ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញបកស្រាយ ៖ កង្វល់ពលរដ្ឋលើការផ្ញើប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​ពលរដ្ឋ​បាន​សម្តែង​ក្តី​កង្វល់​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ករណី​ភរិយា​របស់​អតិថិជន​ម្នាក់​បាន​ដាក់​ប្រាក់​បញ្ញើ​របស់​ខ្លួន ហើយ​បែរជា​មិន​អាច​ដក​ប្រាក់​របស់​ខ្លួន​បាន​នៅ​ពេល​ស្វាមី​បាត់បង់​ជីវិត​នោះ អ្នកជំនាញ​ផ្នែក​ហិ​រញ្ញា​វត្ថុ​ម្នាក់​បាន​បកស្រាយ​ថា តាម​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិ​រញ្ញា​វត្ថុ​ទាំងអស់​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​មានច្បាប់​គ្រប់គ្រាន់ និង​ទុនបម្រុង​ទុក​សម្រាប់​បើកប្រាក់​បញ្ញើ​ជូន​អតិថិជន​តាម​គ្រប់​តម្រូវការ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​ពលរដ្ឋ​បាន​សម្តែង​ក្តី​កង្វល់​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ករណី​ភរិយា​របស់​អតិថិជន​ម្នាក់​បាន​ដាក់​ប្រាក់​បញ្ញើ​របស់​ខ្លួន ហើយ​បែរជា​មិន​អាច​ដក​ប្រាក់​របស់​ខ្លួន​បាន​នៅ​ពេល​ស្វាមី​បាត់បង់​ជីវិត​នោះ អ្នកជំនាញ​ផ្នែក​ហិ​រញ្ញា​វត្ថុ​ម្នាក់​បាន​បកស្រាយ​ថា តាម​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិ​រញ្ញា​វត្ថុ​ទាំងអស់​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​មានច្បាប់​គ្រប់គ្រាន់ និង​ទុនបម្រុង​ទុក​សម្រាប់​បើកប្រាក់​បញ្ញើ​ជូន​អតិថិជន​តាម​គ្រប់​តម្រូវការ ។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ ដែល​សមាជិក​មួយ​ចំនួន​របស់​សមាគម​ក៏​ទទួល​នូវ​ប្រាក់​បញ្ញើ​របស់​អតិថិ​ន បាន​ឆ្លើយ​តប​ថា ធនាគារជាតិ​នៃ​កម្ពុជា បាន​ធ្វើការ​ត្រួតពិនិត្យ​តាមដាន​សុខុមាលភាព​អាជីវកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​អស់នោះ ដើម្បី​ធានា​បាន​ថា ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​ដាក់​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺ​មាន​សុវត្ថិភាព ។

លោក កាំ​ង តុង​ងី បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន «​កោះសន្តិភាព​» ដឹង​ថា «​ច្បាប់​ខ្លះ​ៗ​តម្រូវ​ឱ្យ​គ្រឹះស្ថាន​ខ្លួនឯង​ត្រូវ​មាន​ដើមទុន​ខ្លួនឯង​ច្បាស់លាស់ ។ ឧទាហរណ៍​ថា ធនាគារពាណិជ្ជ គឺ​ត្រូវការ​ដើមទុន ៧៥ លាន​ដុល្លារ ខណៈ​ដែល​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ គឺ​មាន​ដើមទុន ៤៥ លាន​ដុល្លារ ហើយ​ក៏​តម្រូវ​ឱ្យ​គ្រឹះស្ថាន​នោះ គឺ​មាន​ប្រាក់​បំរុង​ទុកជា​ប្រចាំ ដើម្បី​ឱ្យ​អតិថិជន​អាច​ដក​ប្រាក់​បាន​គ្រប់ពេលវេលា ហើយ​គ្រឹះស្ថាន​ទាំង​អស់នោះ​ត្រូវ​រាយការណ៍​ជា​ប្រចាំ​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ឱ្យ​ធនាគារ​តាមដាន​ពី​សុខុមាលភាព​នៃ​អាជីវកម្ម​របស់​ពួក​គាត់​» ។

លោក កាំ​ង តុង​ងី បន្ថែម​ថា ប្រសិនបើ​អាជីវកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​បញ្ហា​ប្រឈម​ណាមួយ ធនាគារជាតិ​នៃ​កម្ពុជា តាម​រយៈ​ច្បាប់​តម្រូវ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ចាត់វិធានការ​មួយ​ចំនួន ដើម្បី​ទប់ទល់ ដើម្បី​ការពារ​បញ្ហា​ទាំង​អស់នោះ ។ អ្នកនាំពាក្យ​ដដែល​បន្ត​ថា «​ទន្ទឹម​និង​នេះ​គ្រឹះស្ថាន​ធនាគារ និង​ហិ​រញ្ញា​វត្ថុ​មួយ​ចំនួន​ទាំងអស់​ត្រូវ​គោរព​នូវ​ច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម ចេញ​ដោយ​ក្រសួង​ការងារ ឬ​ក៏​ពន្ធដារ​អី​ផ្សេង​ៗ ដូច​ទៅ​និង​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​ដែរ​» ។

លោក កាំ​ង តុង​ងី បាន​មើលឃើញ​ថា ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​ហិ​រញ្ញា​វត្ថុ គឺជា​ជម្រើស​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​ហិ​រញ្ញា​វត្ថុ ប្រជាពលរដ្ឋ​អាច​ទទួល​បាន​អត្រា​ការ​ប្រាក់ មាន​សុវត្ថិភាព​ខ្ពស់ ។​លោក​បាន​បន្ត​ថា «​ប្រសិនបើ​យើង​ដាក់​ប្រាក់​នៅ​តាម​ផ្ទះ​ផ្ទាល់ខ្លួន លុយ​ទាំង​អស់នោះ​វា​អត់​កើនឡើង​ទេ ហើយ​ក៏​ប្រឈម​ទៅ​និង​ការ​បាត់បង់ ដូច​ជា​ចោរលួច ប្លន់ គ្រោះ​អគ្គី​ភ័យ កណ្តៀរ​កោ កណ្តុរ​កាត់​អី​ជាដើម ។ អ៊ីចឹង​ករណី​ការ​ដាក់​ប្រាក់​នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិ​រញ្ញា​វត្ថុ គឺជា​ជម្រើស​ល្អ​បំផុត​» ។

អ្នកនាំពាក្យ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿ​លើ​សកម្មជន ឬ​អ្នក​គ្មាន​ជំនាញ ដែល​មិន​មានចំណេះ​ដឹង​ផ្នែក​ធនាគារ ហិ​រញ្ញា​វត្ថុ ហើយ​ការ​ឃោសនា ឬ​អំពាវនាវ​ទាំងអស់​គ្រាន់តែ​ជា​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ ដើម្បី​ទាញ​ចំណាប់អារម្មណ៍ ទាញ​យក​ការ​គាំទ្រ ។

ថ្មី​ៗ​នេះ​មានការ​ផ្ទុះ​រឿង​មួយ ដែល​អតិថិជន​របស់​ធនាគារ​មួយ ឈ្មោះ ស្រី​អូន ដែល​ធនាគារ​មិន​បាន​បើក​សាច់ប្រាក់​របស់​ស្វាមី​អ្នក​នាង​ឱ្យទៅ​អ្នក​នាង ដែល​មាន​ដិ​ការ​ពី​តុលាការ​សម្រេច​ឱ្យ​អ្នក​នាង​ចាត់ចែង គ្រប់គ្រង​ទ្រព្យ​របស់​ស្វាមី​អ្នក​នាង ធ្វើ​ឱ្យ​មហាជន​មានការ​ឆ្ងល់ និង​បារម្ភ​ពី​សុវត្ថិភាព​សាច់ប្រាក់​របស់​ខ្លួន​ដែល​បាន​ទុក និង​ផ្ញើ​នៅ​តាម​បណ្តា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ