ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង​លុយ​ធនាគារ​យឺត​បាន​កើនឡើង​ដល់​ជាង៦ភាគរយ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២៤ នេះ ឥណ​ន​ទាន​សំណង​យឺត​លើស​ពី ៣០​ថ្ងៃ ឬ​ឥណ​ន​ទានដែល​មាន​ហានិភ័យ​កើន​ដល់ ៦,០៣ ភាគរយ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២៤ នេះ ឥណ​ន​ទាន​សំណង​យឺត​លើស​ពី ៣០​ថ្ងៃ ឬ​ឥណ​ន​ទានដែល​មាន​ហានិភ័យ​កើន​ដល់ ៦,០៣ ភាគរយ ។ នេះ​បើ​តាម​ការ​ប្រកាស​ដោយ​ការិយាល័យ​ឥណទាន​កម្ពុជា ដែល​ហៅ​កាត់​ថា CBC ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានការ​កើនឡើង​ចំនួន​កើន ៤,០៩% ប្រៀប​ពី​ត្រីមាស​មុន​ដែល​ធ្វើ​ឱ្យ​ចំនួន​គណនី នៅ​ទូ​ទាំង​ប្រទេស​សរុប​មាន​ចំនួន ១,៨៣ លាន​គណនី ។ ក្នុង​ចំណោម​ចំនួន​នេះ ៨០,០៧% ជា​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ខណៈ​ចំណែក​តូច​ជាងគេ គឺ​កម្ចី​ប័ណ្ណឥណទាន ៨,៧០% និង​កម្ចី​អចលនទ្រព្យ​មាន ១១,០៣% ។

ប្រភព​ដដែល​បាន​បន្ត​ថា កំណើន​នេះ​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ក្នុង​គ្រប់​តំបន់​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដោយនៅ​តំបន់​ខ្ពង់រាប​មាន​កំណើន ៥,៥% នៅ​តំបន់ឆ្នេរ ៣,៨% នៅ​តំបន់​ទំនាប ៣,៩% និង​នៅ​តំបន់​ទន្លេសាប ៤,៥% ។ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ក៏​បាន​បន្ត​កើន​ឡើងជា​លំដាប់​ក្នុង​កម្រិត​កើន ១,៣៦% គិត​ត្រឹម​ពី​ខែមីនា ឆ្នាំ ២០២៤ ហើយ​នៅ​ចុង​ត្រីមាស​នេះ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ចំនួន ១៥,២១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

របាយការណ៍​បង្ហាញ​ថា បើ​ទោះបីជា​ចំនួន​គណនី​នៃ​កម្ចី​អចលនទ្រព្យ​មាន​ត្រឹមតែ ១១,០៣% នៃ​ចំនួន​គណនី​សរុប​ក៏​ដោយ កម្ចី​អចលនទ្រព្យ​នៅ​តែ​មាន​លើស​ពី​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​សរុប ៥៣,២០% ចំណែកឯ​សមតុល្យ​ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ចំណែក ៨០,៩០% និង​សមតុល្យ​ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ចំណែក ៤៥,៦៣% ។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន កោះសន្តិភាព ដឹង​នៅ​ថ្ងៃ​ទី ៨ ខែឧសភា ឆ្នាំ ២០២ ៤​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​កើនឡើង​ឥណ​ន​ទាន​ប្រឈម​ហានិភ័យ ឬ​ក៏​ភាសា​ងាយ​យល់​ឥណ​ន​ទាន​ដែល​ប្រជា​ពល រដ្ឋ​បង់​សង​យឺត​លើស​ពី ៣០ ថ្ងៃ បាន​កើន​ដល់​កម្រិត ៧ ភាគរយ ក៏​ប៉ុន្តែ​ផ្អែក​លើ​ស្ថានភាព បច្ចុប្បន្ន​យើង​គិត​ថា នេះ​គឺជា​កម្រិត​មួយ​ដែល​យើង​គិត​ថា បាន​រំពឹង​ទុក​រួច​ទៅ​ហើយ ស្ថិត​នៅ ក្នុង​កម្រិត​មួយ​ដែល​យើង​អាច​គ្រប់គ្រង​បាន ។

ដោយឡែក លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ CBC បានឱ្យ​ដឹង​ថា តម្រូវ ការ​ពាក្យ​ស្នើ​សុំ​ឥណទាន​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានការ​កើនឡើង​បន្ថែម​លើ​នេះ សមិទ្ធផល​ឥណទាន​លក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ក៏​នៅ​តែ​វិជ្ជា​មាន ជាមួយនឹង ចំនួន​គណនី និង​សមតុល្យ​កម្ចី​ក្នុង​ត្រីមាស​ទី​មួយ​នេះ បើ​ប្រៀបធៀប​នឹង​ត្រីមាស​មុន ។ លោក​បាន​បន្ថែម​ទៀត​ថា គុណភាព​ឥណទាន​មានការ​ធ្លាក់​ចុះ ជាមួយនឹង​ការ​កើនឡើង​នៃ​អនុ​បាត​នៃ​គណនី​ប្រាក់​កម្ចី​ជាមួយនឹង​ការ​សង​យឺត ៣០ ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់​ពី ៥,១៤% ក្នុង​ត្រីមាស​ទី​បួន​ក្នុង​ឆ្នាំ ២០២៣ មក ៦.០៣% ក្នុង​ត្រីមាស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ