ប្រទេសបារាំង ៖ កីឡាករហែលទឹកជនជាតិអ៊ីតាលី Thomas Ceccon ម្ចាស់មេដាយមាសកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ វិញ្ញាសាហែលផ្ងារចម្ងាយ១០០ម៉ែត្រ ។ កាលពីពេលថ្មីៗនេះ បានបង្ករឿងដ៏ភ្ញាក់ផ្អើលលើប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក ដោយរូបគេត្រូវបានថតជាប់កំពុងគេងលុងលក់លើស្មៅជិតបង់អង្គុយនៅក្នុងឧទ្យានភូមិអូឡាំពិក ទីក្រុងប៉ារីស ។
បើតាមប្រភពពីសារព័ត៌មាន TODAY.com របស់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានរាយការណ៍ថា វីដេអូកីឡាករ Ceccon ដែលកំពុងគេងលុងលក់ស្កប់ស្កល់ត្រូវបានថតជាប់កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន ពោលប៉ុន្មានថ្ងៃបន្ទាប់ពីរូបគេខកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាហែលផ្ងាចម្ងាយ២០០ម៉ែត្រ ។ វីដេអូដ៏ភ្ញាក់ផ្អើលមួយនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម Instagram របស់កីឡាករហែលទឹកអារ៉ាប៊ីសាអូឌីត Husein Alireza ជាមួយចំណងជើងថា «សម្រាកថ្ងៃនេះ ឈ្នះថ្ងៃស្អែក»។
នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃពុធសប្តាហ៍មុនជាមួយទូរទស្សន៍អ៊ីតាលី Rai ពោលបន្ទាប់ពីខកឱកាសទៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសា២០០ម៉ែត្រ កីឡាករ Ceccon បានលើកឡើងអំពីបញ្ហាមួយចំនួនកើតមាននៅក្នុងភូមិអូឡាំពិកក្រុងប៉ារីស ដោយអត្តពលិកជាច្រើនត្អូញត្អែរអំពីកង្វះម្ហូបអាហារ បញ្ហាគ្រែគេងធ្វើពីក្រដាសកាតុង និងកង្វះម៉ាស៊ីនត្រជាក់ផងដែរ។
នៅពេលត្រូវបានសួរថា តើ Ceccon ពេញចិត្តការរៀបចំនៅភូមិអូឡាំពិកប៉ារីសទេ កីឡាករវ័យ២៣ឆ្នាំរូបនេះបានឆ្លើយថា «បាទ! ជាអកុសលមនុស្សជាច្រើនកំពុងចាកចេញពីទីនោះ ដោយសារញ៉ាំមិនឆ្ងាញ់ ហើយអាកាសធាតុក្តៅគ្មានម៉ាស៊ីនត្រជាក់ ។ ទិដ្ឋភាពផ្សេងគ្នាគឺដូច្នេះឯង។ ខ្ញុំមិនត្អូញត្អែរទេ ព្រោះអ្នកគ្រប់គ្នាសុទ្ធតែជួបរឿងដូចគ្នា។ ខ្ញុំគ្រាន់តែប្រាប់អ្នកដែលមិនដឹងប៉ុណ្ណោះ»។
សហព័ន្ធកីឡាហែលទឹកអ៊ីតាលី FIN មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន TODAY.com នោះទេ ប៉ុន្តែបានប្រាប់ទីភ្នាក់ងារព័ត៌មានអ៊ីតាលី Ansa ថា កីឡាករ Ceccon ដែលគេងនៅសួនភូមិអូឡាំពិកប៉ារីស មិនពាក់ព័ន្ធនឹងបញ្ហាដែលកើតមានក្នុងភូមិអូឡាំពិកនោះទេ ហើយវាគ្រាន់តែជាការគេងមួយយប់តែប៉ុណ្ណោះ។ ប្រភពពី Ansa ក៏បានរាយការណ៍ថា កីឡាករហែលទឹកជនជាតិអ៊ីតាលីម្នាក់ទៀត ដែលមានឈ្មោះថា Gregorio Paltrinieri បាននិយាយថា គេមិនអាចគេងលក់ស្រួលនៅក្នុងបន្ទប់ស្នាក់នៅភូមិអូឡាំពិកនោះទេ ដោយសារតែខ្វះម៉ាស៊ីនត្រជាក់។
អ្នកនាំពាក្យគណៈកម្មាធិការរៀបចំកីឡាអូឡាំបិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានប្រាប់សារព័ត៌មាន TODAY.com តាមរយៈអ៊ីមែលថា «នៅលើបញ្ហាម៉ាស៊ីនត្រជាក់ យើងបានព្យាយាមស្វែងរកតុល្យភាពក្នុងការរចនាឱ្យសមនឹងអូឡាំពិករវាងគោលដៅរយៈពេលវែង ជាមួយអត្ថប្រយោជន៍ពីលក្ខខណ្ឌកំដៅប្រកបដោយផាសុកភាពត្រឹមត្រូវពីការប្រកួតសម្រាប់អត្តពលិក។
ជាក់ស្តែង វេជ្ជបណ្ឌិត Chris Winter ដែលជាអ្នកឯកទេសខាងការដំណេក និងការប្រកួតរបស់អត្តពលិកបានលើកឡើងថា ការគ្រប់គ្រងកំដៅ និងកត្តាផ្សេងៗទៀត គឺមានសារៈសំខាន់មិនគួរឱ្យជឿសម្រាប់អត្តពលិកប្រកួតកីឡាអូឡាំពិក»៕
ចែករំលែកព័តមាននេះ