ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​នឹង​ក្លាយជា​មេ​ដឹក​នាំ​ហា​ម៉ាស់​ថ្មី​ក្រោយ​ការ​ធ្វើ​ឃា.ត​ហានី​យេ​?

5 ខែ មុន

ទី​ក្រុង​​ខាយ​រ៉ូ៖ បន្ទាប់​ពី​ប្រធាន​ក្រុម​ហាម៉ាស់​ត្រូវ​​​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​ពុធ​ គេ​គិត​ថា​លោក​ខា​លីត​ ម៉ាសាល់ (Khaled Mashal) អាច​នឹង​​ក្លាយ​ជា​អ្នក​ស្នង​តំណែង​បន្ត​។ លោក​ចាប់​ផ្ដើម​ល្បី​នៅ​​​ឆ្នាំ​១៩៩៧​នៅ​ពេល​ភ្នាក់​ងារ​សម្ងាត់​​​អ៊ី​ស្រាអែល​ចាក់​ថ្នាំ​ប៉ុន​ប៉ង​ធ្វើ​ឃាតគាត់​​នៅ​ពេល​​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​របស់​គាត់​នៅ​​ទី​ក្រុង​​​អាម៉ាន់​ (Amman) ​ប្រទេស​ហ្សក​ដង់​។…

ទី​ក្រុង​​ខាយ​រ៉ូ៖ បន្ទាប់​ពី​ប្រធាន​ក្រុម​ហាម៉ាស់​ត្រូវ​​​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​ពុធ​ គេ​គិត​ថា​លោក​ខា​លីត​ ម៉ាសាល់ (Khaled Mashal) អាច​នឹង​​ក្លាយ​ជា​អ្នក​ស្នង​តំណែង​បន្ត​។ លោក​ចាប់​ផ្ដើម​ល្បី​នៅ​​​ឆ្នាំ​១៩៩៧​នៅ​ពេល​ភ្នាក់​ងារ​សម្ងាត់​​​អ៊ី​ស្រាអែល​ចាក់​ថ្នាំ​ប៉ុន​ប៉ង​ធ្វើ​ឃាតគាត់​​នៅ​ពេល​​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​របស់​គាត់​នៅ​​ទី​ក្រុង​​​អាម៉ាន់​ (Amman) ​ប្រទេស​ហ្សក​ដង់​។

​ការ​ចាក់​ថ្នាំ​ប្រុង​ផ្ដាច់​ផ្ដិល​ជីវិត​មន្ត្រី​ជាន់​ខ្ពស់​របស់​​ក្រុម​ហាម៉ាស់​ម្នាក់​នេះ​​ត្រូវ​បាន​បញ្ជា​ដោយ​​លោក​ណឺតាន់​យ៉ាហ៊ូ។ ស្ដេច​ប្រទេស​ហ្សក​ដង់​មាន​កំហឹង​យ៉ាង​ខ្លាំង​។ ព្រះ​អង្គ​មាន​បន្ទូល​ថា​នឹង​ចាប់​ព្យួរ​ក​ឱ្យ​អស់​អ្នក​ណា​ដែល​ជា​ជន​ដៃ​សល់​នៅ​ក្នុង​អំពើ​នេះ​ ហើយ​ព្រះ​អង្គ​គំរាម​​លុប​ចោល​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​អ៊ីស្រាអែល​បើ​​​​អ៊ីស្រាអែល​មិន​ព្រម​​ប្រគល់​​​​ថ្នាំ​បន្សាប​។​

កាល​នោះ អ៊ីស្រាអែល​មិន​ហ៊ាន​ប្រកែក​ដែរ​ សុខ​ចិត្ត​ប្រគល់​ថ្នាំ​បន្សាប​តាម​សម្រួល​ និង​យល់​ព្រម​ដោះ​​លែង​មេ​​ហាម៉ាស់​​ឈ្មោះ​សេក​អាមេត​យ៉ាស៊ីន (Sheikh Ahmed Yassin)​។ កន្លង​ផុត​ទៅ​បាន​៧​ឆ្នាំ អ៊ីស្រា​អែល​នៅ​តែ​តាម​ធ្វើ​ឃាត​យ៉ាស៊ីន​ឱ្យ​​ទាល់​តែ​បាន​នៅ​តំបន់​ហ្កាហ្សា​។ នៅ​ក្នុង​ចិត្ត​របស់​ពួក​អ៊ីស្រាអែល និង​បស្ចិម​ប្រទេស​, ​ហាម៉ាស់​ជា​ក្រុម​ភេរវ​កម្ម​​ដែល​ដើរ​តែ​ដាក់​គ្រាប់​បែក​អត្ត​ឃាត​នៅ​អ៊ីស្រាអែល​ និង​វាយ​ប្រហារ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​អ៊ីស្រាអែល​គ្មាន​ថ្ងៃ​បញ្ចប់​។​

ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​របស់​ពួក​ប៉ាឡេស្ទីន​ លោក​មេសា​អាល់​ និង​ថ្នាក់​ដឹក​នាំ​ហាម៉ាស់​ដទៃ​ទៀត​ជា​​អ្នក​តស៊ូ​ដើម្បី​រំដោះ​ជាតិ​សាស​ន៍​របស់​ខ្លួន​ចេញ​​ពី​ការ​ត្រួត​ត្រា​របស់​​អ៊ីស្រាអែល​​។ មេសាអាល់​សព្វ​​ថ្ងៃ​នេះ​មាន​អាយុ​៦៨​ឆ្នាំ​ គាត់​ក្លាយ​ជា​មេ​ដឹក​នាំ​នយោបាយ​និរ​ទេស​របស់​ក្រុម​ហាម៉ាស់​​តាំង​ពី​១​ឆ្នាំ​​​មុន​ពេល​ក្រុម​អ៊ីស្រាអែល​ចង់​កម្ចាត់​គាត់​ចេញ​។ តាម​រយៈ​តួនាទី​នេះ មេសាអាល់​ជា​អ្នក​តំណាង​ឱ្យ​ក្រុម​ហាម៉ាស់​នៅ​ក្នុង​កិច្ច​ប្រជុំ​​ជា​មួយ​រដ្ឋាភិបា​លបរទេស​នៅ​ទូទាំង​ពិភព​លោក​។

ទោះ​បីមន្ត្រី​ហាម៉ាស់​ដទៃ​ទៀត​​មិន​អាច​​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​សារ​អ៊ីស្រាអែល​ហាម​ឃាត់​​ ប៉ុន្តែ​ខាលីត​ ម៉ាសាល់​​​​អាច​ចូល​រួម​ប្រជុំ​ដោយ​គ្មាន​បញ្ហា​។​ ប្រភព​ពី​​ក្រុម​ហាម៉ាស់​​ថ្លែង​ថា​មេសាអាល់​អាច​​នឹង​ត្រូវ​គេ​ជ្រើស​រើស​ជា​មេ​ដឹកនាំ​ថ្មី​របស់​ហាម៉ាស់​ដើម្បី​ស្នង​តំណែង​​លោក​អ៊ីស្មាអ៊ីល ហានីយេ (Ismail Haniyeh)​​ ដែល​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ប្រទេស​អ៊ីរ៉ង់​​។ ​​អ៊ីស្រាអែល​មិន​បាន​ប្រកាស​ថា​ខ្លួន​ជា​ជន​ដៃ​ដល់​នៅ​ក្នុង​ការ​ធ្វើ​ឃាត​នេះទេ​។​ ប៉ុន្តែ​អ៊ីរ៉ង់​ និង​ហាម៉ាស់​យល់​ថា​​នេះ​ជា​ស្នា​ដៃ​របស់​អ៊ីស្រាអែល​ច្បាស់​ណាស់​។​​

មន្ត្រី​ជាន់​ខ្ពស់​ហាម៉ាស់​ឈ្មោះ​ខាលីល​ អាល់​ហាយ៉ា (Khalil al-Hayya) ដែល​កំពុង​រស់​នៅ​ប្រទេស​កាតា​ និង​​ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​របស់​ក្រុម​​​ហាម៉ាស់​ទៅ​​ចរ​ចា​គ្នា​ជា​មួយ​អ៊ីស្រាអែល​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​នោះ គាត់​ក៏​អាច​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​កំពូល​ថ្មី​របស់​ក្រុម​ហាម៉ាស់​ផង​ដែរ​​។ គាត់​ជា​មនុស្ស​សំណព្វ​ចិត្ត​របស់​អ៊ីរ៉ង់ និង​សម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។​

​ខាលីត​ ម៉ាស៊ីល​ និង​អ៊ីរ៉ង់​ធ្លាប់​មានទំនាក់​ទំនង​រកាំ​រកូស​នឹង​គ្នា​នៅ​ពេល​​​មេសា​អាល់​គាំទ្រ​ចលនា​បះ​បោរ​របស់​ក្រុម​ឥស្លាម​​ស៊ុន​នី​កាល​ពី​ឆ្នាំ​២០១១​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​អាល់​អាសាត​នៅ​ប្រទេស​ស៊ីរី​។ ចាប់​តាំង​ពី​ក្រុម​ហាម៉ាស់​បង្កើត​ឡើង​​​កាល​ពី​ឆ្នាំ​១៩៨៧ អ៊ីស្រាអែល​​បាន​ធ្វើ​ឃាត​​​​ ឬ​ប៉ុន​ប៉ង​ធ្វើ​ឃាត​មេ​ដឹក​នាំ និង​ភ្នាក់​ងារ​​របស់​​ក្រុម​ហាម៉ាស់​​​ជា​ច្រើន​នាក់​។

​មេសា​អាល់​បាន​ប្រកាន់​យក​មាគ៌ា​​កណ្ដាល​នៅ​ក្នុង​ចំណោម​មន្ត្រី​កំពូល​ៗ​របស់​ហាម៉ាស់​​​ដទៃ​ទៀត​ចាប់​តាំង​ពី​ទស​វត្ស​ទី​៩០​។ តាំង​ពី​យូរ​មក​ហើយ​ គាត់​​ច្រើន​ធ្វើ​​ការ​នៅ​​​ក្រៅ​ប្រទេស​អ៊ីស្រាអែល​ជា​លក្ខណៈ​អ្នក​នយោ​បាយ​ពនេចរ​។ នៅ​អំឡុង​ពេល​នោះ អ៊ីស្រាអែល​រៀប​ផែន​ការ​សំឡេះ​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​ហាម៉ាស់​ជា​បន្ត​បន្ទាប់​នៅ​ជ្រោយ​ហ្កាហ្សា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​ឆេន​ណាល​ ញូ អេ​ស៊ា (Channel News Asia)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ