មនុស្សជាច្រើនរអ៊ូអំពីបរិយាកាសការងារដ៏អាប់អួរនៅកន្លែងធ្វើការ មិនថា កន្លែងធ្វើការរដ្ឋ ឬឯកជនឡើយ ។ កន្លែងធ្វើការមានមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាមកជួបជុំគ្នា ដើម្បីសម្រេចបាននូវគោលដៅរួម ។ នៅក្នុងបរិយាកាសបែបនេះ អាកប្បកិរិយារបស់មនុស្សម្នាក់ៗមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបរិយាកាស…
មនុស្សជាច្រើនរអ៊ូអំពីបរិយាកាសការងារដ៏អាប់អួរនៅកន្លែងធ្វើការ មិនថា កន្លែងធ្វើការរដ្ឋ ឬឯកជនឡើយ ។ កន្លែងធ្វើការមានមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាមកជួបជុំគ្នា ដើម្បីសម្រេចបាននូវគោលដៅរួម ។ នៅក្នុងបរិយាកាសបែបនេះ អាកប្បកិរិយារបស់មនុស្សម្នាក់ៗមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបរិយាកាស និងផលិតភាពនៃការងារ ។
ដូច្នេះគ្រប់គ្នាគួរតែចៀសវាងអាកប្បកិរិយាដែលបំពុលបរិយាកាសការងារ ។ ផ្ទុយទៅវិញ យើងគួររួមគ្នាបង្កើតបរិយាកាសដ៏ល្អមួយសម្រាប់ការងារដោយមនុស្សទាំងអស់ស្រឡាញ់គ្នា គោរពគ្នា សហការគ្នា ដើម្បីសម្រេចជោគជ័យរួមរបស់ស្ថានប័ន ឬក្រុមហ៊ុន ។ ដូច្នេះយើងគួរតែខិតខំធ្វើជាបុគ្គលិកល្អ ហើយមិនបំពុលកន្លែងធ្វើការរបស់យើង ។ ឥឡូវសូមយើងពិនិត្យមើលផលប៉ះពាល់នៃបរិយាកាសការងារដ៏អាប់អួរនៅកន្លែងធ្វើការ ។
អាកប្បកិរិយាបំពុលអាចបំផ្លាញសីលធម៌ក្រុមយ៉ាងធ្ងន់ធ្ងរ ។ សកម្មភាពអវិជ្ជមានដូចជា និយាយដើមគេ វាយប្រហារគេ ឬការរិះគន់ឥតឈប់ឈរ បង្កើតបរិយាកាសការងារពោរពេញដោយជម្លោះ ។ នៅពេលដែលសមាជិកក្រុមមានអារម្មណ៍ថា មិនមានតម្លៃ ឬមានការគំរាមកំហែង ការលើកទឹកចិត្ត និងការចូលរួមរបស់ពួកគេនឹងធ្លាក់ចុះ ។
ទន្ទឹមនោះ ហេតុផលទ២ គឺ បរិយាកាសការងារមិនល្អ នាំឱ្យថយចុះផលិតភាព ។ នៅពេលដែលនិយោជិកជាប់រវល់នឹងការដោះស្រាយជាមួយនឹងភាពអវិជ្ជមាន ពួកគេមានថាមពលផ្លូវចិត្ត និងអារម្មណ៍តិច ដើម្បីលះបង់ចំពោះកិច្ចការរបស់ពួកគេ ។ នេះអាចបណ្តាលឱ្យខកខានដល់ពេលកំណត់ គុណភាពការងារទាប និងចុងក្រោយ ការថយចុះនៃភាពរីកចម្រើនរបស់ស្ថាប័ន ។
ហេតុផលទី៣ គឺអាកប្បកិរិយាពុលក្តួច នៅកន្លែងការងារ នឹងធ្វើអោយមនុស្សល្អឬបុគ្គលិកល្អជាច្រើនចាកចេញ។ មនុស្សដែលមានទេពកោសល្យ ត្រឹមត្រូវ និងល្អ ទំនងជាមិនអាចទ្រាំបាននឹងបរិយាកាសការងារដ៏អាប់អួរទេ ។ ដូច្នេះបរិយាកាសពុលក្តួចនៅកន្លែងធ្វើការនឹងធ្វើអោយបុគ្គលិកល្អជាច្រើនចាកចេញ ហើយជាលទ្ធផល វាធ្វើអោយប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់ក្រុម និងក្រុមហ៊ុនឬស្ថាប័ន ។
សំខាន់ដូចគ្នានោះ បើសិនជាយើងធ្វើអោយកន្លែងការងារពុលក្តួច មិត្តរួមការងារនឹងដឹងហើយយើងជាប់ឈ្មោះអាក្រក់ជាមនុស្សពុលក្តួច ។ អាកប្បកិរិយារបស់យើងនឹងធ្វើអោយខូចឈ្មោះរបស់យើង។ ដូច្នេះ យើងនឹងមិនអាចរីកចម្រើនក្នុងការងារទេ។
ជួនកាលអាកប្បកិរិយាពុលក្តួចមានលក្ខណៈធ្ងន់ធ្ងរ អាចមានផលប៉ះពាល់ផ្នែកច្បាប់ និងសីលធម៌ធ្ងន់ធ្ងរ ។ ក្រុមហ៊ុន ឬស្ថាប័ន មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ដើម្បីថែរក្សាបរិយាកាសល្អនៅកន្លែងធ្វើការ ។ ក្រុមហ៊ុន និងស្ថាប័ន អាចមានការចាត់វិធានការវិន័យ រួមទាំងការបញ្ចប់ការងារផងដែរ ។
អាកប្បកិរិយាមិនល្អនៅកន្លែងការងារក៏អាចប៉ះពាល់ដល់សុខុមាលភាពផ្ទាល់ខ្លួនរបស់យើងផងដែរ ។ ភាពអវិជ្ជមាន និងជម្លោះមិនឈប់ឈរ អាចនាំឱ្យមានភាពតានតឹង ការថប់បារម្ភ និងសូម្បីតែជំងឺធ្លាក់ទឹកចិត្ត ។ ការបណ្តុះទំនាក់ទំនងវិជ្ជមាន និងបរិយាកាសការងារដែលគាំទ្រអាចរួមចំណែកដល់សុខភាពផ្លូវចិត្ត និងបង្កើនប្រសិទ្ធភាពការងារ។
បុគ្គលម្នាក់ៗមានអំណាចមានឥទ្ធិពលលើវប្បធម៌ការងារ ។ តាមរយៈការជ្រើសរើសធ្វើជាមិត្តរួមការងារដែលមានភាពវិជ្ជមាន និងគាំទ្រ យើងរួមចំណែកដល់បរិយាកាសការងារល្អ និងផលិតភាពកាន់តែច្រើន។ វប្បធម៌ការងារជាវិជ្ជមានជំរុញឱ្យមានកិច្ចសហការ ភាពច្នៃប្រឌិត និងការពេញចិត្តការងារ ផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នានៅកន្លែងការងារ ៕
ចែករំលែកព័តមាននេះ