ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ដូ​ជាង​៤០​ម៉ឺន​ដុល្លារ និង​ប្រាក់​រង្វាន់​ដ៏​ច្រើន​ផ្សេង​ទៀត កំពុង​រង់ចាំ​ម្ចាស់​មេដាយមាស​ហ្វី​លី​ពី​ន

1 ខែ មុន

ប្រទេស​បារាំង ៖ក្រោយ​ឈ្នះ​មេដាយមាស​ចំនួន​២​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ រួច​មក កីឡាករ​កាយសម្ព័ន្ធ​ដ៏​ឆ្នើម​របស់​ប្រទេស​ហ្វី​លី​ពី​ន Carlos Yulo ត្រូវ​បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​ក្លាយជា​អត្ត​ព​លិ​ក​ប្រទេស​អាស៊ី​អាគ្នេយ៍​តែ​ម្នាក់​គត់ ដែល​ឈ្នះ​មេដាយមាស​២​គ្រឿង​ពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ព្រឹត្តិការណ៍​តែ​មួយ​។ នេះ​បើ​តាម​ប្រភព​ពី​គេហទំព័រ…

ប្រទេស​បារាំង ៖ក្រោយ​ឈ្នះ​មេដាយមាស​ចំនួន​២​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ រួច​មក កីឡាករ​កាយសម្ព័ន្ធ​ដ៏​ឆ្នើម​របស់​ប្រទេស​ហ្វី​លី​ពី​ន Carlos Yulo ត្រូវ​បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​ក្លាយជា​អត្ត​ព​លិ​ក​ប្រទេស​អាស៊ី​អាគ្នេយ៍​តែ​ម្នាក់​គត់ ដែល​ឈ្នះ​មេដាយមាស​២​គ្រឿង​ពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ព្រឹត្តិការណ៍​តែ​មួយ​។ នេះ​បើ​តាម​ប្រភព​ពី​គេហទំព័រ Seasia goal បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤​។

សម្រាប់ Carlos Yulo នេះ​គឺជា​ការ​ឈ្នះ​មេដាយ​អូ​ឡាំ​ពិ​ក​លើក​ដំបូង​បង្អស់​របស់​ខ្លួន ហើយ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ គឺជា​អត្ត​ព​លិ​ក​ហ្វី​លី​ពី​នទី​២​ហើយ ដែល​ដណ្តើម​បាន មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក បន្ទាប់​ពី​កីឡាការិនី​លើក​ទម្ងន់ Hidilyn Diaz ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​ដំបូង​បង្អស់​សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន ដែល​សម្រេច​បាន​កាលពី​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០​។

ក្រៅពី​លើកមុខ​មាត់​ប្រទេស​ជាតិ​របស់​ខ្លួន និង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល ក្រឡេក​ទៅ​មើល​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន​ឯណោះ​វិញ បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ក្នុងស្រុក Rappler កាលពី​ថ្ងៃ​ទី​៥ ខែសីហា រាយការណ៍​ថា ទីក្រុង​ម៉ានីល​នឹង​រៀបចំ​ក្បួន​ដង្ហែ​ដ៏​ធំ​បំផុត​មួយ និង​ការ​តុបតែង​ទីក្រុង ដើម្បី​ស្វាគមន៍​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​កីឡាករ Carlos Yulo ដែល​ជា​វីរបុរស​កីឡា​ថ្មី​១​រូប​ទៀត​របស់​ប្រទេស​ហ្វី​លី​ពី​ន ដែល​ចារ​ប្រវត្តិសាស្ត្រ​ឈ្នះ​មេដាយមាស​២​គ្រឿង​ពី​កីឡា​អូ​ឡាំ​ពិ​ក​ក្រុងប៉ារីស​។

លោក Honey Lacuna អភិបាលក្រុង​ម៉ានីល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាល​ទីក្រុង​កំពុង​រៀបចំ​ផែន​ក្បួន​ដង្ហែ​វីរបុរស​កីឡា​ជាតិ​សម្រាប់ Caloy Yulo​។ ប៉ុន្តែ​ទោះ​យ៉ាង​ក៏​ដោយ កាលបរិច្ឆេទ និង​ផែន​សម្រាប់​ក្បួន​ដង្ហែ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។
គួរ​បញ្ជាក់​ថា ហ្វី​លី​ពី​ន គឺជា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​បង្អស់ ដែល​ឈ្នះ​មេដាយ​ពី កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ដែល​ជា​មេដាយមាស​របស់​កីឡាករ Caloy Yulo ដណ្តើម​បាន​លើ​កីឡា​កាយសម្ព័ន្ធ​វិញ្ញាសា​លើ​កម្រាល (Floor Exercise) កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៤​។ ចំណែក​១​គ្រឿង​បន្ថែម​ទៀត ដណ្តើម​បាន​លើ​វិញ្ញាសា​សេះ​លោត (Vault) កាលពី​ថ្ងៃ​ទី​៤ ខែសីហា កន្លង​ទៅ​។

កាលពី​ថ្ងៃ​ទី​១ ខែសីហា កន្លង​ទៅ ក្រុមហ៊ុន​អចលនទ្រព្យ​ហ្វី​លី​ពី​ន Megaworld បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ម្នាក់​ៗ ដែល​ត្រឡប់​មក​វិញ​ជាមួយនឹង​មេដាយមាស​នូវ​ខុន​ដូ ដែល​មាន​បន្ទប់​គេង ២ ស្ថិត​នៅ​ក្នុង​សង្កាត់ McKinley Hill ដែល​មាន​តម្លៃ ៤១៤,០៤៦​ដុល្លារ​អា​មេ​រិ​ក​។ បន្ថែម​ពីលើ​ខុន​ដូ​ដែល​រង់ចាំ​ម្ចាស់​មេដាយមាស​ហ្វី​លី​ពី​ន រដ្ឋាភិបាល​ហ្វី​លី​ពី​ន​នឹង​ផ្តល់​ប្រាក់​រង្វាន់​ដល់​ម្ចាស់​មេដាយមាស​ចំនួន​១៧២,៥១៩​ដុល្លារ​អា​មេ​រិ​ក​។ សភា​តំណាង​ប្រទេស​ហ្វី​លី​ពី​ន​ក៏​បាន​សន្យា​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​១០៣,៥១១​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។ នេះ​បើ​យោង​ទៅ​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​ហ្វី​លី​ពី​ន Philstar ។

ក្រៅពី​នោះ កីឡាករ Yulo ក៏​នឹង​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ទទួលទាន​អាហារ​ដោយ​ឥត​គិតថ្លៃ​ពេញ​មួយ​ជីវិត​ពី​ភោជនីយដ្ឋាន​ក្នុងស្រុក​ជា​ច្រើន ហើយ​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​ពោះវៀន​ថែម​ទាំង​បាន​ផ្តល់​ការពិគ្រោះ និង​ពិនិត្យ​ដល់​កីឡាករ​រូប​នេះ ដោយ​ឥត​គិតថ្លៃ​ទៀត​ផង​។ ចំណែក​សាកលវិទ្យាល័យ Mindanao ក៏​ប្រកាស​ផ្តល់​ក្រេ​ឌី​ត​សិក្សា ដោយ​ឥត​គិតថ្លៃ​ដល់​ម្ចាស់​មេដាយមាស​រូប​នេះ​ផង​ដែរ​៕ (​ប្រភព ៖ Rappler Seasia goal និង CNBC News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ