ប្រទេសបារាំង ៖ កីឡាកររត់ប្រណាំង ឈុន ប៊ុនថន គឺជាអត្តពលិកចុងក្រោយរបស់កម្ពុជា ដែលនឹងត្រូវធ្វើការប្រកួតប្រជែងនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ នៅថ្ងៃនេះផ្ទាល់តែម្តង។ ការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង១១និង៥៥នាទីព្រឹក ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង៤និង៥៥នាទីរសៀល ម៉ោងនៅកម្ពុជា។
គួរឱ្យដឹងថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៣រូប លើប្រភេទកីឡាអត្តពលកម្ម១រូប និងហែលទឹក២រូប ដែលចូលរួមនៅក្នុងលក្ខខណ្ឌសិទ្ធិអនុគ្រោះរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ដ្បិតអត្តពលិកហែលទឹកកម្ពុជា២រូប បានបញ្ចប់ភារកិច្ចរួចរាល់។
កីឡាករហែលទឹក កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងក្រុមទី២ ឬ Heat 2 លើវិញ្ញាសាសេរី ១០០ម៉ែត្រ ដោយបានប្រើថិរវេលា៥២.៩៥វិនាទី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ប៉ុន្តែទោះយ៉ាងណាកីឡាករខ្មែរ-បារាំងវ័យ១៨ឆ្នាំរូបនេះ ខកខានទៅវគ្គបន្ត ដោយបញ្ចប់ចំណាត់ថ្នាក់រួមទី ៦៧ នៅក្នុងចំណោមកីឡាករទាំងអស់៧៩នាក់។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវការកីឡាករចំណាត់ថ្នាក់ទី១ដល់ទី១៦។
ដោយឡែក កីឡាការិនីហែលទឹក សាក់ប៊ុន អប្សរា កាតារីណា បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ ក្នុងក្រុមទី៦ ឬ Heat ៦ វិញ្ញាសារហែលសេរី ៥០ម៉ែត្រ ដោយបានប្រើថិរវេលា ២៦.៩០វិនាទី កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កីឡាការិនីខ្មែរ-អាមេរិកវ័យ២៣ឆ្នាំរូបនេះ ខកខានទៅវគ្គបន្ត ដោយបញ្ចប់នៅចំណាត់ថ្នាក់រួមលេខ៣៨ នៅក្នុងចំណោមកីឡាការិនីទាំងអស់៧៩នាក់។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវការកីឡាការិនីចំណាត់ថ្នាក់ទី១ដល់ទី១៦។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ បានធ្វើពិធីបើកកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ។ ព្រឹត្តិការណ៍ដែលគ្រោងនឹងបិទនៅថ្ងៃទី១១ ខែសីហា ខាងមុខនេះ មានប្រជាជាតិចូលរួមចំនួន ២០៦ ដោយមានអត្តពលិកខសរុបចំនួន ១០,៥០០នាក់ ដែលប្រកួតប្រជែងកីឡា៣២ប្រភេទ លើវិញ្ញាសាសរុបចំនួន ៣២៩វិញ្ញាសា៕ (រូបភាព ៖ Chhun Bunthorn, សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation និង Olympic Cambodia)
ចែករំលែកព័តមាននេះ