រាជធានីភ្នំពេញ ៖ លោកជំទាវ ឡោក ខេង បានកោតសរសើរចំពោះភាពរីកចម្រើនរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ដែលបានវិវត្តន៍ខ្លួនក្លាយទៅជាមន្ទីរពេទ្យឯកទេសមួយ ដែលនាពេលបច្ចុប្បន្នមានការសាទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។

លោកជំទាវ បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកជំទាវ បានអញ្ជើញដឹកនាំគណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភាចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារបញ្ហាប្រឈមចក្ខុវិស័យ និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ការចុះត្រួតពិនិត្យ និងឈ្វេងយល់នេះទទួលបានការស្វាគមន៍ពីសំណាក់ឯកឧត្តម ឡឹម តារា រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងឯកឧត្តមសាស្ត្ររាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ចំពោះការផ្តល់ការថែទាំសុខភាពចម្បងឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល និងការពង្រីកការគាំពារថែទាំសុខភាពរបស់របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទាំងសម្រាប់កម្មករ និយោជិត និងមន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌ ដែលកម្មវិធីខាងដើម កំពុងទទួលបានជំនឿទុកចិត្តគួរឱ្យកត់សម្គាល់ និងទទួលបានជោគជ័យប្រកបដោយលទ្ធផលជាផ្លែផ្កា ។

លោកជំទាវប្រធាន ក៏បានសំណូមពរដល់ឯកឧត្តមវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ទាំងអស់ខិតខំធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យខេត្ត ស្រុក និងតាមមណ្ឌលសុខភាពឱ្យមានប្រសិទ្ធភាពខ្ពស់ទាំងគុណភាព និងសេវាធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានជំនឿទុកចិត្តមកលើវិស័យសុខាភិបាលប្រកបដោយជំនាញវិជ្ជាជីវៈប៉ិនប្រសប់ និងទទួលបានទំនុកទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋ ដើម្បីប្រកួតប្រជែងក្នុងថ្នាក់ជាតិ និងថ្នាក់តំបន់ឱ្យបានល្អប្រសើរ ។

ឯកឧត្តមសាស្ត្ររាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសមៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារមួយចំនួនរបស់មន្ទីរពេទ្យក្រោមជំនួយឧបត្ថមគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកសាងអគារសម្រាកព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ខ្នាតធំ ដោយមន្ទីរពេទ្យ បានបំពាក់ឧបករណ៍ទំនើបៗសម្រាប់ការផ្តល់សេវាព្យាបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ។
មន្ទីរពេទ្យបានបណ្ដុះស្មារតីឥរិយាបថសីលធម៌គ្រូពេទ្យក្នុងការបម្រើសេវា និងការធ្វើការធ្វើបដិសណ្ឋារកិច្ចល្អគួរជាទីរួសរាយរាក់ ទាក់យ៉ាងកក់ក្ដៅដល់ប្រជាឯកឧត្តមបានបន្តថា:ពលរដ្ឋដែលមកទទួលសេវាព្យាបាល និងពិនិត្យសុខភាព ហើយមន្ទីរពេទ្យក៏បានត្រៀមបម្រុងគ្រប់ពេល ក្នុងការឆ្លើយតបការផ្ទុះឡើងវិញនូវជំងឺឆ្លង និងប្ដេជ្ញាបន្ដផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសម: ដោយមិនរើសអើងជាដាច់ខាត ។

ក្រោយពីបានស្តាប់នូវរបាយការណ៍បំភ្លឺអំពីវឌ្ឍនភាពការងារក៏ដូចជាបញ្ហាប្រឈមរួចមក លោកជំទាវឡោក ខេង បានកោតសរសើរដល់លោកនាយមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់អស់ទាំងកម្លាំងកាយចិត្តក្នុងការផ្តល់សេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានក្រមសីលធម៌វិជា្ជជីវ:ឱ្យសក្តិសមទៅនឹងពាក្យថា «កងទ័ពទេវតា» ដែលជាអ្នកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋយើង ជាពិសេស គឺខិតខំអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
លោកជំទាវ ក៏បានផ្តល់អនុសាសន៍ដល់មន្ទីរពេទ្យព្រះកុសមៈខិតខំធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយរាល់បញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ផងដែរ ៕
ចែករំលែកព័តមាននេះ