ទីក្រុងប៉េកាំង៖ ប្រទេសចិនបានយកសំណុំរឿងជម្លោះការទូតរវាងខ្លួន និងជប៉ុនឡើងទៅអង្គការសហប្រជាជាតិ។ ចិនចោទថាជប៉ុនគំរាមកំហែងឈ្លានពានខ្លួនដោយកម្លាំងយោធាដោយយោងទៅលើពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលនិយាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា។ ដូច្នេះ ចិនប្ដេជ្ញាថានឹងការពារជាតិរបស់ខ្លួនទោះបីនៅក្នុងតម្លៃណាក៏ដោយ។ នេះជាពាក្យសម្ដីធ្ងន់ជាងគេចាប់តាំងពីជម្លោះនេះចាប់ផ្ដើមកើតឡើងកាលពី២សប្ដាហ៍មុន។

នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតចិនបានសរសេររៀបរាប់ថា «នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីសាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានរំលោភធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងក្រឹត្យក្រមនៃទំនាក់ទំនងការទូតដោយបាននិយាយថាបើសិនកងទ័ពចិនវាយប្រហារតៃវ៉ាន់ ពេលនោះប្រទេសជប៉ុននឹងឆ្លើយតបដោយកម្លាំងយោធា»។

ឯកអគ្គរដ្ឋទូតរូបនេះសរសេររៀបរាប់បន្តទៀតថាបើសិនជប៉ុនហ៊ានប្រើកម្លាំងទ័ពធ្វើអន្តរាគមន៍នៅច្រកសមុទ្រតៃវ៉ាន់ ពេលនោះចិនចាត់ទុកថាជាអំពើឈ្លានពានមកលើខ្លួនហើយ។ ដូច្នេះ ចិនសូមប្រើសិទ្ធិការពារខ្លួនយ៉ាងម៉ឺងម៉ាតបំផុតស្របទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយនឹងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

ជាដំណោះស្រាយ ឯកអគ្គរដ្ឋទូតចិនទាមទារឱ្យប្រទេសជប៉ុនឈប់ថ្លែងសារនយោបាយមានចរិតបង្កហេតុតទៅទៀត, ឈប់ដើរឆ្លងបន្ទាត់ក្រហម និងដកពាក្យសម្ដីដែលនិយាយឥតគិតមុខគិតក្រោយនោះត្រឡប់ទៅវិញព្រោះវាប្រទាំងប្រទើសគ្នាជាចំហជាមួយនឹងផលប្រយោជន៍ស្នូលរបស់ចិន។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ