រាជធានីភ្នំពេញ៖ ជំងឺទឹកនោមប្រៃគឺជាជំងឺតម្រងនោមមួយប្រភេទដែលបណ្តាលឱ្យបាត់បង់ជាតិប្រូតេអ៊ីនសំខាន់ៗ ចេញតាមទឹកនោមយ៉ាងច្រើន ដែលនាំឱ្យមានរោគសញ្ញាហើមធ្ងន់ធ្ងរ ជាពិសេសត្របកភ្នែក និងជើង។ យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីមូលហេតុចម្បងៗ និងកត្តាបង្កនៃជំងឺនេះចំពោះមនុស្សពេញវ័យ៖
កត្តាបង្កចម្បងៗនៃជំងឺទឹកនោមប្រៃ
ជំងឺនេះមានមូលហេតុច្រើន ដែលប្រែប្រួលទៅតាមអាយុ និងភេទរបស់អ្នកជំងឺ។ មូលហេតុភាគច្រើនគឺបណ្តាលមកពី៖
១. ការខូចខាតកោសិកាតម្រង
- តម្រងនោមមានកោសិកាតូចៗឈ្មោះ Glomeruli ដែលមានមុខងារច្រោះកាកសំណល់។ នៅពេលកោសិកាទាំងនេះខូចខាត (ដូចជាករណីជំងឺ Minimal Change Disease ឬ Focal Segment Glomerulosclerosis) វានឹងបណ្តាលឱ្យប្រូតេអ៊ីនលេចធ្លាយទៅក្នុងទឹកនោម។
២. ជំងឺប្រព័ន្ធភាពស៊ាំ និងរ៉ាំរ៉ៃ
- ជំងឺលូពីស: ជាជំងឺប្រព័ន្ធភាពស៊ាំដែលវាយប្រហារសរីរាង្គក្នុងរាងកាយ រួមទាំងតម្រងនោមផងដែរ។
- ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរឆ្នាំ: កម្រិតជាតិស្ករខ្ពស់រ៉ាំរ៉ៃ អាចបំផ្លាញសរសៃឈាមតូចៗក្នុងតម្រងនោមបន្តិចម្តងៗ។
- ជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើង: ជាកត្តាបង្កចំពោះស្ត្រីមានផ្ទៃពោះ។
៣. ការប្រើប្រាស់ថ្នាំ
- ការប្រើប្រាស់ថ្នាំមួយចំនួនដែលបង្កឱ្យមាន លទ្ធភាពពុលតម្រងនោម ក៏ជាមូលហេតុដែរ។ ឧទាហរណ៍ដូចជា៖
- ថ្នាំបំបាត់ការឈឺចាប់ (NSAIDs)
- ថ្នាំ Lithium
- ថ្នាំ D-Penicillamine ជាដើម។
អនុសាសន៍៖ ប្រសិនបើអ្នកមានរោគសញ្ញាហើមខុសធម្មតា ឬមានជំងឺរ៉ាំរ៉ៃដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះ និងពិនិត្យទឹកនោមជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការពារការខូចខាតតម្រងនោមកាន់តែធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ