ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​រៈ ដា​រ៉ា រួច​ផុត​ពី​ការ​ចោទប្រកាន់​ជុំវិញ​ទ​ង្វើ​រៀបចំ​លទ្ធផល​ទុកជា​មុន

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកចាំទី​ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា វី​រៈ ដា​រ៉ា មក​ដល់​ពេល​នេះ​ទទួល​បាន​នូវ​ភាព​ស្អាតស្អំ​វិញ​ហើយ បន្ទាប់​ពី​រង​ការ​សង្ស័យ​ប្រព្រឹត្ត​ទ​ង្វើ​រៀបចំ​លទ្ធផល​ទុកជា​មុន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ អ្នកចាំទី​ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា វី​រៈ ដា​រ៉ា មក​ដល់​ពេល​នេះ​ទទួល​បាន​នូវ​ភាព​ស្អាតស្អំ​វិញ​ហើយ បន្ទាប់​ពី​រង​ការ​សង្ស័យ​ប្រព្រឹត្ត​ទ​ង្វើ​រៀបចំ​លទ្ធផល​ទុកជា​មុន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​ព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅ​កីឡដ្ឋាន​ជាតិ​សិង្ហ​បុរី​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមីនា បាន​បញ្ជាក់​ថា «​ក្រោយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ធ្វើការ​តាមដាន និង​ស៊ើបអង្កេត​តាម​សមត្ថកិច្ច​ជំនាញ​រួចរាល់ និង​រួម​ផ្សំ​ដោយ​ការ​ស្រាវជ្រាវ​របស់​គណៈកម្មការ​សុច​រឹត​ភាព​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទៅ​តាម​នីតិវិធី​ជាក់លាក់ និង​ដោយ​ការ​យកចិត្តទុកដាក់ ជាមួយនឹង​អង្គភាព​ជំនាញ​ក្រៅប្រទេស​មួយ​ចំនួន​កន្លង​មក បាន​បង្ហាញ​លទ្ធផល​ជា​អវិជ្ជមាន​រួម​គ្នា​ថា កីឡាករ ជម្រើសជាតិ វី​រៈ ដា​រ៉ា ពុំ​មាន​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​ទាំង​អស់នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ កំហុស​ដែល​កើតឡើង​នា​ពេល​នោះ គឺជា​កំហុស​បច្ចេកទេស​នៃ​ការ​លេង​ដោយ​អ​ចេតនា​ប៉ុណ្ណោះ​»​។

ទោះបី​យ៉ាងណា សហព័ន្ធ​បាន​គូសបញ្ជាក់​ថា «​រាល់​ករណី​មន្ទិល​សង្ស័យ​ទាំងឡាយ​ណា ដែល​កើត​មាន​អំឡុង​ពេល​ដំណើរការ​នៃ​ការ​ប្រកួត សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​តែ​បន្ត​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បី​រក្សា​បាន​នូវ​សុច​រឹត​ភាព​នៅ​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​»​។

សូម​រំ​ឮ​កថា ក្នុង​ជំនួប​ពានរង្វាន់ ASEAN Championship Mitsubishi Electric Cup នៅ​កីឡដ្ឋាន​ជាតិ​សិង្ហ​បុរី ខាងលើ គឺ​កម្ពុជា បាន​ចាញ់​សិង្ហ​បុរី ២-១ ។ ២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ សុទ្ធតែ​កើត​ចេញពី​ការ​បញ្ជូន​មិន​បាន​ល្អ​របស់​អ្នកចាំទី វី​រៈ ដា​រ៉ា ត្រឹម​រយៈពេល​ប្រមាណ ១៦​នាទី​ប៉ុណ្ណោះ​។ ការ​របូត​គ្រាប់​បាល់​ដោយ​ងាយ​ៗ​នេះ ត្រូវ​បាន​មហាជន ពិសេស​អ្នកគាំទ្រ​ដាក់​ការ​សង្ស័យ​លើ វី​រៈ ដា​រ៉ា ថា ប្រព្រឹត្ត
ទ​ង្វើ​រៀបចំ​លទ្ធផល​ទុកជា​មុន នាំ​ឲ្យ​សហព័ន្ធ​បើក​ការ​ស៊ើបអង្កេត រហូត​ដល់​ថ្ងៃ​ទី​០៥ ខែមីនា​ឆ្នាំ​២០២៥ ទើប​ប្រកាស​លទ្ធផល​ថា វី​រៈ ដា​រ៉ា មិន​បាន​ប្រព្រឹត្ត​ទ​ង្វើ​ដូច​ការ​សង្ស័យ​នោះ​ឡើយ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ