​មុខ​វិជ្ជា គឺ​ដល់​២៨០​ដុល្លារ​នៅ​ក្នុង​មួយ​ខែ ដូច្នេះ​នៅ​ក្នុង​មួយ​ឆ្នាំ គឺ​ត្រូវ​ចំណាយ​បន្ថែម​ពី​គឺ​ត្រូវ​ចំណាយ​ជាង​១.៦០០ ទៅ​៣.៣០០ ដុល្លារ​ឬ​លើស​ពី​ហ្នឹង​បន្ថែម​ទៀត​នៅ​ក្នុង​មួយ​ឆ្នាំ ។ ដូច្នេះ គ្រាន់តែ​ថ្លៃ​សិក្សា​ត្រួស​ៗ​ឪពុក​ម្តាយ​ម្នាក់​ៗ​ត្រូវ​រ៉ាប់រង​ការ​ចំណាយ​អាច​លើស​៥០០០​ដុល្លារ នៅ​ក្នុង​មួយ​ឆ្នាំ ។

ទោះជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​ក៏​ដោយ​ពលរដ្ឋ​ក៏​នៅ​កម្ពុជា​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ធានា​ថា កូន​របស់​ពួក​គេ​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព ។ ពួក​គេ​ធ្វើការ​ច្រើន​កន្លែង ពង្រីក​ម៉ោង​ធ្វើការ និង​ចូលរួម​ក្នុង​ទម្រង់​ផ្សេង​ៗ​នៃ​កម្លាំង​ពលកម្ម​ក្រៅផ្លូវការ ដើម្បី​បង្កើត​មូលនិធិ​ចាំបាច់ ។ ការ​លះបង់ គឺ​អាច​យល់​បាន ដោយ​ឪពុក​ម្តាយ​ជា​ច្រើ ន​បាន​បោះបង់​ចោល​នូវ​វត្ថុ​ប្រណីត​ផ្ទាល់ខ្លួន ការ​ថែទាំ​សុខភាព និង​សូ​ម្បី​តែ​អាហារ​ដើម្បី​បែងចែក​ធនធាន​សម្រាប់​ការ​សិក្សា​របស់​កូន​ៗ​ពួក​គេ ។ ការ​ស្វែងរក​ឱកាស​សិក្សា​ដោយ​មិន​ឈប់​ឈរ​នេះ​សម្រាប់​កូន​ៗ​របស់​ពួក​គេ បញ្ជាក់​ពី​តម្លៃ​ដ៏​ជ្រាលជ្រៅ​ដែល​ពួក​គេ​ដាក់​លើ​ការ​អប់រំ​។

សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព ពួក​គេ​ចេះ​តែ​បន្ត​ការ​ខំប្រឹង​ប្រែង​ដើម្បី​ផ្តល់​កូន​ៗ​របស់​ពួក​គេ ប៉ុន្តែ​វា គឺជា​ឧបសគ្គ ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្លះ ដែល​បង្កើត​ឲ្យ​មាន​វិសមភាព​ផ្នែក​អប់រំ ។ ឪពុក​ម្តាយ​ដែល​មិន​មាន​លទ្ធភាព ប្រឈម​មុខ​នឹង​បញ្ហា​បន្ថែម​ក្នុង​ការ​ផ្តល់​ឱ្យ​កូន​របស់​ពួក​គេ​នូវ​ឧបករណ៍​ដែល​ត្រូវការ ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​ពិភព​ឌី​ជី​ថ​ល​ដែល​កាន់តែ​ខ្លាំង​ឡើង ហើយ​រារាំង​ដល់​ការ​រីក​ចម្រើន​ផ្នែក​អប់រំ​របស់​កុមារ​ជា​ច្រើន​នៅ​តាម​ជនបទ និង​អ្នក​ដែល​មិន​មាន​លទ្ធភាព ។

បន្ថែម​ពីលើ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​ឌី​ជី​ថ​ល ឪពុក​ម្តាយ​កម្ពុជា​ប្រឈម​នឹង​សម្ពាធ​សង្គម​ក្នុង​ការ​ផ្តល់​នូវ​សម្ភារៈ​សម្រាប់​កូន​របស់​ពួក​គេ ។ ឥទ្ធិពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រៀបធៀប​មិត្តភក្តិ​អាច​នាំ​ឱ្យ​កុមារ​ប្រាថ្នា​ចង់បាន​របស់​លើស​ពី​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​ឪពុក​ម្តាយ ។ សម្ពាធ ដើម្បី​អនុលោម​តាម​ស្តង់ដារ​សម្ភារៈ​និយម​អាច​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​គ្រួសារ​កាន់តែ​តានតឹង និង​បង្កើត​ភាព​តានតឹង​បន្ថែម​សម្រាប់​ឪពុក​ម្តាយ​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​រួច​ហើយ ។

សរុប​មក​វិញ​រាល់​ការ​ប្តេជ្ញា​ចិត្ត ឪពុក​ម្តាយ​នៅ​កម្ពុជា​ក្នុង​ការ​ជួយ​ដល់​ការ​សិក្សា​របស់​កូន​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល គឺជា​ការ​លះបង់​ដ៏​ជ្រាលជ្រៅ​មួយ ។ ទោះបីជា​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដ៏​លំបាកលំបិន​នៅ​លើ​ថ្នាល​នៃ​ការ​អប់រំ​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល និង​ការ​តស៊ូ​ជាមួយ​សម្ពាធ​សង្គម​ដ៏​ធ្ងន់ធ្ងរ​ក៏​ឪពុក​ម្តាយ​ទាំងនេះ​នៅ​តែ​ប្រកាន់ខ្ជាប់​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​កូន​របស់​ពួក​គេ​។

ភាព​ធន់ និង​ការ​ប្តេជ្ញា​ចិត្ត​មិន​នឿយណាយ​របស់​ពួក​គេ គឺជា​សក្ខីភាព​មួយ​ចំពោះ​អំណាច​ដែល​ស្ថិតស្ថេរ​នៃ​សេចក្តី​ស្រឡាញ់​របស់​ឪពុក​ម្តាយ និង​សេចក្តី​ប្រាថ្នា​ជា​សកល​សម្រាប់​ថ្ងៃស្អែក​ដ៏​ភ្លឺស្វាង ។ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បន្ត​អភិវឌ្ឍ និង​ធ្វើ​ទំនើប​កម្ម​វា​ជា​ការ​ចាំបាច់​ដែល​អ្នក​បង្កើត​គោលនយោបាយ អ្នក​អប់រំ និង​សង្គម​ទាំងមូល​ទទួលស្គាល់ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​របស់​ឪពុក​ម្តាយ​ទាំងនេះ ដោយ​ធានា​ថា​កុមារ​គ្រប់​រូប​មានឱកាស​ជោគជ័យ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​គ្រប់​ៗ​គ្នា​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ