ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Challenge League ៖ ម្ចាស់ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឬ​ភ្ញៀវ Shan United ជា​អ្នក​ឈ្នះ​នៅ​យប់​នេះ?

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Shan United នៅ​ក្នុង​ជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ AFC…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Shan United នៅ​ក្នុង​ជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ AFC Challenge League រដូវ​កាល ២០២៤-២៥ នៅ​វេលា​ម៉ោង​៧:០០​នាទី​យប់ ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៥​នេះ​។

មុន​ការ​ប្រកួត​កក្រើក​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នា​យប់​នេះ​ចូល​មក​ដល់ លោក Pep Munoz គ្រូបង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​មិន​បន្ធូរ​ដៃ និង​ដាក់​គោលដៅ​យកឈ្នះ​ក្រុម​ជើង​ខ្លាំង Shan United របស់​មី​យ៉ា​ន់​ម៉ា​មួយ​នេះ នៅ​ជំនួប​ជើង​ទី​១​ក្នុង​ដី​ខ្លួន មុន​ត្រឡប់​ទៅ​ទឹកដី​មី​យ៉ា​ន់​ម៉ា​វិញ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ ជើង​ទី​២​។

យ៉ាងណាមិញ ជំនួប​លើក​នេះ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ទទួលស្គាល់​ថា ខុស​គ្នា​ពី​ជំនួប​មុន​ក្នុង​ពានរង្វាន់ ASEAN Club Championship Shopee Cup រដូវ​កាល ២០២៤-២៥ កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ កន្លង​ទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​ក្រុម​លោក​យកឈ្នះ Shan United លទ្ធផល ៤​ទល់​នឹង​២ ព្រោះ​ជំនួប​មុន ជា​ប្រកួត​សន្សំ​ពិន្ទុ​វគ្គ​ចែក​ពូ​ល ប៉ុន្តែ​ជំនួប​នេះ ជា​ប្រកួត​ដណ្តើម​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ទោះ​យ៉ាងណា លោក​នៅ​តែ​មានការ​ជឿជាក់​ខ្លាំង​លើ​កូនក្រុម​។

ដោយឡែក លោក Ono Hiroki គ្រូបង្វឹក​ក្រុម Shan United ចាត់​ទុក​ការ​ប្រកួត​ទល់​នឹង​ស្វាយ​រៀង​ជា​ជំនួប​ដ៏​តានតឹង​បំផុត​មួយ ដោយ​លោក​បាន​ស្វែង​យល់​ច្រើន​ពី​របៀប​លេង​ក្រុម​ស្វាយ​រៀង ក៏​ដូច​ជា​ទម្រង់​លេង​លក្ខណៈ​បុគ្គល​ទាំង​កីឡាករ​បរទេស និង​កីឡាករ​ក្នុងស្រុក​។ ទោះ​យ៉ាងណា ក្រុម​លោក​បាន​យក​បទ​ពិសោធន៍​បរាជ័យ​លើក​មុន​ទល់​នឹង​ស្វាយ​រៀង ដើម្បី​ពង្រឹង​ក្រុម​តាម​រយៈ​ការ​រៀបចំ​ក្រុម​ជា​ថ្មី ព្រមទាំង​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន ហើយនឹង​ខំប្រឹង​ប្រែង​ឱ្យ​អស់ពី​លទ្ធភាព សម្រាប់​ការ​ប្រកួត​នេះ​។

គួរ​បញ្ជាក់​ថា ចំពោះ​ទីតាំង​ប្រកួត​ពានរង្វាន់​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ទទួល​បានការ​យល់ព្រម​ពី​សហព័ន្ធ​បាល់ទាត់​អាស៊ី AFC ដើម្បី​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ទឹកដី​របស់​ខ្លួន​។

សូម​ជម្រាប​ជូន​ថា ពានរង្វាន់​កម្រិត​ទ្វីប AFC Challenge League រដូវ​កាល ២០២៤-២៥ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC បែងចែក​ជា​២​តំបន់ គឺ តំបន់​ខាងកើត និង​តំបន់​ខាងលិច ដោយ​ប្រកួត​វគ្គ​ចែក​ពូ​ល​ទៅ​តាម​តំបន់​រៀងខ្លួន ដើម្បី​ចម្រាញ់​ក្រុម​បន្ត​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ រហូត​ដល់​រក​ឃើញ​មួយ​ក្រុម​មក​ពី​តំបន់​ខាងកើត និង​មួយ​ក្រុម​មក​ពី​តំបន់​ខាងលិច ដើម្បី​ទូទាត់​គ្នា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

វគ្គ​៨​ក្រុម​ចុង​ក្រោយ តំបន់​ខាងកើត ៖
-​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង (​កម្ពុជា​) ប៉ះ​ក្រុម Shan United (​មី​យ៉ា​ន់​ម៉ា​)
-​ក្រុម Tainan City (​ឆាយ​នី​ស​តៃប៉ិ​) ប៉ះ​ក្រុម Madura United (​ឥណ្ឌូ​ណេ​ស៊ី​)
វគ្គ​៨​ក្រុម​ចុង​ក្រោយ តំបន់​ខាងលិច ៖
-​ក្រុម Al-Arabi (​គុយ​វ៉ែត​) ប៉ះ​ក្រុម Al-Seeb (​អូ​ម៉​ង់​)
-​ក្រុម East Bengal (​ឥណ្ឌា​) ប៉ះ​ក្រុម Arkadag (​តួ​ក​ម៉េ​នី​ស្ថាន​)៕ រូបភាព ៖ Preah Khan Reach Svay Rieng FC

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ