តំបន់«ឈើកាច់បាភ្នំ» ប្រែមុខមាត់ថ្មី ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅខេត្តព្រៃវែង
- ព្រៃវែង
ខេត្តព្រៃវែង ៖ បច្ចុប្បន្ននេះតំបន់ «ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរ បានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនាមកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានប្រកាសនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ។

ជាមួយគ្នានេះ ដោយមានការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ និងសេវាកម្ម នៅក្នុងតំបន់រមណីយដ្ឋានត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដារ ។

តំបន់«ឈើកាច់បាភ្នំ» ទាំងមូលត្រូវបានថែរក្សា ការពារ ឲ្យស្ថិតស្ថេរគង់វង្សសម្រាប់បម្រើឲ្យសកម្មអភិវឌ្ឍន៍លើវិស័យនានា ជាពិសេសវិស័យទេសចរណ៍ ។ ការអភិវឌ្ឍនេះមិនត្រឹមតែជួយលើកកម្ពស់មុខមាត់តំបន់បាភ្នំ ដែលជាទីតាំងសក្ការៈ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជួយជំរុញសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈវិស័យទេសចរណ៍នេះផងដែរ ។
សូមបញ្ជាក់ថា បាភ្នំ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំងខាងទេសចរណ៍វប្បធម៌ និងជំនឿ ជាពិសេសពិធីឡើងអ្នកតាមេសដ៏ល្បីល្បាញ៕


















ចែករំលែកព័តមាននេះ