ខេត្តព្រៃវែង ៖ ផ្ទះក្បឿង១ខ្នង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើន សរុបជាទឹកប្រាក់ប្រមាណជាង 3 ម៉ឺនដុល្លារ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយសារតែឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ។
ផ្ទះក្បឿងនេះមានទទឹង ៧ម៉ែត្រ និងបណ្ដោយ 8 ម៉ែត្រ ជញ្ជាំងធ្វើពីឈើនិងស័ង្កសី ត្រូវបានភ្លើងឆាបឆេះកាលពីវេលាម៉ោង 10 និង ៤០នាទីព្រឹក ថ្ងៃទី 3 មករានៅចំណុចភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង ចំណែកម្ចាស់ផ្ទះមានឈ្មោះ ពៅ សាវ ភេទស្រី អាយុ 48 ឆ្នាំ។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅព្រឹកមុនពេលកើតហេតុ ស្ត្រីជាម្ចាស់ ផ្ទះបានទៅលេងចៅនៅភូមិផ្សេង ចំណែកកូនៗដែលនៅជាមួយ បាននាំគ្នាចេញទៅធ្វើការបាត់អស់ ដោយចាក់សោរផ្ទះចោល។
ប្រភពដដែលបានបន្តទៀតថា នៅវេលាម៉ោង ជាង 10ព្រឹក អ្នកជិតខាងបានឃើញផ្សែងខ្មូលខ្មាញ់ហុយចេញពីក្នុងផ្ទះកើតហេតុ ភ្លាមនោះពួកគាត់ក៏នាំគ្នារត់ទៅមើល ក៏ស្រាប់តែឃើញអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅក្នុងផ្ទះទៅហើយ ទើបនាំគ្នាផ្អើលឆោឡោ ដោយម្នាក់ៗនាំគ្នារត់ទៅយកទឹកមកជួយពន្លត់ តែពន្លត់យ៉ាងណាក៏មិនឈ្នះ ទើបរាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍។
ដោយឡែកខាងសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមលោក ស៊ុំ សីហា អធិការនគរបាលស្រុកពារាំង បានដឹកនាំកម្លាំងអន្តរាគមន៍ រួមទាំងកំលាំងប៉ុស្តិ៍នគរបាលឃុំកំពង់ពពិល ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង បាញ់ទឹកអស់ចំនួន ៤រថយន្ត ទើបធ្វើឲ្យអណ្ដាតភ្លើងត្រូវបានរលត់ជាស្ថាពរ ហើយទប់ស្កាត់ភ្លើងមិនឲ្យឆ្លងរាលដាលទៅដល់ផ្ទះអ្នកជិតខាងឡើយ។
ចំពោះសម្ភារ:ដែលខូចខាតនៅក្នុងអគ្គីភ័យនេះរួមមាន ផ្ទះក្បឿង១ខ្ទង ប្រាក់ដុល្លាចំនួន3000$ ផាស់អាប់១គ្រឿង មាស៥ជី ទូរទឹកកក១គ្រឿង ម៉ាស៊ីនបោកខោអាវ១គ្រឿង ស្រូវ២០បេ រួមទាំងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត សរុបជាទឹកប្រាក់ចំនួន32000$ ៕







ចែករំលែកព័តមាននេះ