ប្រទេសបារាំង ៖ រឿងដ៏ភ្ញាក់ផ្អើលដែលមកជាមួយការមិនពេញចិត្ត ក៏ដូចជាមតិរិះគន់ពីមហាជនតាមដានព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ កើតឡើងកាលពីថ្ងៃទី១ ខែសីហា កន្លងទៅ។ បន្ទាប់ពីកីឡាការិនីប្រដាល់សកលជនជាតិអ៊ីតាលី Angela Carini បានស្រក់ទឹក ភ្នែកបោះបង់ការប្រកួត ក្រោយប្រកួតបានតែ៤៦វិនាទីជាមួយនឹងកីឡាការិនីជនជាតិអាល់ហ្សេរី Imane Khelif ដែលបញ្ហានេះ កំពុងបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។

កីឡាការិនី Imane Khelif គឺជាអ្នកប្រដាល់ម្នាក់ក្នុងចំណោមអ្នកប្រដាល់ពីររូបជាមួយកីឡាការិនីតៃវ៉ាន់ Lin Yu-ting ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅកីឡាអូឡាំពិកឆ្នាំនេះ បើទោះបីជាត្រូវបានដកសិទ្ធិពីការប្រកួតជើងឯកពិភពលោក Women’s World Championships កាលពីឆ្នាំមុន ដោយសារបរាជ័យពាក់ព័ន្ធនឹងសិទ្ធិយេនឌ័រ (Gender Eligibility) របស់សមាគមប្រដាល់អន្តរជាតិ IBA ។
នៅត្រង់ចំណុចនេះ មនុស្សចំនួនចោទសួរថា តើ Imane Khelif ជាប្រុស ឬក៏ស្រី0x017d7 ចម្លើយគឺ កីឡាការិនី Imane Khelif មិនមែនជាអត្តពលិកកែភេទនោះទេ។ នាងជាមនុស្សស្រី ហើយលិខិតឆ្លងដែនក៏បញ្ជាក់ថានាងជាស្រីផងដែរ ប៉ុន្តែដោយសារបញ្ហាការអភិវឌ្ឍន៍ផ្លូវភេទ (DSD) បណ្តាលឱ្យមានក្រូម៉ូសូម XY និងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនស្រដៀងហ្សែនមនុស្សបុរស។ IBA មានច្បាប់សិទ្ធិទទួលបានការប្រកួតសម្រាប់កម្រិតតេស្តូស្តេរ៉ូន ដូច្នេះតម្រូវឆ្លងកាត់ការធ្វើតេស្ត ហើយ Khelif មានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ ដែលមិនចូលក្នុងលក្ខណៈវិនិច្ឆ័យសិទ្ធិរបស់ IBA ដូច្នេះនាងមិនត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងឡើយ។

នៅក្នុងការប្រកួតកីឡាប្រដាល់សកលនារី ប្រភេទទម្ងន់៦៦គីឡូក្រាម វគ្គ១៦នាក់ចុងក្រោយ នៅឯសាល North Paris Arena កីឡាការិនី Khelif វាយចេញបានតែ២ដៃប៉ុណ្ណោះ ដោយកណ្តាប់ដៃទី១ចំចង្កា និងកណ្តាប់ដៃទី២ចំមុខផ្នែកខាងស្តាំជាប់ចម្រុះ ដែលធ្វើឱ្យកីឡាការិនី Carini ដើរជ្រុងម្ខាងសង្វៀន ហើយបានលុតជង្គង់ស្រក់ទឹកភ្នែក និងបដិសេធបន្តការប្រកួតជាមួយ Khelif ដែលមានន័យថាបោះបង់ការប្រកួត ដូច្នេះកីឡាការិនីអាល់ហ្សេរីគឺជាអ្នកឈ្នះ ហើយបន្តឡើងទៅវគ្គ៨នាក់ចុងក្រោយ ដោយត្រូវប៉ះកីឡាការិនីហុងគ្រី Luca Hamori នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ។
កីឡាការិនីអ៊ីតាលី Carini បានថ្លែងទាំងខូចចិត្តក្រោយបោះបង់ការប្រកួតថា «ខ្ញុំខូចចិត្តខ្លាំងណាស់។ ខ្ញុំឡើងសង្វៀននេះ ដើម្បីផ្តល់មោទកភាពជូនឪពុករបស់ខ្ញុំ។ ខ្ញុំត្រូវបានគេប្រាប់ជាច្រើនដងថា ខ្ញុំគឺជាអ្នកចម្បាំង១រូប ប៉ុន្តែខ្ញុំបោះបង់ការប្រកួតដើម្បីសុខភាពរបស់ខ្ញុំ។ ខ្ញុំមិនដែលមានអារម្មណ៍ថាប្រឈមនឹងការប្រកួតបែបនេះទេ»។ កីឡាការិនីវ័យ២៥ឆ្នាំរូបនេះបន្តថា «ខ្ញុំមិនមែនចុះចាញ់ទេ ប៉ុន្តែមួយកណ្តាប់ដៃៗគឺពិតជាឈឺខ្លាំងពេកហើយ ខ្ញុំឈឺចម្រុះខ្លាំងណាស់។ ខ្ញុំមិនអាចបញ្ចប់ការប្រកួតបាននោះទេ បន្ទាប់ពីដាល់ចំច្រមុះ។ ដូច្នេះជាការប្រសើរដើម្បីបញ្ចប់ការប្រកួតនេះ»។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានប្រតិកម្មធ្ងន់ៗថា អត្តពលិកដែលមានលក្ខណៈហ្សែនជាបុរសមិនគួរត្រូវបានអនុញ្ញាតឱ្យប្រកួតជាមួយនឹងអត្តពលិកនារីឡើយ។ ដោយតាមគំនិតលោកស្រីគឺមិនស្មើភាពគ្នា។
គួរឱ្យដឹងថា កីឡាការិនី Imane Khelif អាយុ២៥ឆ្នាំ ក្លាយជាអ្នកប្រដាល់អាជីពនៅឆ្នាំ ២០១៨ ដោយធ្លាប់តំណាងប្រទេសអាល់ហ្សេរី ចូលរួមការប្រកួតព្រឹត្តិការណ៍ធំៗជាច្រើន រួមទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូឆ្នាំ ២០២០។ សមិទ្ធផលធំៗរបស់នាងគឺការឈ្នះមាសព្រឹត្តិការណ៍ African Championships 2022, Mediterranean Games 2022, Arab Games 2023 និងមេដាយប្រាក់ World Championships 2022 ផងដែរ។ កាលពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ Khelif បានចាញ់កីឡាការិនីអៀរឡង់ Kellie Harrington នៅវគ្គ៨នាក់ចុងក្រោយ ប្រភេទទម្ងន់៦០គីឡូក្រាម៕ (ប្រភព ៖ The Guardian, CNN, AP និង GiveMeSport)

ចែករំលែកព័តមាននេះ