ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ដួល​រលំ​របស់​របប​លោកស្រី ស៊ិ​ក ហា​ស៊ី​ណា (Sheikh Hasina) កាលពី​ថ្ងៃ​ទី ០៥ ខែសីហា ឆ្នាំ​២០២៤ ត្រូវ​បាន​អ្នកប្រឆាំង​មួយ​ចំនួន…

​ការ​ដួល​រលំ​របស់​របប​លោកស្រី ស៊ិ​ក ហា​ស៊ី​ណា (Sheikh Hasina) កាលពី​ថ្ងៃ​ទី ០៥ ខែសីហា ឆ្នាំ​២០២៤ ត្រូវ​បាន​អ្នកប្រឆាំង​មួយ​ចំនួន ព្យាយាម​ទាញ​ភ្ជាប់​មក​នឹង​កម្ពុជា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ស្ថានភាព​នៅ​បង់​ក្លា​ដេ​ស​និង​កម្ពុជា​ខុស​គ្នា​។ ដូច្នេះ ការ​ប៉ុនប៉ង​ចម្លង​រឿង​នៅ​បង់​ក្លា​ដេ​ស​អោយ​កើត​មាននៅ​កម្ពុជា​នោះ វា​គឺជា​រឿង​មួយ​នឹង​មិន​អាច​ទៅ​រួច​ទេ​។ ប៉ុន្តែ វា​ជា​មេរៀន​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​តាម​របៀប​មួយ​ដែល​ត្រូវ​ធានា​អោយ​បាន​នូវ​សង្គម​ដ៏​យុត្តិធម៌​មួយ​ដែល​ប្រជាជន​ទាំងអស់​អាច​រស់នៅ​បាន​ស្រួល​ដូច​គ្នា​។

លោកស្រី ស៊ិ​ក ហា​ស៊ី​ណា ត្រូវ​បាន​គេ​ដឹង​ថា ជា​ស្ត្រី​ខ្លាំង​មួយ​រូប​នៅ​អាស៊ី​ដោយ​លោកស្រី​បាន​កាន់​អំណាច​ដល់​ទៅ​២០​ឆ្នាំ ដោយ​កាលពី​ឆ្នាំ​១៩៩៦ ដល់ ឆ្នាំ​២០០១ និង របូត​ដំណែង​អស់ ៨ ឆ្នាំ ប៉ុន្តែ​បាន​វិល​មក​វិញ​ដោយ​កណ្តាប់ដៃ​ដែក​ហើយ​គ្រប់គ្រង​ប្រទេស​ពី​ឆ្នាំ​២០០៩ រហូត​ដល់​ដួលរ​លំនៅ​ក្នុង​ខែសីហា ឆ្នាំ​២០២៤​ថ្មី​ៗ​នេះ ។

មេដឹកនាំ​បង់​ក្លា​ដេ​សរូប​នេះ​បាន​បាត់បង់​អំណាច​នៅ​ក្នុង​ប្រទេស ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៧០ លាន​នាក់ ហើយ​ម្នាក់​ៗ​មាន​ប្រាក់​ចំណូល​ប្រមាណ​ជា ២.៦៥០ ដុល្លារ នៅ​ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​ការ​រួម​បញ្ចូល​គ្នា​នៃ​កត្តាសេដ្ឋកិច្ច និង​នយោបាយ​។ ក្រោម​ការ​ដឹកនាំ​នៅ​ក្នុង​រយៈពេល​១៥ ឆ្នាំ​ចុង​ក្រោយ​ដែល ក្រុម​អ្នក​រិះគន់​ថា លោកស្រី​បាន​រៀបចំ​ពង្រឹង​អំណាច​ឆ្ពោះទៅ​រក​របប​ផ្តាច់​ការ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោកស្រី បាន​បរាជ័យ​នៅ​ក្នុង​ការ​ធានា​លំនឹង​និង​ភាព​ធន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​។

អ​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​បាន​កើត​ឡើងជា​បន្តបន្ទាប់​បណ្តាល​មក​ពី ការ​កើនឡើង​នៃ​អតិផរណា និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ជា​ច្រើន ដែល​ជាដើម​ចម រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​មិន​សប្បាយចិត្ត​ពលរដ្ឋ ។ ទំនិញ​សំខាន់​ៗ​ដូច​ជា អាហារ ឥន្ធនៈ និង​ជី មាន​តម្លៃ​ថ្លៃ​កាន់តែ​ខ្លាំង​ឡើង ដោយសារ​តែ​កត្តា​សកល ដូច​ជា​ជំងឺ​រាតត្បាត កូ​វី​ដ ១៩ និង​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​នេះ​បាន​​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ជា​ច្រើន​មានការ​ពិបាក ជា​ពិសេស​យុវជន​គ្មាន​ការងារ​ធ្វើ ដែល​នាំ​ឱ្យ​មានការ​ខកចិត្ត រហូត​ដល់​ផ្ទុះ​បាតុកម្ម​គ្រប់គ្រង​លែង​បាន បណ្តាល​ឲ្យ​លោកស្រី​ដួល​រលំ​បែប​នេះ ។

ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ជុំវិញ​បញ្ហា​កូតា​ការងារ ដោយសារ​តែ​ពលរដ្ឋ​និង​យុវជន​ជា​ច្រើន​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​តានតឹង ពេល​ស្ថានភាព​សេដ្ឋកិច្ច​មិន​ប្រសើរ ហើយ​ស្រុត​ចុះ​ជា​បន្តបន្ទាប់ ។ ការ​មិន​សប្បាយចិត្ត​នេះ​ត្រូវ​បាន​ជំរុញ​បន្ថែម​ទៀត​ដោយ​ក្រុម​នយោបាយ​ប្រឆាំង​ដែល​ឆ្លៀត​យក​ឱកាស​ដើម្បី​ប្រជែង​និង​ព្យាយាម​ដណ្តើម​សិទ្ធិ​អំណាច​របស់ លោកស្រី​។

នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នៃ​មាគ៌ា​ឈាន​ទៅ​រក​អ្វី​ដែល​អ្នកវិភាគ​ហៅ​ថា ជា​ការ​រៀបចំ​ខ្លួន​ឈាន​ទៅ រក​អំណាច​ផ្តាច់​ការ​នោះ លោកស្រី ស៊ិ​ក ហា​ស៊ី​ណា មាន​ប្រវត្តិ​នៃ​ការ​គាបសង្កត់​ក្រុមប្រឆាំង ដែល​នាំ​ឱ្យ​មានការ​ចោទប្រកាន់​ពី​ការ​រំលោភសិទ្ធិ​មនុស្ស និង​កង្វះ​សេរីភាព​ប្រជាធិប​តេយ្យ​ ។ ការ​គាបសង្កត់​នេះ​បាន​បង្កើត​បរិយាកាស​នយោបាយ​ដែល​មានការ​ប្រែប្រួល​ដោយ​ក្រុមប្រឆាំង និង​សកម្មជន​។

ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី នៅ​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រព័ន្ធ​ប្រជាធិបតេយ្យ​កាន់តែ​ចុះ​ខ្សោយ ហើយ​បញ្ហា​កង្វះ​ការ​ចូលរួម និង​តម្លាភាព​នេះ​បាន​រួមចំណែក​ដល់​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ​ប្រកបដោយ​ប្រសិទ្ធភាព ។ កត្តា​ទាំងនេះ​រួម​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ស្ថានភាព​មួយ​ដែល​រដ្ឋាភិបាល​របស់ លោកស្រី​មិន​អាច​រក្សា​ការ​កាន់កាប់​អំណាច​របស់​ខ្លួន​បន្ត​បាន ដែល​នាំ​ឱ្យ​លោកស្រី​លាលែង​ពី​ដំណែង ចំ​ពេល​មានការ​កើនឡើង​នូវ​ភាព​ចលាចល និង​អ​ស្ថិរភាព​សេដ្ឋកិច្ច​។

ផ្អែក​តាម​ស្ថានភាព​នេះ សេដ្ឋកិច្ច​គឺជា​សរសៃឈាម​ដ៏​សំខាន់​នៃ​សេ្ថ​រ​ភាព​នៃ​អំណាច​របស់​របប​នីមួយ​ៗ ។ ប្រទេស​មួយ​ដែល​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មាន​សភាព​ផុយ​ស្រួយ ពលរដ្ឋ​ពិបាក​រក​គឺ​ពិតជា​មិន​អាច​ទ្រទ្រង់​អំណាច​បាន​ណាស់ ។ សេដ្ឋកិច្ច​គឺជា​ប្រព័ន្ធ​ដ៏​ស្មុគស្មាញ​ហើយ​តែងតែ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នឹង​ស្ថានភាព​នយោបាយ​នៅ​តំបន់​និង​សាកលលោក ។ ការ​វិវឌ្ឍន៍​ថ្មី​ៗ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ផ្តល់​នូវ​មេរៀន​ដ៏​គួរ​ឱ្យ​សោកសៅ​មួយ​សម្រាប់​មេដឹកនាំ​ដែល​កាន់​អំណាច​ឲ្យ​យកចិត្តទុកដាក់​បំផុត​នៅ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ ដែល​អាចរ​ស់បាន​សម​ស្រប​ទាំងអស់​គ្នា ។

លោកស្រី ស៊ិ​ក ហា​ស៊ី​ណា បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បង់​ក្លា​ដេ​សគឺ​ដោយសារ​តែ​លោកស្រី​ជា​មេដឹកនាំ​ដែល​នាំ​មក​នៅ​ការ​ប្រែប្រួល​នៃ​សេដ្ឋកិច្ច​នៅ​ដំណាក់កាល​ដំបូង ប៉ុន្តែ​អសមត្ថភាព​នៅ​ក្នុង​ការ​ទ្រោល​សភាព​ការ​សេដ្ឋកិច្ច និង ស្ថេ​រ​ភាព ហើយ​មិន​អាច ទប់ទល់​នឹង​សម្ពាធ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដែល​អូស​បន្លាយ ការ​កើនឡើង​អតិផរណា ទស្សនវិស័យ​សារពើពន្ធ​កាន់តែ​យ៉ាប់យ៉ឺន និង​ប្រជាជន​ដែល​ទទួល​បន្ទុក​កាន់តែ​ខ្លាំង​ឡើង​ដោយ​តម្លៃ​នៃ​ការ​រស់នៅ​កាន់តែ​ថ្លៃ គឺជា​ដើមចម​ដ៏​សំខាន់ ។

សភាពការណ៍​នៅ​កម្ពុជា​អាច​ខុស​គ្នា ពីព្រោះ​គោលនយោបាយ​សេដ្ឋកិច្ច​និង​គោលនយោបាយ​អ​ទិ​ភាព ព្រមទាំង​ចំណាត់ការ​នានា​គឺ​គណបក្សកាន់អំណាច​បាន​យក​រាស្ត្រ​ជា​ធំ ។ មក​ដល់​ពេល​នេះ​កម្ពុជា​ពិតជា ទទួល​រង​នូវ​ការ​រិះគន់​ពី​សហគមន៍​បរទេស​និង​សាធារណៈ​មតិ​ខ្លះ អំពី​ការ​រិ​ត​ត្បិត​សិទ្ធិ​សេរីភាព​និង​សិទ្ធិ នយោបាយ​របស់​ក្រុមប្រឆាំង ក៏​ពិតមែន ប៉ុន្តែ​សាធារណៈ​មតិ​ភាគច្រើន​នៅ​តែ​បន្ត​គាំទ្រ​។

តាម​រយៈ​ចំណាត់ការ​ឆ្លើយ​តប​នឹង​បញ្ហា​ជា​ច្រើន​ដែល​ពលរដ្ឋ​លើក​ឡើង មេដឹកនាំ​កម្ពុជា​តែងតែ​ស្តាប់​ខ្យល់ និង​ឲ្យ​តម្លៃ​នៅ​លើ​រាស្ត្រ សូ​ម្បី​តែ​រឿង​នៅ​លើ​បណ្តាញ​សង្គម ។ ថ្មី​ៗ​នេះ រឿង​ដ៏​រសើប​ណា​ដែល​លើក​ឡើង​អំពី ការ​បាត់បង់​ដី​នៅ​៤​ខេត្ត​គឺ​រតនៈគីរី មណ្ឌល​គី​រី ស្ទឹង​ត្រែង និង ក្រចេះ និង បញ្ហា​នៃ​ការ​សម្រេចចិត្ត​កសាង ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក៏​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​កាន់​អំ​ណាយ​យក​រាស្ត្រ​ជា​ធំ​ដែរ ដោយ ប្រកាស​យក​ការ​អនុវត្ត​គម្រោង​នេះ ជាដើម​ទុន​ទុកជា​ភស្តុ​តាង​ឆ្លើយ​តប​នឹង​កង្វល់​របស់​រាស្ត្រ​ឲ្យ​រាស្ត្រ​ចាំ​ដាក់​ពិន្ទុ​នៅ​ពេល​ដែល​គម្រោង​នេះ​បញ្ចប់​នៅ​ប្រមាណ​ជា៤ឆ្នាំ​ខាង​មុខ ។

របៀប​ដែល​កម្ពុជា​ដឹកនាំ គឺ​ជ្រើសរើស​ការ​សម្រេចចិត្ត​ចេញពី​រាស្ត្រ​គឺ​ដើម្បី​ពន្លត់​អ្វី​ដែល​ជា​កង្វល់​របស់​រាស្ត្រ ។ គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​មក​តាំងពី​ឆ្នាំ​១៩៧៩ មក​ដល់​ពេល​នេះ​នៅ​តែ​រក្សា​ភាព​ខ្លាំង​គឺ ដោយសារ​តែ​គណបក្ស​នេះ​យក​មូលដ្ឋាន​សេដ្ឋកិច្ច​ជា​ធំ ហើយ​សូ​ម្បី​តែ​នៅ​ក្នុងអំឡុងពេល​កូ​វី​ដ ១៩ ក៏ រដ្ឋាភិបាល​បាន​សម្រេច​យក​រាស្ត្រ​ជា​ធំ ហើយ​អាច​ទ្រទ្រង់​សភាពការណ៍​បាន ហើយ​មក​ដល់​ពេល​នេះ ទោះបីជា ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​ព​ន្ត​រអ៊ូរទាំ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ប៉ុន្តែ​កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ពី​អវិជ្ជមាន​នៅ​ពេល​កូ​វី​ដ មក ៦ ភាគរយ​នៅ​ពេល​នេះ ។ មូលដ្ឋាន​នៃ​ប្រាក់​ចំណូល​រាស្ត្រ​ខ្លះ​បាន​ត្រូវ​កាត់​ផ្តាច់​មែន ប៉ុន្តែ​រដ្ឋាភិបាល​តែងតែ​ខិតខំ​រក្សា​ស្ថេ​រ​ភាព ហើយ​ប្រកាន់​នូវ​វិធាន​សេដ្ឋកិច្ច​ដែល​អាច​បង្ហូរ​ការងារ​ថ្មី​ចូល​ទៅ​ក្នុង​សង្គម​និង​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​ជា​បន្តបន្ទាប់​។

សរុប​មក​វិញ​រឿង​បង់​ក្លា​ដេ​ស​គឺជា​បញ្ហា​នៅ​បង់​ក្លា​ដេ​ស ស្ថានភាព​វា​ខុស​គ្នា ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ មិនមែន​ត្រឹមតែ​បទ​ពិសោធន៍​នៅ​បង់​ក្លា​ដេ​ស​តែ​មួយ​នោះ​ទេ នៅ​ប្រទេស​ផ្សេង​ក៏​ដូច​គ្នា ។ បញ្ហា​នៃ​ការ​ដួល​រលំ​នៃ​ស្ថាប័ន​នយោបាយ​ជា​ទូទៅ​គឺ​កើតឡើង​ដោយសារ​តែ​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​។ ដូចនេះ​ការ​ដាក់​ចេញ​និង​រិះរក​គោលនយោបាយ​ដែល​មាន​ភាព​បត់បែន​បាន​រហ័ស​និង​ជោគជ័យ គឺ​ចាំបាច់​ត្រូវ​តែ រិះគិត ។

ប្រទេស​កាលណា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អ​ស្ថិរភាព​សេដ្ឋកិច្ច​ហើយ រាស្ត្រ​អាច​នឹង​ធ្វើ​អ្វី​ៗ​គ្រាប់​យ៉ាង ប៉ុន្តែ​ប្រសិនបើ ប្រទេស​មាន​សេដ្ឋកិច្ច​មាន​សេ្ថ​រ​ភាព​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​សមរម្យ ទំនិញ​មិន​ឡើងថ្លៃ ជីវភាព​ប្រជាជន​កែ​លម្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទោះជា​កាន់​អំណាច​ប៉ុន្មាន​ឆ្នាំ​ក៏​ពលរដ្ឋ​មិន​ទៅ​ឈឺក្បាល ដែរ សំខាន់​គឺ​ត្រូវ​តែ​យើង​រស់ គេ​ក៏​រស់ បើ​យើង​ហ៊ឺហារ គេ​ក៏​អាច​ហ៊ឺហារ ឫ​សមរម្យ​នឹង​គេ​បាន​បាន​យើង​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរអង្វែង​។ នៅ​ចុងបញ្ចប់​យើង​អាច​បំ​ព្រួញ​សម្តី​មក​ត្រឹម​ពាក្យ​ថា «ប្រជាជន​ពិបាក​រស់ រដ្ឋាភិបាល​ក៏​ពិបាក​ឈរជើង​ដែរ​។ ដង្ហើម​រាស្ត្រ​ជា​ដង្ហើម​របស់​រដ្ឋាភិបាល​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ