ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់ក្លាដែស​រំលាយ​រដ្ឋ​សភា​ចោល​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​បណ្ដោះ​អាសន្ន

1 ខែ មុន

ទី​ក្រុង​ដាកា៖ ថ្ងៃ​នេះ ប្រធានា​ធិបតី​បង់ក្លាដែស​ប្រកាស​រំលាយ​រដ្ឋ​សភា​ដើម្បី​បើក​ផ្លូវ​ឱ្យ​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ និង​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​​ឡើង​វិញ​។ ​ខុទ្ទ​កាល័យ​របស់​ប្រធានា​ធិបតី​​មហា​មេត​ សាហា​ប៊ូឌីន (Mohamed Shahabuddin) ​ប្រកាស​ថា​​​លោក​​​​បាន​បញ្ជា​ឱ្យ​ដោះ​លែង​ប្រធាន​គណ​បក្ស​ប្រឆាំង​​គឺ​លោក​បេ​ហ្គំ ខាលីដា…

ទី​ក្រុង​ដាកា៖ ថ្ងៃ​នេះ ប្រធានា​ធិបតី​បង់ក្លាដែស​ប្រកាស​រំលាយ​រដ្ឋ​សភា​ដើម្បី​បើក​ផ្លូវ​ឱ្យ​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ និង​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​​ឡើង​វិញ​។ ​ខុទ្ទ​កាល័យ​របស់​ប្រធានា​ធិបតី​​មហា​មេត​ សាហា​ប៊ូឌីន (Mohamed Shahabuddin) ​ប្រកាស​ថា​​​លោក​​​​បាន​បញ្ជា​ឱ្យ​ដោះ​លែង​ប្រធាន​គណ​បក្ស​ប្រឆាំង​​គឺ​លោក​បេ​ហ្គំ ខាលីដា ហ្ស៊ីអា (Begum Khaleda Zia) ដែល​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​បង់​ក្លា​ដែស​ និង​ជា​គូ​ប្រជែង​​របស់​​​​លោកស្រី​ហាស៊ីណា​តាំង​ពី​ច្រើន​ទស​វត្ស​មក​ហើយ​​។

ប្រធានា​ធិបតី​បង់ក្លាដែស

កាល​ពី​មុន​នេះ ក្រុម​ចលនា​និស្សិត​ដែល​ហែ​បាតុកម្ម​នោះ​​បាន​ទាម​ទារ​ឱ្យ​រំលាយ​រដ្ឋ​សភា​ចោល​។ បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​ចលនា​បាតុកម្ម​កាន់​តែ​ខ្លាំង​។ អំពើ​ហិង្សា​រយៈ​ពេល​ប៉ុន្មាន​អាទិត្យ​​​ចុង​ក្រោយ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រហែល​បី​រយ​នាក់​។ ថ្ងៃ​នេះ​គេ​ឃើញ​ថា​សភាព​ការណ៍​​រាង​ស្ងប់​ស្ងាត់​ជាង​ម្សិល​មិញ​។ នៅ​តាម​ដង​វិថី​នានា​មិន​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ប៉ុន្មាន​ទេ​។ ចំណែក​សាលា​រៀន និង​ហាង​លក់​ទំនិញ​ភាគ​ច្រើន​នៅ​តែ​​បន្ត​បិទ​ទ្វារ​។

នៅ​ពេល​កម្លាំង​នគរ​បាល​អវត្ត​មាន​ពី​កន្លែង​ភ្លើង​ស្តុប​ គេ​ឃើញ​ថា​​ពួក​និស្សិត​ចេញមក​សម្រួល​ចរាចរណ៍​នៅ​តាម​ផ្លូវ​កែង​វិញ​ម្ដង​​។ លោក​មហាមេត​ នូ (Mohammad Nur) ជា​និស្សិត​មហា​វិទ្យាល័យ​វ័យ​២០​ឆ្នាំ​ប្រាប់​ថា​យើង​មិន​បាន​ឃើញ​នគរ​បាល​ចរាចរណ៍​ចេញ​មក​បំពេញ​ការ​ងារ​ទេ​​​តាំង​ពី​ល្ងាច​ម្សិល​មិញ​។ ដូច្នេះ យើង​ក៏​សម្រេច​​​ចេញ​មក​​​​សម្រួល​ចរាចរណ៍​ជំនួស​ពួក​គេ​​ដើម្បី​ឱ្យ​​មនុស្ស​អាច​ធ្វើ​ដំណើរ​តាម​សម្រួល​។

រោង​ចក្រ​កាត់​ដេរ​នៅ​តែ​បន្ត​បិទ​ទ្វារ​ដោយ​ឥត​កំណត់​ពេលវេលា​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​។ នេះ​បើ​យោង​​តាម​​សេច​ក្ដី​ប្រកាស​​​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​។ រោង​ចក្រ​កាត់​ដេរ​នៅ​បង់​ក្លា​ដែស​លក់​សំលៀក​បំពាក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​យីហោ​ល្បី​ៗ​នៅ​លើ​ពិភព​លោក​ ហើយ​រោង​ចក្រ​កាត់​ដេរ​ក៏​ជា​ដង្ហើម​សេដ្ឋ​កិច្ច​ដ៏​សំខាន់​របស់​ប្រទេស​មួយ​នេះ​ផង​ដែរ​។ ​

ការ​សម្រេច​ចិត្ត​របស់​ប្រធានា​ធិបតិ​បង់ក្លាដែស​ក្នុង​ការ​រំលាយ​រដ្ឋ​សភា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​​រវាង​មេ​បញ្ជា​ការ​កំពូល​ៗ​របស់​កង​ទ័ព​, បណ្ដា​បក្ស​នយោបាយ​នានា​, អ្នក​តំណាង​​និស្សិត និង​អង្គ​ការ​សង្គម​ស៊ីវិល​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ប្រធានា​ធិបតី​។ នៅ​ពេល​លោ​កស្រី​ហាស៊ីណា​ប្រកាស​ចុះ​ចេញ​ពី​តំណែង​កាល​ពីម្សិល​មិញ និង​ឡើង​ជិះ​ឧទ្ធម្ភា​គ​ចក្រ​ពីរ​នាក់​បង​ប្អូន​របស់​លោក​ស្រី​សំដៅ​ទៅ​ប្រទេស​ឥណ្ឌា​ វា​ជា​​ការ​បិទ​បញ្ចប់​របប​ដឹក​នាំ​របស់​លោ​កស្រី​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​​នេះរួម​ជា​មួយ​ការ​ដឹក​នាំ​មួយ​អាណត្តិ​មុន​នោះ​៥​ឆ្នាំ​ទៀត។ ​ដូច្នេះ​ជា​រួម​ លោក​ស្រី​កាន់​អំណាច​រយៈ​ពេល​ម្ភៃ​ឆ្នាំ​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ