ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតពលករ និងពលរដ្ឋនៅស្រុកមង្គលបូរី សប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារដល់ផ្ទះ

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អតីតពលករត្រឡប់មកពីថៃ និងពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ សប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ ហើយផ្ដល់ការដឹកជញ្ជូន អាហារ ភេសជ្ជៈ…

ខេត្តបន្ទាយមានជ័យ ៖ អតីតពលករត្រឡប់មកពីថៃ និងពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ សប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ ហើយផ្ដល់ការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេដោយឥតគិតថ្លៃថែមទៀត។  

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅផ្សារចម្ការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដោយនាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ចំនួន ២១ មកសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ ហើយមានតម្រូវការកម្លាំងពលកម្មជាង ៦ ៥០០នាក់។ 

អ្នកស្រី សិន សាវរ័ត្ន អតីតពលករត្រឡប់មកពីថៃ ប្រាប់ថា អ្នកស្រី បានដាក់ពាក្យធ្វើការ ២កន្លែង នៅក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រសួងការងារ រៀបចំធ្វើនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាពេលនេះ ដោយអ្នកស្រី ពេញចិត្តចំពោះការរៀបចំនេះ។ 

អ្នកស្រី សិន សាវរ័ត្ន បន្ថែមថា «សប្បាយចិត្ត និងពេញចិត្ត ព្រោះផ្ដល់ភាពងាយស្រួលដែលគេមកជួយយើងដល់ផ្ទះ ដល់ទីកន្លែង និងមកដល់ស្រុក»។ អតីតពលកររូបនេះ បន្ថែមថា ប្រសិនបើអ្នកស្រី ស្វែងរកការងារដោយខ្លួនឯង នៅរាជធានីភ្នំពេញ នឹងត្រូវចំណាយថវិកាទៅលើការធ្វើដំណើរ ការហូបចុក និងកន្លែងស្នាក់នៅជាដើម តែការចូលរួមក្នុងពិព័រណ៍ការងារនៅថ្ងៃនេះ អ្នកស្រី មិនបានចំណាយលុយទៅលើអ្វីឡើយ។ 

ចំណែកកញ្ញា យ៉ាវ វ៉ាន់នាត អតីតពលករមកពីថៃដែរ បានឱ្យដឹងថា កញ្ញា មានភាពរីករាយ និងកក់ក្ដៅ នៅពេលដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ នាពេលនេះ។ អតីតពលកររូបនេះ បន្ថែមថា «ផ្ដល់ភាពងាយស្រួលខ្លាំង ព្រោះគេមានសេវាដឹកយើងមកដល់ទីកន្លែង ដើម្បីឱ្យយើងរកការងារធ្វើ ហើយម្យ៉ាងទៀត ក៏មានការងារច្រើនឱ្យយើងជ្រើសរើស តាមចំណង់ចំណូលចិត្តរបស់យើង»។ 

រីឯអ្នកស្រី វ៉ាន សាវឿន ដែលជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី ប្រាប់ឱ្យដឹងដែរថា អ្នកស្រី ពិតជាសប្បាយចិត្ត ដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ នៅក្នុងស្រុករបស់អ្នកស្រី ហើយទទួលបានការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។ 

អ្នកស្រី បន្ថែមថា «ក្រុមហ៊ុច្រើនឱ្យយើងជ្រើសរើស ដើម្បីចូលធ្វើការងារ….ថ្ងៃហ្វ្រី មានទាំងពីទឹក មានទាំងពីកាហ្វេ មានទាំងពីបាយ ហ្វ្រីឱ្យហូប មិនបាច់អស់លុយទេ»។ 

សូមជម្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥បន្តទៀត៕ អត្ថបទសហការ