ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលាវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យដែលមានទីតាំងនៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានអាការៈដួលសន្លប់បន្តបន្ទាប់គ្នា រយ:ពីរថ្ងៃមានចំនួន២៥នាក់ ។

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យឲ្យដឹងថា ករណីនេះកើតឡើង នៅថ្ងៃទី០៩ និង១០ ខែសីហា សរុប គឺ២៥នាក់ (ប្រុស១នាក់)។ សិស្សរងគ្រោះទាំងនោះត្រូវបានលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ បានយកឡានដឹកទៅសង្គ្រោះបឋម នៅមណ្ឌលសុខភាពឃុំធ្លកវៀន ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ រដ្ឋបាលឃុំធ្លកវៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំធ្លកវៀន បានចុះជួយអន្តរាគមន៍ពិនិត្យស្ថានភាព ជាក់ស្តែងនៅមណ្ឌលសុខភាពឃុំធ្លកវៀន ។ ប៉ុន្តែដោយសារមណ្ឌលសុខភាព ពុំមានសម្ភារបរិក្ខាសង្គ្រោះគ្រប់គ្រាន់ទើបក្រុមការងារសម្រេចបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច តាមរយៈរថយន្តសង្គ្រោះ ។

ទាក់ទិនករណីខាងលើនេះ លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ករណីនេះជាចង្កោមរោគសញ្ញា(ផានិកភីសត) បានន័យថា ជាជម្ងឺជ្រួលច្របល់អារម្មណ៍ កើតចេញពីសិស្សម្នាក់បង្កឲ្យមានការដួលសន្លប់តគ្នា មិនមានរោគវិនិច្ឆ័យអ្វីពីនេះឡើយ ។

ក្រោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ស្រុក ជាពិសេសមានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នសិស្សមានអាការៈធូរស្រាល និងចាកចេញត្រឡប់ទៅផ្ទះវិញ ចំនួន១៤នាក់ហើយ ដោយឡែក សិស្សស្រីចំនួន១១នាក់ទៀត បន្តការថែទាំព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ៕



ចែករំលែកព័តមាននេះ