ប្រទេសម៉ាឡេស៊ី ៖ លោកស្រី Hannah Yeoh រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសម៉ាឡេស៊ី បានទទួលការរិះគន់ពីសំណាក់ប្រជាជនម៉ាឡេស៊ីតាមអ៊ីនធឺណិត បន្ទាប់ពីលោកស្រីបានបង្ហោះរូបថតជាមួយកីឡាករវាយសីថៃ Kunlavut Vitidsarn ដែលជាកីឡាករទមា្លក់កីឡាករម៉ាឡេស៊ី Lee Zii Jia នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
ប្រភពពីសារព័ត៌មានម៉ាឡេស៊ី The Star និងសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា លោកស្រី Hannah Yeoh រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី បានបង្ហោះរូបជាមួយនឹងកីឡាករ Kunlavut នៅលើបណ្តាញសង្គម Instagram របស់លោកស្រីតែប៉ុន្មានថ្ងៃ ក្រោយកីឡាករថៃរូបនេះ បានផ្តួលកីឡាករម៉ាឡេស៊ី Zii Jia នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាឯកត្តជន។ ប៉ុន្តែកីឡាករថៃវ័យ២៣ឆ្នាំរូបនេះ ឈ្នះត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយចាញ់កីឡាករដាណឺម៉ាក Viktor Axelsen នៅវគ្គផ្តាច់ព្រ័ត្រ។ ដ្បិតកីឡាករម៉ាឡេស៊ី Lee Zii Jia ឈ្នះមេដាយសំរឹទ្ធ ក្រោយឈ្នះកីឡាករឥណ្ឌា Lakshya Sen។
នៅក្នុងការបង្ហោះរូបជាមួយ Kunlavut រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ីវ័យ៤៥ឆ្នាំរូបនេះ បានអបអរសាទរដល់កីឡាករថៃ ដែលបានឈ្នះមេដាយប្រាក់។ ដោយ បានសរសេរថា «ខ្ញុំចូលចិត្តក្បាច់វាយសីរបស់គេខ្លាំងណាស់ ស្ងប់ស្ងាត់ហើយទទួលបានផល។ គេមានអ្នកគាំទ្រថ្មី នៅក្នុងខ្ញុំ!»។ ការបង្ហោះរបស់លោកស្រីមិនសំដៅលើកីឡាករ Kunlavut ទម្លាក់កីឡាករជាតិខ្លួននោះទេ ប៉ុន្តែគ្រាន់តែអបអរកីឡាករថៃដែលឈ្នះមេដាយប្រាក់ នៅក្នុងនាមលោកស្រីជាអ្នកគាំទ្រម្នាក់តែប៉ុណ្ណោះ។
ទោះយ៉ាងណា ការបង្ហោះរបស់លោកស្រី Hannah Yeoh បានកំពុងទាក់ទាញមតិរិះគន់ និងការខឹងសម្បារពីប្រជាជនម៉ាឡេស៊ីដូចទឹកបាក់ទំនប់ ដោយភាគច្រើននៃមតិអ្នករិះគន់បានហៅការបង្ហោះនោះថា មិនសមរម្យទាល់តែសោះ។ មតិមួយថា «នេះឬជារបៀបដែលរដ្ឋមន្ត្រីយុវជន និងកីឡាប្រព្រឹត្ត? មិនស្នេហាជាតិទាល់តែសោះ»។
ចំណែកមតិមួយទៀតលើកឡើងថា «Yeoh មិនគួរភ្លេចតួនាទីផ្លូវការរបស់ខ្លួនពេលនៅប៉ារីសសោះ»។ មតិមួយទៀតក៏បានលើកឡើងថា «អ្នកបានទៅទីនោះ ដោយសារអ្នកជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី។ អ្នកគួរមានការយល់ពីទឹកចិត្តខ្លះចំពោះអត្តពលិករបស់យើង ឬការខ្មាស់អៀនខ្លះ»។ មតិផ្សេងទៀតបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ីរូបនេះ គួរតែមានសីលធម៌ល្អជាងនេះ។
យ៉ាងណាមិញ ក៏មានមតិមួយចំនួនលើកឡើងការពារលោកស្រី Hannah Yeoh ផងដែរ ដោយពួកគេលើកឡើងថា «គាត់គ្រាន់តែបង្ហាញអំពីភាពស្និទ្ធស្នាល និងមិត្តភាពកីឡាប៉ុណ្ណោះ។ ហើយវាពិតជាគួរឱ្យសោកស្តាយណាស់ ដែលយើងបានឃើញមតិអវិជ្ជមានជាច្រើននៅពេលដែលការបង្ហោះនេះ គ្រាន់តែអបអរភាពជោគជ័យគូប្រកួតរបស់យើង ដែលជាការផ្លាស់ប្តូរដើម្បីបង្ហាញពីភាពរួសរាយរាក់ទាក់ និងមិត្តភាព»៕ (ប្រភព ៖ The Star និង The Nation)
ចែករំលែកព័តមាននេះ