បរទេស ៖ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ទីផ្សារដោះដូរកីឡាកររដូវក្តៅក្នុងលីគកំពូលៗរបស់អឺរ៉ុបបានបិទទ្វារជាផ្លូវការ ជាមួយការដោះដូរដ៏គួរឱ្យកត់សម្គាល់ជាច្រើននៃថ្ងៃចុងក្រោយនេះ។

ទោះជាយ៉ាងណាក៏ដោយ ការផ្ទេររបស់កីឡាករ Enzo Fernandez ពីក្លិប Chelsea ទៅចូលរួមជាមួយក្លិប Manchester City ជាមួយកុងត្រារហូតដល់ឆ្នាំ ២០៣១ បានក្លាយជាការផ្ទេរកក្រើកបំផុតថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ការផ្ទេរខ្សែបម្រើប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ២៥ឆ្នាំរូបនេះ នៅក្នុងតម្លៃខ្លួន ១២៥លានផោន ឬ ១៦៩លានដុល្លារអាមេរិក បានក្លាយជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស និងស្មើនឹងតម្លៃផ្ទេរខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត Alexander Isak ពីក្លិប Newcastle United ទៅចូលរួមជាមួយក្លិប Liverpool កាលពីរដូវក្តៅមុន។
ការផ្ទេរដ៏ទាក់ទាញនៅថ្ងៃចុងក្រោយមួយទៀត គឺខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus ដែលបញ្ចប់ការផ្ទេរពីក្លិប Arsenal ទៅចូលរួមជាមួយក្លិប Barcelona ក្នុងតម្លៃខ្លួនប្រហែល ១០លានអឺរ៉ូ ឬ ១១លានដុល្លារអាមេរិក ជាមួយកុងត្រារយៈពេល៣ឆ្នាំ។ ការផ្ទេរនេះបានកើតឡើងបន្ទាប់ពីក្លិបយក្សនៅអេស្ប៉ាញមួយនេះ បរាជ័យនាំយកខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Julian Alvarez ពីក្លិប Atletico Madrid។

ខាងក្រោមនេះ គឺជាការផ្ទេរទាំង ៥ មានតម្លៃថ្លៃបំផុត នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ៖
-ខ្សែបម្រើ Enzo Fernández (Chelsea-Man City) តម្លៃ ១៦៩លានដុល្លារអាមេរិក
-ខ្សែប្រយុទ្ធ Bradley Barcola (PSG-Liverpool) តម្លៃ ១៦៦លានដុល្លារ
-ខ្សែបម្រើប្រយុទ្ធ Morgan Rogers (Aston Villa-Chelsea) តម្លៃ ១៥៨លានដុល្លារ
-ខ្សែបម្រើ Elliot Anderson (Nottingham Forest-Man City) តម្លៃ ១៥៧លានដុល្លារ
-ខ្សែបម្រើ Sandro Tonali (Newcastle-Tottenham) តម្លៃ ១៣៥លានដុល្លារ
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ ការផ្ទេររបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ពីក្លិប Barcelona ទៅចូលរួមជាមួយក្លិប PSG នៅតែឈរជាផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ពោល ២២២ លានអឺរ៉ូ ឬ ២៥៧ លានដុល្លារអាមេរិក៕

ចែករំលែកព័តមាននេះ