ទីក្រុងវ៉ាស៊ីនតោន៖ ថ្ងៃនេះ អាមេរិក និងរុស្ស៊ីបិទបញ្ចប់ការដូរអ្នកទោសគ្នាទៅវិញទៅមកនៅក្នុងទ្រង់ទ្រាយដ៏ធំមិនធ្លាប់មានចាប់តាំងពីក្រោយសម័យសង្គ្រាមត្រជាក់។ អាមេរិកទទួលបានអ្នកទោសបីនាក់នៅក្នុងចំណោមអ្នកទោសរាប់សិបនាក់ទៀតដែលអាជ្ញាធររុស្ស៊ីយល់ព្រមដោះលែងជាថ្នូរនឹងការប្រគល់អ្នកទោសរុស្ស៊ីជាច្រើននាក់ត្រឡប់ទៅមាតុភូមិវិញ។
នៅក្នុងចំណោមអ្នកទោសអាមេរិកទាំងនោះមាន៖ ទី១-អ្នកកាសែតវ៉លស្ទ្រីតជើណលឈ្មោះអ៊ីវ៉ាន ហ្គើសខូវិច (Evan Gershkovich), ទី២-ផូល វីលេន (Paul Whelan) និងទី៣-វ៉្លាឌីមៀ ការ៉ាមូហ្សា (Vladimir Kara-Murza)។ ហ្គើសខូវិច និងវីលេនបានធ្វើដំណើរទៅដល់ប្រទេសអាមេរិកមុនពាក់កណ្ដាលអធ្រាត្រ។ នៅពេលទៅដល់មានអ្នកទៅទទួលយ៉ាងគគ្រឹកគគ្រេងអមដោយភាពសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន។ លោកបៃដិន និងលោកស្រីហារីសបានទៅទទួលពួកគេផ្ទាល់ដល់អាកាសយានដ្ឋានតែម្ដង។
ការដូរអ្នកទោសនេះជារឿងសំខាន់ណាស់តាំងពីសម័យសហភាពសូវៀត។ ទោះបីប្រទេសមហាអំណាចទាំង២មានជម្លោះនឹងគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេមិនភ្លេចដូរអ្នកទោសគ្នាទេដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជនរបស់ខ្លួនផង និងដើម្បីបានចំណេញផ្នែកនយោបាយផង។ ព្រោះនៅពេលប្រជាជនឃើញមេដឹកនាំខ្លួនយកចិត្តទុកដាក់ចំពោះសុខទុក្ខពួកគេបែបនេះ ពួកគេនឹងពិចារណាបោះឆ្នោតឱ្យ។
ការចរចាគ្នាស្ងាត់ៗនៅពីក្រោយវាំងនននយោបាយបានចាប់ផ្ដើមតាំងពីយូរមកហើយដោយមានប្រទេសទីបីធ្វើជាអ្នកសម្រុះសម្រួល។ នេះជាផ្នែក១នៃនយោបាយការទូតប្រយោល (shuttle diplomacy) ដើម្បីដូរអ្នកទោស ឬអ្នកនយោបាយដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់រវាងអាមេរិក និងរុស្ស៊ី។ គេដឹងថានៅក្នុងគម្រោងដូរគ្នាជាកញ្ចប់នោះក៏មានមេបក្សប្រឆាំងរុស្ស៊ី លោកណាវ៉ាល់នីស្ថិតនៅក្នុងចំណោមនោះផងដែរ។ ប៉ុន្តែគួរឱ្យស្ដាយ នៅពេលចរចាមិនទាន់ត្រូវរ៉ូវគ្នាផង គាត់ក៏ស្លាប់ទៅ។
ការដូរអ្នកទោសគ្នាលើកនេះមិនមែនតែប្រទេសអាមេរិកមួយប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានអង់គ្លេស និងអាល្លឺម៉ង់ចូលរួមផងដែរ។ រុស្ស៊ីយល់ព្រមដោះលែងអ្នកទោសបស្ចិមប្រទេស២៤នាក់។ ប៉ុន្តែរុស្ស៊ីទាមទារឱ្យបស្ចិមប្រទេសដោះលែងមនុស្សសំខាន់ៗរបស់ខ្លួនដែលជាប់ឃុំនៅបស្ចិមប្រទេស។ ក្នុងនោះមានពេជ្ឈឃាតរុស្ស៊ីឈ្មោះវ៉ាឌីម ក្រាស៊ីកូហ្វ (Vadim Krasikov) ដែលជាភ្នាក់ងារសម្ងាត់អែហ្វអែសប៊ី (FSB) និងត្រូវតុលាការផ្ដន្ទាទោសមួយជីវិតពីបទសម្លាប់មេបញ្ជាការឧទ្ទាមផ្ដាច់ខ្លួននៅរុស្ស៊ី។
លោកពូទីនដាក់លក្ខខណ្ឌថាបើចង់បានហ្គើសខូវិចត្រឡប់ទៅវិញលុះត្រាតែដោះលែងវ៉ាឌីមទៅឱ្យរុស្ស៊ីដែលវ៉ាឌីមជាប់ពន្ធនាការនៅប្រទេសអាល្លឺម៉ង់។ ដូច្នេះ ការដូរអ្នកទោសលើកនេះប្រទាក់ក្រឡាគ្នាជាអន្តរជាតិ។ លោកបៃដិនចាតទុកការដូរអ្នកទោសលើកនេះគឺជាជោគជ័យដ៏ធំ១សម្រាប់រដ្ឋាភិបាលរបស់លោក និងក៏ជាជោគជ័យផ្នែកនយោបាយការទូតផងដែរ។
ប៉ុន្តែមជ្ឈទូទៅសម្លឹងឃើញថានេះជាការចាញ់ប្រៀបលោកពូទីននៅលើគោកតែម្ដងព្រោះអ្នកដែលត្រូវអាជ្ញាធររុស្ស៊ីចាប់ខ្លួនយកទៅកាត់ទោសនោះជាមនុស្សគ្មានកំហុស។ ពួកគេជាអ្នកកាសែត, ជាសកម្មជននយោបាយ និងជាអ្នកតស៊ូមតិ។ អាជ្ញាធររុស្ស៊ីអាចប្រឌិតរឿងចោទប្រកាន់អ្នកទាំងនេះបែបណាក៏បានដែរដើម្បីតថ្លៃគ្នាជាមួយពួកបស្ចិមប្រទេស។ ប្រទេសមួយចំនួនបានចូលរួមនៅក្នុងការចរចាគ្នាដូចជាន័រវេ ស្លូវ៉ានី ប៉ូឡូញ និងបេឡារូស។ តួកគីរ៉ាប់រងលើផ្នែកដឹកជញ្ជូនអ្នកទោស៕
ចែករំលែកព័តមាននេះ