ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ (KTV LONGPHI) មួយកន្លែងដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមបន្ទប់) ដែលមានទីតាំងស្ថិតនៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមមន្ត្រីនគបាលខេត្តបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដោយមានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានចុះទៅដល់ទីតាំងខារ៉ាអូខេ មួយកន្លែងដែលមានស្លាកយីហោ(KTV LONGPHI)ឃាត់ខ្លួនជនសង្ស័យ១០នាក់ក្នុងនោះជនជាតិវៀតណាម០៩នាក់ស្រី០១នាក់និងជនជាតិចិន០១នាក់ប្រុស និងដកហូតអាវុធខ្លី១ដើមនិងគ្រឿងញៀន០១ចំនួន។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលបន្ទុកផែនការងាប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត បានប្រាប់អ្នកសារព័ត៌មានយើង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៩នាក់ ស្រី០១នាក់ និងជនជាតិចិនតៃវ៉ាន់០១នាក់។ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូត និងចាប់យកសម្ភារវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖
ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៣កញ្ចប់ (ធំ០៥កញ្ចប់), ថ្នាំគ្រាប់ពណ៌លឿងប្រភេទអុិចស្តាសុី ចំនួន៣៧គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទអុិចស្តាសុីចំនួន៨១គ្រាប់, រុក្ខជាតិក្រៀម០១កញ្ចប់, ជញ្ជីថ្លឹងថ្នាំញៀន ០១គ្រឿង, អាវុធខ្លី០១ដើម(ម៉ាកK54)បង់០១ គ្រាប់១៩គ្រាប់, ទូរសព្ទ័ដៃ ១៣ គ្រឿង, រថយន្ត០២គ្រឿង, ម៉ូតូ០១គ្រឿង, លិខិតឆ្លងដែន០៦ ក្បាល, កុំព្យូទ័រ០១គ្រឿង ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕
ចែករំលែកព័តមាននេះ