សហរដ្ឋអាមេរិកប្រកាសគ្រប់គ្រងទុនបម្រុងប្រេងឆៅដ៏មហាសាលរបស់វ៉េណេស៊ុយអេឡា
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៣ ខែមករា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៣ ខែមករា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា រហូតដល់មានការផ្លាស់ប្តូរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។ នេះបើតាមប្រភពពី CNN និង BBC បានចេញផ្សាយ។
ជាមួយគ្នានោះ លោក ត្រាំ ក៏បានអះអាងថា អាមេរិកនឹងគ្រប់គ្រងទុនបម្រុងប្រេងឆៅដ៏មហាសាលរបស់វ៉េណេស៊ុយអេឡា និងជ្រើសរើសបណ្តាក្រុមហ៊ុនអាមេរិកឱ្យវិនិយោគលើទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងដែលខូចរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។
យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានបង្ហាញថា ប្រទេសវ៉េណេស៊ុយអេឡាកំពុងមានប្រេងឆៅចំនួន ៣០៣ ពាន់លានបារ៉ែល ដែលប្រហែលមួយភាគប្រាំនៃទុនបម្រុងប្រេងឆៅសកលលោក។ ប្រេងឆៅដ៏ច្រើនសន្ធឹកសន្ធាប់នោះ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអនាគតរបស់វ៉េណេស៊ុយអេឡា ។ ដ្បិតវ៉េណេស៊ុយអេឡា គឺជាប្រទេសមានទុនបម្រុងប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក តាមពីក្រោយដោយប្រទេសអារ៉ាប៊ីសាអូឌីត។
កិច្ចសន្យាប្រេងនាពេលអនាគត មិនត្រូវបានជួញដូរនៅថ្ងៃចុងសប្តាហ៍នោះទេ ដូច្នេះផលប៉ះពាល់រយៈពេលខ្លីលើតម្លៃប្រេងឆៅពិភពលោក ត្រូវបានព្យាករណ៍ថាមានបន្តិចបន្តួចប៉ុណ្ណោះ។
គួររំលឹកថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ហើយទន្ទឹមជាមួយការវាយប្រហារនោះ លោក ម៉ាឌូរ៉ូ រួមទាំងភរិយាលោក គឺលោកស្រី ស៊ីលៀ ហ្វ្លរេស (Cilia Flores) ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអាមេរិក និងបាននាំខ្លួនចេញប្រទេសកំណើតផងដែរ។ អនុប្រធានាធិបតីរបស់វ៉េណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) បានប្រកាសពីភាពអាសន្នជាតិ និងថ្កោលទោសការឈ្លានពានយោធាអាមេរិក។
លោក ម៉ាឌូរ៉ូ និងភរិយាត្រូវបាននាំខ្លួនតាមឧទ្ធម្ភាគចក្រអាមេរិកចេញពីរដ្ឋធានីការ៉ាកាស (Caracas) នៅព្រឹកព្រលឹមថ្ងៃទី៣ ខែមករា ទៅកាន់នាវាចម្បាំង USS Iwo Jima នៅទីតាំងមិនស្គាល់មួយកន្លែងក្នុងសមុទ្រការ៉ាប៊ីន។ អ្នកទាំងពីរត្រូវបានបញ្ជូនបន្តតាមយន្តហោះទៅមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រហ្គាន់តាណាម៉ូ (Guantanamo) ប្រទេសគុយបា មុនពេលត្រូវបានផ្ទេរទៅយន្តហោះមួយផ្សេងទៀត ដើម្បីបន្តដំណើរឆ្ពោះទៅកាន់រដ្ឋញូវយ៉ក (New York) ហើយបន្ទាប់មកត្រូវបានហោះហើរតាមឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌលឃុំឃាំងទីក្រុងញូវយ៉កក្នុងតំបន់ប្រ៊ូគ្លីន (Brooklyn)។
លោកស្រី ផាំ ប៊នឌី (Pam Bondi) អគ្គព្រះរាជអាជ្ញាសហរដ្ឋអាមេរិក បានថ្លែងថា លោក ម៉ាឌូរ៉ូ និងលោកស្រី ហ្វ្លរេស ត្រូវបានចោទប្រកាន់នៅក្នុងស្រុកភាគខាងត្បូងនៃទីក្រុងញូវយ៉កពីបទឃុបឃិតគ្នាប្រព្រឹត្តអំពើភេរវកម្មគ្រឿងញៀន និងនាំចូលកូកាអ៊ីន កាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លិចបំផ្លាញ ក៏ដូចជាឃុបឃិតគ្នាកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លិចបំផ្លាញប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកស្រី ប៊នឌី បានសរសេរនៅលើបណ្តាញសង្គម X ថា «អ្នកទាំងពីរនឹងប្រឈមមុខនឹងកំហឹងដ៏ពេញលេញរបស់យុត្តិធម៌អាមេរិក លើដីអាមេរិក ក្នុងតុលាការអាមេរិក នៅក្នុងពេលឆាប់ៗនេះ»។
សូមជម្រាបថា កន្លងទៅ លោក ម៉ាឌូរ៉ូ បានបដិសេធយ៉ាងដាច់អហង្ការថា លោកមិនមែនជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀនណាមួយនោះទេ ហើយបានចោទប្រកាន់អាមេរិកថា ប្រើប្រាស់សង្គ្រាមប្រឆាំងនឹងគ្រឿងញៀនជាលេស ដើម្បីព្យាយាមផ្តួលរំលំលោក និងដណ្តើមយកទុនបម្រុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសវ៉េណេស៊ុយអេឡា៕


ចែករំលែកព័តមាននេះ