ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី អប្សរា ខក​ឱកាស​ទៅ​វគ្គ​បន្ត តែ​បង្កើត​ថិរវេលា​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា

4 ខែ មុន

ប្រទេស​បារាំង ៖ អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា កីឡាការិនី សាក់​ប៊ុ​ន អប្សរា កា​តា​រី​ណា បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ក្រុម​ទី​៦ ឬ…

ប្រទេស​បារាំង ៖ អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា កីឡាការិនី សាក់​ប៊ុ​ន អប្សរា កា​តា​រី​ណា បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ក្រុម​ទី​៦ ឬ Heat ៦ ការ​ប្រកួត​កីឡាហែលទឹក វិញ្ញាសា​រហែល​សេរី ៥០​ម៉ែត្រ នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ដោយ​បាន​ប្រើ​ថិរវេលា ២៦.៩០​វិនាទី កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។

តាម​រយៈ​លទ្ធផល​នេះ កីឡាការិនី​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក​វ័យ​២៣​ឆ្នាំ​រូប​នេះ មិន​អាច​បន្ត​ទៅ​កាន់​វគ្គ​បន្ទាប់​បាន​ទេ ដោយ​រូបគេ​ទទួល​បាន​ចំណាត់ថ្នាក់​រួម​លេខ​៣៨ នៅ​ក្នុង​ចំណោម​កីឡាការិនី​ទាំងអស់​៧៩​នាក់​។ នៅ​ក្នុង​វិញ្ញាសា​នេះ កីឡាការិនី​ចូលរួម​ទាំងអស់​៧៩​នាក់ ដោយ​ចែក​ជា​១០​ក្រុម ហើយ​១​ក្រុម​មាន​៧​នាក់ និង​៨​នាក់​។ ការ​ប្រកួត​ក្នុង​ចំណោម​ទាំង​៧៩​នាក់ កីឡាការិនី​ដែល​ប្រើ​ថិរវេលា​តិច​ជាងគេ​បំផុត​ចំនួន​១៦​នាក់ នឹង​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​៨​នាក់​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ទោះ​យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កញ្ញា ហែម ថុ​ន​វិ​ទី​នី ដែល​ជា​ប្រតិភូ​កីឡាហែលទឹក​កម្ពុជា និង​ជា​គ្រូបង្វឹក​ផ្ទាល់ ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ បានឱ្យ​ដឹង​ថា អ​ប្សា​រា​ជាប់​ចំណាត់ថ្នាក់​លេខ​៣៨ លើ​ពិភពលោក​ក្នុង​ចំណោម​៧៩​ប្រទេស ដែល​ចូលរួម​ប្រកួត​វិញ្ញាសា ៥០​ម៉ែត្រ ដោយ​សេរី​ក្នុង​ថិរវេលា ២៦.៩០​វិនាទី​។ សូម​ជំរាប​ថា តួលេខ​មួយ​នេះ​គឺ​អស្ចារ្យ​សំរាប់​ប្រទេស​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​កញ្ញា ហែម ថុ​ន​វិ​ទី​នី​។

កីឡាការិនី សាក់​ប៊ុ​ន អប្សរា កា​តា​រី​ណា គឺជា​អត្ត​ព​លិ​ក​ទី​២ បន្ទាប់​ពី​កីឡាករ កូ​សុង​ដឺ​ឡា​ប៉ា​រ៉​ង់ អង់​ត្វ័​ន ម៉ា​តាំង​ក្លូ​ដ ដែល​បញ្ចប់​ភារកិច្ច​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​។ ដ្បិត​កីឡាករ​ហែល​ទឹក​កូនកាត់​ខ្មែរ​-​បារាំង​វ័យ​១៨​ឆ្នាំ​រូប​នេះ មិន​អាច​បន្ត​ទៅ​វគ្គ​បន្ទាប់ ក្រោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ក្រុម​ទី​២ ឬ Heat 2 វិញ្ញាសា​សេរី​១០០​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា​៥២.៩៥​វិនាទី កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ​។

យ៉ាងណាមិញ កម្ពុជា​នៅ​អត្ត​ព​លិ​ក​១​រូប​ចុង​ក្រោយ គឺ កីឡាករ​រត់ប្រណាំង ឈុ​ន ប៊ុ​ន​ថន ដែល​នឹង​ត្រៀម​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ៨០០​ម៉ែត្រ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ម៉ោង​ក្នុងស្រុក ដែល​ត្រូវ​នឹង​ម៉ោង​៤​និង​៥៥​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា​។

គួរ​ឱ្យ​ដឹង​ថា កម្ពុជា​ពុំ​មាន​កីឡា​ណាមួយ ដែល​ជាប់​វគ្គ​ជម្រុះ​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជូន​អត្ត​ព​លិ​ក​៣​រូប លើ​ប្រភេទ​កីឡាអត្តពលកម្ម​១​រូប និង​ហែល​ទឹក​២​រូប ដែល​ចូលរួម​ក្នុង​លក្ខខណ្ឌ​សិទ្ធិ​អនុគ្រោះ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC)៕ (​រូបភាព ៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក Khmer Swimming Federation, Olympic Cambodia និង Vitiny Hemthon)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ