ប្រទេសបារាំង ៖ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លើប្រភេទកីឡាបាល់ទាត់វិញ្ញាសាបុរស និងនារី បានឈានដល់ការប្រកួតដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះតទៅ។
វិញ្ញាសាបុរស យុវជនអាយុក្រោម២៣ឆ្នាំ
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ អេហ្ស៊ីប នឹងត្រូវប៉ះ ម៉ារ៉ុក ដណ្តើមមេដាយសំរឹទ្ធ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stade de la Beaujoire នៅវេលាម៉ោង១០:០០នាទីយប់ ម៉ោងនៅកម្ពុជា។
មុនឈានដល់វគ្គនេះ អេហ្ស៊ីប ឈ្នះ២ និងស្មើ១ បញ្ចប់នៅកំពូលតារាងពូល C ដែលរួមមាន អេស្ប៉ាញ សាធារណរដ្ឋដូមីនីក និងអ៊ូសបេគីស្ថាន។ ក្រុមលោក Rogério Micale បានទម្លាក់ប៉ារ៉ាហ្គាយនៅវគ្គ៨ក្រុមចុងក្រោយ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៥-៤ បន្ទាប់ពីបញ្ចប់១២០នាទី ស្មើគ្នា ១-១។ ទោះយ៉ាងក្រុមរបស់គ្រូបង្វឹកជនជាតិប្រេស៊ីលដដែលមួយនេះ បានបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងម្ចាស់ផ្ទះបារាំងលទ្ធផល ៣-១ នៅម៉ោងបន្ថែម១៥នាទី២ដង។
ដោយឡែក ម៉ារ៉ុក ឈ្នះ២ និងចាញ់១ បញ្ចប់នៅកំពូលតារាងពូល B ដែលរួមមាន អាហ្សង់ទីន អ៊ុយក្រែន និងអ៊ីរ៉ាក់។ នៅ៨ក្រុមចុងក្រោយ ក្រុមលោក Tarik Sektioui បានទម្លាក់សហរដ្ឋអាមេរិក ក្រោយបំបាក់ដោយលទ្ធផល ៤-០។ ប៉ុន្តែបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់អេស្ប៉ាញលទ្ធផល ២-១។
នៅថ្ងៃទី៩ ខែឆ្នាំដដែល ម្ចាស់ផ្ទះបារាំង នឹងត្រូវប៉ះ អេស្ប៉ាញ ដើម្បីដណ្តើមមេដាយមាស ដែលធ្វើឡើងនៅកីឡដ្ឋាន Parc des Princes នៅវេលាម៉ោង ១១:០០នាទីយប់ ម៉ោងនៅកម្ពុជា។
ម្ចាស់ផ្ទះបារាំងមិនទាន់ស្គាល់ចាញ់នៅឡើយទេ ដោយបញ្ចប់នៅកំពូលតារាងពូល A ដែលរួមមាន សហរដ្ឋអាមេរិក នូវែលសេឡង់ និងហ្គីណេ។ នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមលោក Thierry Henry បានទម្លាក់ជើងខ្លាំងអាហ្សង់ទីននៅក្នុងលទ្ធផល ១-០ មុនពេលទម្លាក់អេហ្ស៊ីប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ងាកទៅអេស្ប៉ាញឯណេះវិញ ឈ្នះ២ និងចាញ់១ ឈរនៅលេខ ២ ពូល C។
ក្រុមលោក Santi Denia បានទម្លាក់ជប៉ុននៅវគ្គ៨ក្រុមចុងក្រោយ ដោយបំបាក់នៅក្នុងលទ្ធផល ៣-០ ហើយបន្តទម្លាក់ម៉ារ៉ុកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
វិញ្ញាសានារី
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ អេស្ប៉ាញ នឹងត្រូវប៉ះ អាល្លឺម៉ង់ ដណ្តើមមេដាយសំរឹទ្ធ ដែលធ្វើឡើងនៅកីឡដ្ឋាន Groupama នៅវេលាម៉ោង០៨:០០នាទីយប់ ម៉ោងនៅកម្ពុជា។
អេស្ប៉ាញមិនទាន់ស្គាល់ចាញ់នៅឡើយទេ ដោយបញ្ចប់នៅកំពូលតារាងពូល C ដែលរួមមាន ជប៉ុន ប្រេស៊ីល និង នីហ្សេរីយ៉ា។ នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមរបស់លោកស្រី Montserrat Tome បានទម្លាក់កូឡុំប៊ី តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤-២ ក្រោយចំណាយ១២០នាទីស្មើគ្នា ២-២។ ប៉ុន្តែពួកគេបានបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយចាញ់ក្រុមជើងខ្លាំងប្រេស៊ីល នៅក្នុងលទ្ធផល ៤-២។
អាល្លឺម៉ង់ឯណេះវិញ ឈ្នះ២ និងចាញ់១ ឈរនៅលេខ ២ ពូល B ដែលរួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី និងហ្សាំប៊ី។ ក្រុមលោក Horst Hrubesch ទម្លាក់ក្រុមការពារតំណែងជើងឯកកាណាដា នៅវគ្គ៨ក្រុមចុងក្រោយ តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤-២ ក្រោយបញ្ចប់១២០នាទី គ្មានគ្រាប់បញ្ចូលទីគ្នា។ ប៉ុន្តែបរាជ័យក្រោមថ្វីជើងក្រុមជើងខ្លាំងសហរដ្ឋអាមេរិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលទ្ធផល ១-០ នៅក្នុងម៉ោងបន្ថែម១៥នាទី ២ដង។
នៅថ្ងៃទី១០ ខែឆ្នាំដដែល ប្រេស៊ីល នឹងត្រូវប៉ះ សហរដ្ឋអាមេរិក ដណ្តើមមេដាយមាស ដែលធ្វើឡើងនៅកីឡដ្ឋាន Parc des Princes នៅវេលាម៉ោង១០:០០នាទីយប់ ម៉ោងនៅកម្ពុជា។
ប្រេស៊ីល ឆ្លងផុតវគ្គចែកពូលទាំងត្រដាបត្រដួសនៅក្នុងនាមក្រុមលេខ៣ល្អ ក្រោយឈ្នះ១ និងចាញ់២ នៅក្នុងពូល C ។ ប៉ុន្តែទោះយ៉ាងណា ក្រុមរបស់លោក Arthur Elias ស្តារមុខមាត់មកវិញ ដោយបានទម្លាក់ម្ចាស់ផ្ទះបារាំងនៅវគ្គ៨ក្រុមចុងក្រោយ ដោយយកឈ្នះលទ្ធផល ១-០ ហើយបន្តទមា្លក់អេស្ប៉ាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ងាកមក សហរដ្ឋអាមេរិកឯណេះវិញ មិនទាន់ស្គាល់ចាញ់នៅឡើយ ដោយបញ្ចប់នៅកំពូលតារាងពូល B។ នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមរបស់លោកស្រី Emma Hayes គ្រូបង្វឹកជនជាតិអង់គ្លេសមួយនេះ បានទម្លាក់ជប៉ុនទាំងដោយលទ្ធផល ១-០ នៅក្នុងម៉ោងបន្ថែម១៥នាទី ២ដង។ ហើយបន្តឈ្នះអាល្លឺម៉ង់ដោយលំបាកថែមទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ នៅម៉ោងបន្ថែម១៥នាទី ២ដង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅចាប់បដិសនិ្ធដំបូងនៅឆ្នាំ ១៨៩៦ ដែលរៀបចំរៀងរាល់៤ឆ្នាំម្តង។ ការប្រកួតវិញ្ញាសាបាល់ទាត់ផ្នែកបុរស លេចចេញរូបរាងដំបូងបង្អស់នៅឆ្នាំ ១៩០០ ពោលគឺមានរយៈពេល១២៤ឆ្នាំហើយ។ គិតមកទល់ពេលនេះ ប្រទេសហុងគ្រី និងចក្រភពអង់គ្លេសឈ្នះមេដាយមាសច្រើនជាងគេ ពោល៣សម័យកាលដូចគ្នា។
ការប្រកួតវិញ្ញាសាបាល់ទាត់ផ្នែកនារី ទើបលេចចេញរូបរាងនៅឆ្នាំ ១៩៩៦ ដែលមានរយៈពេលទើបតែ២៨ឆ្នាំប៉ុណ្ណោះ។ ហើយគិតមកទល់ពេលនេះ សហរដ្ឋអាមេរិក គឺជាក្រុមឈ្នះមេដាយច្រើនជាងគេ ពោលគឺ៤សម័យកាលហើយ៕
ចែករំលែកព័តមាននេះ