ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ខែ តុលាការ​ទូ​ទាំង​ប្រទេស​ចាត់ការ​រឿង​ក្តីទាំង​​រឿង​ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី​សរុប​​ជិត​៨​ម៉ឺន​សំណុំរឿង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ក្នុង​រយៈពេល៦​ខែកន្លង​ទៅ​នេះ សាលាដំបូងនិង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី ខេត្ត ទូ​ទាំង ប្រទេស​បាន​ចាត់ការ​សំណុំរឿង​ទាំង​រឿង​ព្រហ្មទណ្ឌ ទាំង​រឿង​រដ្ឋប្បវេណី និង​រឿង​ក្តី​ដទៃ​ទៀត បាន​ចំនួន…

រាជធានី​ភ្នំពេញ ​៖​ ក្នុង​រយៈពេល៦​ខែកន្លង​ទៅ​នេះ សាលាដំបូងនិង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី ខេត្ត ទូ​ទាំង ប្រទេស​បាន​ចាត់ការ​សំណុំរឿង​ទាំង​រឿង​ព្រហ្មទណ្ឌ ទាំង​រឿង​រដ្ឋប្បវេណី និង​រឿង​ក្តី​ដទៃ​ទៀត បាន​ចំនួន ៧៨ ៣៦៥​សំណុំរឿង ស្មើនឹង ៦៤​ភាគរយ នៃ​សំណុំរឿង​សរុប ចំនួន ១២១ ៥៥៣​។ នេះ​បើ​តាម​ឯកឧត្តម ជិន ម៉ា​លី​ន រដ្ឋលេខាធិការ​ប្រចាំការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ។

ប្រាប់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី០៦ ខែ​សីហា ឆ្នាំ​២០២៤​នាទី​​ស្តី​ក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ា​លី​ន បានឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​រឿង​ក្តី​ទាំងនេះ​ គឺ​ក្នុង​នោះ មាន​ទាំង​សំណុំរឿង​ដែល​មាន មុន​ពេល​ប្រកាស​បើក​យុទ្ធនាការ ចំនួន ៥៧ ៦៨៩ និង​សំណុំរឿង​ដែល​ចូល​ថ្មី​រយៈពេល៦​ខែ ក្រោយ​ពេល ប្រកាស​បើក​យុទ្ធនាការ ចំនួន ៦៣ ៨៦៤​។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​បន្ថែម​ថា​៖​កន្លង​មកនេះ គិត​ចាប់ពី​ថ្ងៃ ប្រកាស​បើក​យុទ្ធនាការ​កាលពី​ថ្ងៃ​ទី​៩ ខែមករា រហូត​ដល់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៤ គឺ​មាន​រយៈពេល ៦​ខែ​គត់ ដែល​ក្រសួងយុត្តិធម៌​បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចំនួន ២ ព្រម​ពេល​ជាមួយ​គ្នា នៅ​ក្នុង ក្រប​ខណ្ឌ​នៃ​ការងារ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា សំដៅ​ពង្រឹង និង​លើកកម្ពស់​សេវា​យុត្តិធម៌ និង​គុណភាព នៃ​យុត្តិធម៌ ដែល​ក្នុង​នោះ​រួម​មាន​៖​ទី​១​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​ទី​២ យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​បាន​លើក​ឡើង​ឱ្យ​ដឹង​ថា ​សម្រាប់​លទ្ធផល​រយៈពេល៦​ខែនៃ​យុទ្ធនា​ការ​ជំរុញ និងព​ន្លឿ​ន​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និងដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​នេះ​ដែរ​ គេ​ក៏​ទទួល​បាន​លទ្ធផល​មួយ​ចំនួន​ទៀត​ ដូច​ជា​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​បាន​ប្រកាស​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ដែល យល់​ឃើញ​ថា ចំណាត់ការ​របស់​តុលាការ​លើ​សំណុំរឿង​របស់​ខ្លួន​មាន​ភាព​មិន​ប្រក្រតី​។

ឯកឧត្តម ជិន ម៉ា​លី​ន​បាន​អះអាង​ដែរ​ថា «រយៈពេល៦​ខែ គិត​ចាប់តាំងពី​ពេល​ប្រកាស​បើក​យុទ្ធនា​ការ​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង​មក​កាន់​លេខាធិការដ្ឋាន​នៃ គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនា​ការ​មាន​ចំនួន​សរុប ១ ៤៧៤ ក្នុង​នោះ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឱ្យ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ ដែល​មាន​ចំនួន​សរុប ៧៨៦ ស្មើនឹង ៥៣​ភាគរយ​។ ក្នុង​ចំណោម​បណ្តឹង​ស្នើ​សុំ​ជំរុញ និង​ព​ន្លឿ​ន​ទាំង ៧៨៦ តុលាការ​បាន​ដោះស្រាយ​រហូត​ដល់​ទៅ ៦៣០ ករណី ស្មើនឹង ៨០​ភាគរយ»។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​ សម្រាប់​ពាក្យបណ្ដឹង​ដែល​ប្រជាពលរដ្ឋ ប្តឹង​ស្នើ​សុំ​ឱ្យ​មានការ​ត្រួតពិនិត្យ​អំពី​ភាព​មិន​ប្រក្រតី​មាន​ចំនួន ៦៩៨ បណ្ដឹង ស្មើនឹង ៤៧​ភាគរយ​។ គណៈកម្មការ​ដឹកនាំ និង​អនុវត្ត​យុទ្ធនាការ​ត្រួតពិនិត្យ និង ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​ចាត់ការ​បាន ៣៦​ភាគរយ នៃ​បណ្ដឹង​ដែល​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​ទាំង៦៩៨​។

​ក្រៅពី​នេះ ក្រុមការងារ​ពិសេស​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៅ​តាម​តុលាការ បាន​ធ្វើការ​ពិនិត្យ​លើ​សំណុំរឿង​ដែល​មាន​ភាព​ស្មុគស្មាញ​ចំនួន ១០០ ករណី ហើយ​បាន​រក​ឃើញ​ថា មាន៧៧ករណី ដែល​តុលាការ​បាន​ចេញ​សេចក្តីសម្រេច​ដោយ​មាន សំអាង​ហេតុ និង​សំអាង​ច្បាប់​ត្រឹមត្រូវ ១៤ ករណី មាន​ភាព​សង្ស័យ​ថា​អាច​មាន​ភាព​មិន​ប្រក្រតី ហើយ​បាន​ស្នើ​សុំ​ឱ្យ​តុលា​ការ​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់ និង​ត្រឹមត្រូវ ៩ ករណី បាន​ចាត់​ឱ្យ​មាន ការ​ចុះ​ធ្វើ​អធិការកិច្ច ហើយ ៤ ករណី​ទៀត ត្រូវ​បាន​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី ដែល​ភាគី អាច​ស្នើ​សុំ​ឱ្យ​មានការ​ជំនុំជម្រះ​សា​ជា​ថ្មី​។

ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ដោយ​បញ្ជាក់​បន្ថែម​ថា​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​នេះ​ដែរ លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ ក៏​បាន​ធ្វើការ សម្របសម្រួល​ផ្តល់​មេធាវី​ស្ម័គ្រចិត្ត​ដែល​ជាទី​ប្រឹក្សា​ក្រសួងយុត្តិធម៌ ចំនួន៩២​រូប ដើម្បី​ជួយ​ការពារ​ក្តីដោយ​ឥត​គិតថ្លៃដល់​ប្រជាពលរដ្ឋ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​យុទ្ធនាការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ