ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចាយ​១៥​លាន​ដុល្លារ​រ៉ាប់រង​ក្រុម​បាល់បោះ​បុរស​-​នារី ដែល​មិន​ស្នាក់​នៅ​ក្នុងភូមិ​អូ​ឡាំ​ពិ​ក

1 ខែ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​របស់​សហរដ្ឋអាមេរិក រួម​ទាំង​ទស្សនាវដ្តី​ពាណិជ្ជកម្ម Forbes និង BasketNews កាលពី​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា សមាគម​បាល់បោះ​ជាតិ​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​របស់​សហរដ្ឋអាមេរិក រួម​ទាំង​ទស្សនាវដ្តី​ពាណិជ្ជកម្ម Forbes និង BasketNews កាលពី​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា សមាគម​បាល់បោះ​ជាតិ​អា​មេ​រិ​ក NBA បាន​ចំណាយ​ប្រាក់​ចំនួន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បញ្ជូន​ក្រុម​បាល់បោះ​ជម្រើសជាតិ​ឈុត​ធំ​បុរស​-​នារី ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។ ដ្បិត​ការ​ចំណាយ​ត្រូវ​រ៉ាប់រង​លើ​ក្រុម​ទាំង​ពីរ ដែល​មិន​ស្នាក់​នៅ​ក្នុងភូមិ​អូ​ឡាំ​ពិ​ក​។

ចាប់តាំងពី​ឆ្នាំ ១៩៩២ នៅ​ពេល​ដែល NBA បាន​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​របស់​ខ្លួន​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ក្រុម​សហរដ្ឋអាមេរិក​បាន​ជ្រើសរើស​ការ​ស្នាក់​នៅ​ខាងក្រៅ​ភូមិ​អូ​ឡាំ​ពិ​ក​។ ហើយ​នៅ​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​មុន​ៗ​ផង​ដែរ​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក Justin Birnbau មក​ពី​ទស្សនាវដ្ដី Forbes បាន​រាយការណ៍​ថា ក្រុម​អត្ត​ព​លិ​ក​បាល់បោះ​អា​មេ​រិ​កបាន​ជួល​សណ្ឋាគារ​ទាំងមូល​នៅ​កណ្តាល​ទី​ក្រុងប៉ារីស ដែល​មាន​បន្ទប់​ប្រហែល​៨០០​បន្ទប់​។ របាយការណ៍​ដដែល​នោះ បាន​កត់សម្គាល់​ឃើញ​ថា ក្រុម​អត្ត​ព​លិ​ក​បាល់បោះ​អា​មេ​រិ​ក​មានការ​ធ្វើ​ដំណើរ​ដ៏​ធំ​មួយ​ទៅ​កាន់​ព្រឹត្តិការណ៍ Paris 2024 ដែល​រួម​មាន​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​អត្ត​ព​លិ​ក ក្រុមការងារ​បច្ចេកទេស នាយក​ប្រតិបត្តិ និង​បុគ្គលិក NBA ផ្ទាល់​ផង​ដែរ​។ ទើប​ការ​ចំណាយ​មាន​តម្លៃ​ថ្លៃ​បែប​នេះ​។

ជាមួយ​គ្នា​នោះ ទស្សនាវដ្ដី Forbes បាន​ធ្វើការ​ប្រៀបធៀប​ពី​ចំនួន​ការ​ចំណាយ​ដាច់​គ្នា​ស្រឡះ រវាង​ការ​បញ្ជូន​ក្រុមកីឡា​គុន​ដាវ​អា​មេ​រិ​ក (Fencing) ចំនួន​២០​នាក់ ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ​នេះ ដែល​មាន​ចំនួន​ចន្លោះ​ពី ៣០ ទៅ ៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ចំណាយ​លើ​ក្រុម​បាល់បោះ​អា​មេ​រិ​ក​រួម​បញ្ចូល​គ្នា ពោល​ច្រើន​ជាង​ការ​ចំណាយ​ទៅ​លើ​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ទៅ​ទៀត ដោយសារ​តែ​ការ​ចំណាយ​ក៏​រ៉ាប់រង​លើ​ផ្នែក​សន្តិសុខ ជើងហោះហើរ ការ​ដឹក​ជញ្ជូន​អត្ត​ព​លិ​ក​ទៅ​កន្លែង​ហ្វឹកហាត់ និង​ការ​ប្រកួត បូក​ទាំង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​ក្រុម​ទៅ​ទី​ក្រុងប៉ារីស​ផង​ដែរ​។

ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ អា​មេ​រិ​កមួយ​ចំនួន​ក៏​បាន​រាយការណ៍​ថា ក្រៅពី​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ហូប​ចុក​ដ៏​ល្អ ការ​ចំណាយ​លើ​ផ្នែក​សន្តិសុខ​ក៏​ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ផង​ដែរ​។ ដោយសារ​អត្ត​ព​លិ​ក​បាល់បោះ​អា​មេ​រិ​ក ជា​ពិសេស​លើ​ក្រុម​បុរស​តែ​ម្តង ដែល​ភាគច្រើន​ជា​សេដ្ឋី និង​មហាសេដ្ឋី​។ ជាក់ស្តែង ប្រធាន​ក្រុម LeBron James មានទ្រព្យ​សម្បត្តិ​ជាង​១.២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កីឡាករ Kevin Durant មានទ្រព្យ​ចំនួន​៧៩០​លាន​ដុល្លារ និង កីឡាករ Stephen Curry មានទ្រព្យ​ចំនួន​៦៦០​លាន​ដុល្លារ​។

គួរ​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាបាល់បោះ​វិញ្ញាសា​បុរស បាន​មក​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​។ សហរដ្ឋអាមេរិក ប៉ះ ប្រេ​ស៊ី​ល ស៊ែ​ប ប៉ះ អូស្ត្រាលី អា​ល្លឺ​ម៉​ង់ ប៉ះ ក្រិ​ក និង ម្ចាស់ផ្ទះ​បារាំង ប៉ះ កា​ដា​ណា ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​ដូច​គ្នា​។

ដោយឡែក ការ​ប្រកួត​វិញ្ញាសា​នារី ក៏​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ផង​ដែរ​។ សហរដ្ឋអាមេរិក ប៉ះ នី​ហ្សេ​រី​យ៉ា ម្ចាស់ផ្ទះ​បារាំង ប៉ះ អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ ប៉ះ បែ​ល​ហ្ស៊ិ​ក និង ស៊ែ​ប ប៉ះអូស្ត្រាលី ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ