ប្រទេសចិន ៖ បុរសជនជាតិចិនម្នាក់រស់នៅខេត្តក្វាងស៊ី (Guangxi) បានដាក់ពាក្យប្ដឹងក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុកមួយ បន្ទាប់ពីគាត់បានបញ្ជាទិញអេស្កាវ៉ាទ័រកាយដីតម្លៃ១ម៉ឺនយន់ ដែលស្មើនឹង១,៣៨០ដុល្លារអាមេរិកតាមអ៊ីនធើរណេត សម្រាប់ប្រើប្រាស់ជីកកាយដីក្នុងសួនរបស់គាត់។ ប៉ុន្តែបុរសរូបនេះមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់ទទួលបានអេស្កាវ៉ាទ័រកាយដីជារបស់ក្មេងលេងទៅវិញ ។
ប្រភពពីសារព័ត៌មាន VnExpress នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការប្រជាជននៃតំបន់ Luzhai ទីក្រុង Liuzhou ខេត្តក្វាងស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានបើកសវនាការលើសំណុំរឿងរដ្ឋប្បវេណី រវាងដើមបណ្តឹងដែលត្រូវបានស្គាល់ថា ឈ្មោះ Lou និងចុងចោទឈ្មោះ Chu គឺជាម្ចាស់ហាងលក់ទំនិញអនឡាញក្នុងស្រុក។
ប្រភពពីសារព័ត៌មានចិន The Paper បានរាយការណ៍ថា ពាក្យបណ្ដឹងបានបង្ហាញថា កាលពីខែកុម្ភៈកន្លងទៅ លោក Lou ត្រូវការម៉ាស៊ីនកាយដីខ្នាតតូច សម្រាប់សួនផ្លែឈើរបស់គាត់។ គាត់បានធ្វើការទិញតាមរយៈវេទិកាលក់ទំនិញអនឡាញ ដែលលក់ទំនិញជជុះ ហើយបានជ្រើសរើសអេស្កាវ៉ាទ័រកាយដីខ្នាតតូចទម្ងន់១តោន ដែលមានមុខងារប្រើប្រាស់ច្រើនចំនួន១គ្រឿង ដោយបានបញ្ជាទិញពីហាងអនឡាញរបស់លោក Chu។
គេហទំព័រលក់អេស្កាវ៉ាទ័រខ្នាតតូចនោះ បានសរសេរថា អេស្កាវ៉ាទ័រមានសមត្ថភាពកិន ប្រមូលឈើ ជម្រះស្មៅ ខួង ដែលអាចប្រើសម្រាប់ការងារជាច្រើន មិនមែនគ្រាន់តែជីកកាយដី១មុខប៉ុណ្ណោះទេ។
ប្រភពពីសារព័ត៌មានចិន Sohu ក៏បានរាយការណ៍ថា បន្ទាប់ពីបានបញ្ជាក់ពីមុខងារ និងលក្ខណៈជាក់លាក់ជាមួយម្ចាស់ហាងហើយ លោក Lou ដែលពេញចិត្តនឹងអេស្កាវ៉ាទ័រខ្នាតតូចនោះយ៉ាងខ្លាំង ហើយក៏បានធ្វើការបង់ប្រាក់តាមរយៈកម្មវិធីទូទាត់ប្រាក់តាមអ៊ីនធឺណិត និងបង្កើតការបញ្ជាទិញតាមអនឡាញតែម្តង។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Lou បានទទួលទំនិញពីហាងរបស់លោក Chu។ ប៉ុន្តែនៅពេលបើក គាត់ស្រឡាំងកាំងយ៉ាងខ្លាំងពេលឃើញអេស្កាវ៉ាទ័រក្មេងលេង ដែលខុសពីអេស្កាវ៉ាទ័រកសិកម្មដែលគាត់បានបញ្ជាក់ថាកំពុងទិញ។ បន្ទាប់ពីការចរចាមិនត្រូវគ្នាជាមួយលោក Chu លោក Lou បានប្តឹងទៅតុលាការ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំដដែល អំឡុងពេលសាកសួរ លោក Lou បានបង្ហាញកំណត់ត្រាជជែកជាមួយអ្នកលក់ ដោយអះអាងថា គាត់បានសួរនាំលោក Chu អំពីអេស្កាវ៉ាទ័រខ្នាតតូចនោះ មុននឹងបញ្ជាទិញ ហើយលោក Chu ដែលជាម្ចាស់ហាងបានសន្យាថា អេស្កាវ៉ាទ័ររបស់គាត់អាចប្រើក្នុងសួនផ្លែឈើនៅជនបទបានយ៉ាងល្អ។
តុលាការប្រជាជនតំបន់ Luzhai បានរកឃើញថា ការអនុវត្តការលក់របស់លោក Chu មានការក្លែងបន្លំអតិថិជន។ តុលាការបានបញ្ជាឱ្យម្ចាស់ហាងរូបនេះ សងប្រាក់វិញនូវចំនួនទឹកប្រាក់ទិញចំនួន១ម៉ឺន និងរងពិន័យជាប្រាក់ចំនួន៣ដងនៃចំនួនតម្លៃលក់ ដែលសរុបជាទឹកប្រាក់ចំនួន៤ម៉ឺនយន់ ស្មើនឹង៥,៥៤០ដុល្លារអាមេរិក ជាថ្នូរនឹងការប៉ះប៉ូវត្រឡប់ទៅលោក Lou វិញ៕
ចែករំលែកព័តមាននេះ