ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយ​ដុល្លារ​ចាស់ ​និង​រហែក​ ធ្វើ​ត្រឹម​ខេត្តសៀមរាប​សិន

3 ខែ មុន
  • សៀមរាប

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ នៅ​ថ្ងៃ​ទី២ ខែសីហា ឆ្នាំ​២០២៤​ថា ការ​ទទួលយក​ក្រដាស់ប្រាក់​ដុល្លារ​ដែល​មាន​សភាព​ចាស់​ ឫ​រហែក​នៅ​មិន​ទាន់​អាច​អនុវត្ត​ទូ​ទាំង​ប្រទេស​បាន​នៅឡើយ​ទេ គឺ​សូម​ត្រឹម​ខេត្តសៀមរាប​សិន…

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ នៅ​ថ្ងៃ​ទី២ ខែសីហា ឆ្នាំ​២០២៤​ថា ការ​ទទួលយក​ក្រដាស់ប្រាក់​ដុល្លារ​ដែល​មាន​សភាព​ចាស់​ ឫ​រហែក​នៅ​មិន​ទាន់​អាច​អនុវត្ត​ទូ​ទាំង​ប្រទេស​បាន​នៅឡើយ​ទេ គឺ​សូម​ត្រឹម​ខេត្តសៀមរាប​សិន ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​ដោយអរគុណ​ចំពោះ​បណ្តា​ធនាគារ អាជីវករ អ្នក​ប្ដូរ​ប្រាក់ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប ដែល​បាន​ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ក្រដាស់ប្រាក់​ដុល្លារ​ដែល​មាន​សភាព​ចាស់ ឬ​រហែក ​។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា មាន​បងប្អូន​ជា​ច្រើន​បាន​ចោទសួរ​ថា ហេតុ​អ្វី​បានជា​ធនាគារជាតិ​មិន​ដាក់​ឲ្យ​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្ដង? សម្តេច​ធិ​បតី​បាន​បន្ត​ថា តាម​ការ​ឆ្លើយ​តប​នឹង​សំនួរ​នេះ​ថា ដោយសារ​ការ​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​ហែក ឬ​ចាស់​ដែល​មិន​អាច​ប្រើប្រាស់​បាន ដើម្បី​យក​ទៅ​ដូរ​យក​ក្រដាសប្រាក់​ថ្មី​ពី​ធនាគារកណ្តាល​សហរដ្ឋអាមេរិក ជា​កាតព្វកិច្ច​របស់​ធនាគារជាតិ ដែល​ត្រូវការ​ចំណាយ​ថវិកា​ច្រើន ការ​ដាក់​អោយ​អនុវត្ត​នូវ​គោលការណ៍​ថ្មី​នេះ​ ត្រូវធ្វើ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន និង​ជា​ជំហាន​ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ហេតុ​ដូច្នេះ ​ការ​ដាក់​អោយ​អនុវត្តន៍​នៅ​ខេត្តសៀមរាប​នេះ ជា​ជំ​សាកល្បង (pilot) ដើម្បី​ធនាគារជាតិ​អាច​ធ្វើការ​វាយតម្លៃ និង​យក​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​ផែនការ​ឱ្យ​បាន​ជាក់លាក់ មុន​នឹង​ប្រកាស​ដាក់​អោយ​អនុវត្ត​គោលការណ៍​ថ្មី​នេះ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​» ។

នៅ​មុន​នេះ លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ពន្យល់​សាធារណៈជន​ម្តង​ហើយ ​តាម​បណ្តាញ​សង្គម​របស់​លោកស្រី​ពាក់ព័ន្ធ​នឹង​យន្តការ​ទទួល​ប្រាក់​ដុល្លារ​ចាស់​នេះ ។ លោកស្រី​បាន​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា មិនមែន​ជា​អ្នក​បោះពុម្ព​ក្រដាសប្រាក់​ដុល្លា​អា​មេ​រិ​ក​ទេ ហើយ​ក៏​មិន​មាន​សិទ្ធ​ក្នុង​ការ​កាត់ ដុត​ក្រដាស​ចាស់ ទក់ រហែក ដូចដែល​បាន​ធ្វើ​សម្រាប់​ប្រាក់​រៀល​នោះ​ដែរ ​។ ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​ជួល​ក្រុមហ៊ុន​ដឹក​ជញ្ជូន បង់​សេវា​ធានា​រ៉ាប់រង ដើម្បី​ដឹក​ឲ្យ​ធនាគារ​ដៃគូរ​ដែល​មាន​សិទ្ធិ​ផ្ទាល់ ឬដោយ​ប្រយោលជាមួយ​ធនាគារកណ្តាល​អា​មេ​រិ​ក​ ក្នុង​ការ​គ្រប់គ្រង​ក្រដាសប្រាក់​នេះ​ ។

ដូច្នេះ​ធនាគារ​ដៃគូ​ជា​អ្នក​កំណត់លក្ខណៈ​វិនិច្ឆ័យ លើ​ក្រដាសប្រាក់​ដែល​គាត់​ទទួល​បាន​ពី​កម្ពុជា ​។ ការ​ដឹក​ក្រដាសប្រាក់​ថ្មី​ដុល្លា​អា​មេ​រិ​ក​ចូល​វិញ​ក៏​ត្រូវ​មាន​បង់​សេវា​ដឹក​ជញ្ជូន​ធានា​រ៉ាប់រង​ដូច​គ្នា ដែល​ត្រូវ​រាប់​រង​ដោយ​ធនាគារជាតិ​ ។ ដូច្នេះ​ការ​ចាយវាយ​ក្រដាសប្រាក់​ដុល្លារ មាន​ភាព​ងាយស្រួល មួយ​ផ្នែក ប៉ុន្តែ​ក៏​មាន​ផល​ខាត​ដល់​សេដ្ឋកិច្ច​មួយ​ផ្នែក​ដែរ​ ។ ដូច្នេះ​ត្រូវ​ថ្លឹងថ្លែង​វិធានការ ឲ្យ​បាន​ម៉ត់ចត់ ។
លោកស្រី​បាន​បន្ត​ថា ជម្រើស​ល្អ​គឺ​បន្ត​ប្រើប្រាស់ KHQR ក្នុង​ការ​ទូទាត់ ជាដុល្លា ឬរៀល និងលើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​ឲ្យ​ប្រើ​ប្រាក់​រៀល​ឲ្យ​បាន​ច្រើន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ