ទីក្រុងវ៉ាស៊ីនតោន៖ ប្រទេសអាមេរិកត្រៀមបញ្ជូននាវា និងយន្តហោះបន្ថែមទៀតទៅតំបន់មជ្ឈិមបូព៌ាដើម្បីការពារអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ចំណាត់ការនេះធ្វើឡើងនៅពេលមានសញ្ញាថារដ្ឋាភិបាលអ៊ីរ៉ង់កំពុងត្រៀមវាយប្រហារអ៊ីស្រាអែលនៅក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុងតេអេរ៉ង់អះអាងថាជាការសងសឹកឱ្យយុទ្ធមិត្តរបស់ខ្លួនឈ្មោះហានីយេដែលជាមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស់ ហើយដែលត្រូវគេបាញ់សម្លាប់ដោយគ្រាប់មីស៊ីលចំអគារស្នាក់នៅរបស់គាត់។
ទោះបីអ៊ីស្រាអែលរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែអ៊ីរ៉ង់ក៏ដូចជាក្រុមហាម៉ាស់ និងចលនាប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែលដទៃទៀតនិយាយម៉ៃទុកជាមុនថាគ្មាននរណាក្រៅពីអ៊ីស្រាអែលទេ។ ប្រមុខការពារជាតិអាមេរិកថ្លែងថានាវាបណ្ដែត និងនាវាពិឃាតដែលអាចបាញ់ទម្លាក់គ្រាប់មីស៊ីល និងយន្តហោះនឹងត្រូវដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាដើម្បីការពារអ៊ីស្រាអែល។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់សច្ចាថានឹងសងសឹកទៅលើអ៊ីស្រាអែល។ ការធ្វើឃាតហានីយេ អាយុ៦២ឆ្នាំកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៊ីស្រាអែលប្រកាសថាខ្លួនទើបតែបាញ់សម្លាប់មេបញ្ជាការកំពូលរបស់កងទ័ពក្រុមហេស្បូឡាឈ្មោះហ្វ៊ូអាត ស៊ូខឺ (Fuak Shukr) នៅទីក្រុងបេរូត ប្រទេសលីបង់។ ហានីយេ និងហ្វ៊ូអាតស្លាប់នៅក្នុងសប្ដាហ៍ជាមួយគ្នា។
ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា និងក្រុមហេស្បូឡានៅប្រទេសលីបង់បានបង្កើតចលនាតស៊ូប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់បស្ចិមប្រទេស និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។ អ៊ីស្រាអែលធ្លាប់ព្រមានថាខ្លួននឹងតាមកម្ទេចឱ្យអស់នូវមេដឹកនាំក្រុមហាម៉ាស់ទាំងឡាយណាដែលពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលនាំឱ្យស្លាប់ជនជាតិអ៊ីស្រាអែល១២០០នាក់។
អ៊ីស្រាអែលមិនអាចបំភ្លេចថ្ងៃនោះបានឡើយ ហើយប្ដេជ្ញាថាត្រូវសងបំណុលឈាមនេះឱ្យបាន ទោះបីនៅក្នុងតម្លៃណាក៏ដោយ។ យុទ្ធនាការសងសឹករបស់អ៊ីស្រាអែលនាំឱ្យផ្ទុះសង្គ្រាមរហូតដល់សព្វថ្ងៃ និងនាំឱ្យស្លាប់ជនស៊ីវិលប៉ាឡេស្ទីនជិតបួនម៉ឺននាក់។ នៅដំណាក់កាលនេះ គេមានសង្ឃឹមតិចតួចណាស់ថាអាចរកឃើញពន្លឺសន្តិភាព ឬបទឈប់បាញ់នៅហ្កាហ្សា។
រដ្ឋមន្ត្រីការពារជាតិអាមេរិកបញ្ជាឱ្យកែសម្រួលការរៀបយុទ្ធសាស្ត្រកងទ័ពនៅមជ្ឈិមបូព៌ាដើម្បីពង្រឹងការការពារខ្លួនផង, ពង្រឹងការការពារអ៊ីស្រាអែលផង និងត្រៀមលក្ខណៈដើម្បីទប់ទល់នឹងការវាយប្រហារណាមួយ។ មេដឹកនាំក្រុមហេស្បូឡា លោកហាសាន់ ណាស្រាឡា (Hussan Nasrallah) ថ្លែងថាលោកត្រៀមសងសឹកឱ្យមេបញ្ជាការកំពូលឈ្មោះហ្វ៊ូអាត ស៊ូខឺ។ លោកថ្លែងថាជម្លោះនេះបានឈានដល់ដំណាក់កាលថ្មី១ទៀតហើយ ហើយមានលក្ខណៈខុសប្លែកពីជំនាន់មុនៗ។
លោកដាក់សំណួរថាតើឱ្យអ៊ីរ៉ង់នៅស្ងៀមម្ដេចបានបើហានីយេត្រូវគេបាញ់សម្លាប់ស្រស់ៗនៅលើទឹកដីអ៊ីរ៉ង់បែបនេះ? លោកបាននិយាយសំដៅឈ្មោះអ៊ីស្រាអែលចំៗតែម្ដង។ លោកបាននិយាយដៀមដាមដាក់អ៊ីស្រាអែលកំពុងសប្បាយព្រោះបានសម្លាប់មេធំៗរបស់ហាម៉ាស់ និងហេស្បូឡា។ លោកថាអ្នកឯងសប្បាយ១គ្រាសិនចុះ។ ទៅថ្ងៃមុខគង់កើតទុក្ខធំជាមិនខាន។
តាមពិត អាមេរិកបានដាក់ពង្រាយកងទ័ពនៅមជ្ឈិមបូព៌ាជាបណ្ដើរៗតាំងពីថ្ងៃទី១៣ ខែមេសាមកម៉្លេះនៅពេលអ៊ីរ៉ង់វាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូន និងគ្រាប់មីស៊ីលបាញ់ស្រោចដូចគ្រាប់ភ្លៀងទៅលើអ៊ីស្រាអែល។ ប៉ុន្តែអ៊ីរ៉ង់មិនបានធ្វើអ្វីអ៊ីស្រាអែលកើតទេព្រោះអ៊ីស្រាអែលបាញ់ធ្លាក់ស្ទើរតែទាំងអស់នូវយន្តហោះដ្រូន និងគ្រាប់មីស៊ីលសរុប៣០០គ្រឿង។
នៅក្នុងព្រឹត្តិការណ៍១ទៀតកាលពីថ្ងៃសៅរ៍ អ៊ីស្រាអែលវាយឆ្មក់ទៅលើសាលារៀនសម្រាប់ការស្នាក់នៅរបស់ជនស៊ីវិលបណ្ដាលឱ្យស្លាប់មនុស្សដប់នាក់។ នៅតំបន់វេសស្បេង (West Bank) មេបញ្ជាការកងទ័ពហាម៉ាស់ម្នាក់ និងយុទ្ធជនឥស្លាមបួននាក់ក៏បានស្លាប់ដោយសារគ្រាប់មីស៊ីលរបស់អ៊ីស្រាអែលផងដែរ។ នេះ បើយោងតាមរបាយការណ៍របស់ក្រុមហាម៉ាស់៕
ចែករំលែកព័តមាននេះ