ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្ត ជាពិសេសទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការស្ថាបនាសួនច្បារដាក់ឈ្មោះ សួន «ប៉ៃលិនមរតកតេជោ» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត សម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្រ របស់ខេត្តប៉ៃលិន ដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដ នៃមគ្គុទេសន៍អ្នកដឹកនាំកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះបងប្អូន ដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ សួន «ប៉ៃលិនមរតកតេជោ» ដែលកំពុងស្ថាបនានាពេលនេះ គឺមានប្រវែង ១៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិន ចាបពីចំនុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន៕



ចែករំលែកព័តមាននេះ