ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ព្រែក​ត្នោត​ជន់​លិច​ភូមិឋាន​ក្នុង​ខណ្ឌដង្កោកើនឡើង​​ចំនួន​៥​សង្កាត់​ហើយ

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​បន្ត​ជន់​ឡើង​កាន់តែ​ខ្លាំង​ថែម​ទៀត មិន​ទាន់​មានការ​ថមថយ​ទៅ​វិញ​នៅឡើយ​ទេ ដោយ​គិត​រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ នេះ ។ ទឹកបាន​ជន់​ហៀរ​ចេញពី​ស្ទឹង​ហូរ​ក្នុង​ភូមិឋាន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ​ ៖ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​បន្ត​ជន់​ឡើង​កាន់តែ​ខ្លាំង​ថែម​ទៀត មិន​ទាន់​មានការ​ថមថយ​ទៅ​វិញ​នៅឡើយ​ទេ ដោយ​គិត​រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ នេះ ។ ទឹកបាន​ជន់​ហៀរ​ចេញពី​ស្ទឹង​ហូរ​ក្នុង​ភូមិឋាន​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​លិច​ជា​ច្រើន​ខ្នង​បន្ថែម​ទៀត នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។  

ការ​លិចលង់​បាន​កើនឡើង​ដល់​ចំនួន​៥​សង្កាត់ ស្មើនិង​១៤​ភូមិ,១៦២​ខ្នង​ផ្ទះ,២០២​គ្រួសារ ប៉ះពាល់​មនុស្ស​៨៣៥​នាក់ ,​ផ្លូវ​បេតុង​ក្នុងភូមិ​ចំនួន​៤​ខ្សែ ,​វត្ត​ចំការ​ខ្សាច់​១,​សាលាសង្កាត់​ស្ពានថ្ម​១ និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ពានថ្ម​១​ផង​ដែរ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ឡើយ ។

នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្ថានភាព​ទឹកស្ទឹង​នោះ​ជាប់​ជា​ប្រចាំ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ឬ​ជម្លៀស​ប្រជាពលរដ្ឋ​គ្រប់ពេល ក្នុង​ករណី​ដែល​ទឹក​ជន់​កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ ។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា សង្កាត់​ទាំង​៥​ខាងលើ​នោះ​ រួម​មាន​ទី​១-​សង្កាត់​គង​ន​យ​លិច​ចំនួន​០៣​ភូមិ ក្នុង​នោះ​ មាន​ភូមិ​វាល​ថ្លាន់​ចំនួន​២៧​ខ្នង​ផ្ទះ ស្មើ​នឹង​៣៥​គ្រួសារ មនុស្ស​សរុប​ចំនួន​១៧៨​នាក់ និង​ផ្លូវ​១​ខ្សែ ។ ភូមិ​គង​ន​យ​ចំនួន​០៥​ខ្នង​ផ្ទះ ស្មើ​នឹង​០៦​គ្រួសារ មនុស្ស​សរុប​ចំនួន​២៤​នាក់,​ភូមិ​សិរីសម្បត្តិ​ចំនួន​១៥​ខ្នង​ផ្ទះ ស្មើ​១៥​គ្រួសារ មនុស្ស​សរុប​ចំនួន​៦៥​នាក់ និង​ផ្លូវ​ចំនួន​០២​ខ្សែ ។  

ទី​២-​សង្កាត់​សាក់​សំពៅ​ចំនួន​០៣​ភូមិ ក្នុង​នោះ​ ភូមិ​ពោធិ៍​រលំ​ចំនួន​០២​ខ្នង​ផ្ទះ ស្មើ​នឹង​០២​គ្រួសារ មនុស្ស​សរុប​ចំនួន​០៨​នាក់ ។ ភូមិ​សំបួរ​ចំនួន​០២​ខ្នង​ផ្ទះ ស្មើ​នឹង​០៣​គ្រួសារ មនុស្ស​សរុប​ចំនួន​១៥​នាក់ ,​ភូមិ​ពាម​០១​ខ្នង​ផ្ទះ ស្មើ​នឹង​០១​គ្រួសារ មនុស្ស​សរុប​ចំនួន​០៥​នាក់ និង​ផ្លូវ​១​ខ្សែ​ ។

​ទី​៣-​សង្កាត់​ព្រៃវែង​លិច​ភូមិ​សេរី​ដីដុះ មាន​ចំនួន​៨០​ខ្នង​ផ្ទះ ស្មើ​នឹង​១០៤​គ្រួសារ មនុស្ស​សរុប​ចំនួន​៣៣៨​នាក់ ។

ទី​៤-​សង្កាត់​ទៀន លិច​ភូមិ​កន្ទុយ​ទឹក​ចំនួន​១១​ខ្នង​ផ្ទះ ស្មើនឹង​១៧​គ្រួសារ មនុស្ស​សរុប​ចំនួន​៦៨​នាក់ ។

ទី​៥-​សង្កាត់​ស្ពានថ្ម​ចំនួន​៦​ភូមិ​ក្នុង​នោះ​មាន​ភូមិ​អញ្ចាញ​ចំនួន​៣​ខ្នង​ផ្ទះ ស្មើ​នឹង​០៣​គ្រួសារ មនុស្ស​សរុប​ចំនួន​០៩​នាក់ ,​ភូមិ​ម៉ឺន​ត្រា​លិច​វត្ត​ចំការ​ខ្សាច់ ប៉ះពាល់​ព្រះសង្ឃ​និង​គ្រហស្ថ​ចំនួន​៤៧​អង្គ​/​នាក់ ,​ភូមិ​ស្ពានថ្ម​ចំនួន​០៥​ខ្នង​ផ្ទះ ស្មើនឹង​០៥​គ្រួសារ មនុស្ស​សរុប​ចំនួន​២៥​នាក់ លិច​សាលាសង្កាត់​ស្ពានថ្ម និង​ប៉ុស្តិ៍​នគរបាល​ស្ពានថ្ម ។ ភូមិ​ស្វាយ​មាន​លក្ខណ៍​ចំនួន​០៤​ខ្នង​ផ្ទះ ស្មើ​នឹង​០៤​គ្រួសារ មនុស្ស​សរុប​ចំនួន​១៨​នាក់ ,​ភូមិ​ហា​០៥​ខ្នង​ផ្ទះ ស្មើនឹង​០៥​គ្រួសារ មនុស្ស​សរុប​ចំនួន​២១​នាក់​,​ភូមិ​ដូង​ចំនួន​០២​ខ្នង​ផ្ទះ ស្មេ​ី​នឹង​០២​គ្រួសារ មនុស្ស​សរុប​ចំនួន​១៤​នាក់ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ជន់​ឡើងជា​បន្តបន្ទាប់​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ឡើង​ខ្លាំង​មែនទែន​បណ្ដាល​ឲ្យ​លិច​ផ្ទះសម្បែង ទី​វត្ត​អារាម សាលាសង្កាត់​និង​ប៉ុស្តិ៍​នគរបាល​នោះ​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​មកនេះ ។ ដោយ​ផ្ទះ​ខ្លះ​លិច​ត្រឹម​ស្មងជើង ត្រឹម​ភ្លៅ ចង្កេះ ឬ​ផ្ទះ​ដែល​នៅ​ជាប់​ផ្ទាល់​និង​មាត់​ស្ទឹង​តែ​ម្ដង​លិច​ជ្រៅ​ជាង​នេះ រីឯ​បរិវេណ​ឯ​វត្ត​ចំការ​ខ្សាច់​ក៏​លិច​គឺ​ត្រូវ​ទឹក​លិច​ទាំងស្រុង ដោយ​មាន​កន្លែង​ខ្លះ​លិច​ក្បាល​ទៀត​ផង​។ ចំណែក​ព្រះសង្ឃ​បាន​គង់នៅ​លើ​សាលាឆាន់​ដែល​សង់​ខ្ពស់ ព្រមទាំង​ប្រើ​ទូកង​សម្រាប់​ជា​មធ្យោបាយ​ដឹក​សម្ភារ​ផ្សេង​ៗ​ដូច​ជា​ស៊ី​​ម៉​ង៌​ជាដើម​យក​ទៅ​ទុក​នៅ​ទី​ខ្ពស់ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​បន្ត​ទៀត​ថា បញ្ហា​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ​គឺ​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​មិន​ដាន់​នៅ​ឯ​ខេត្តកំពង់ស្ពឺ ឬ​ខេត្ត​ជាប់​នោះ ហើយ​វា​មិន​ទៀង​នោះ​ទេ​ថា​ទឹក​ស្រក​ទៅ​វិញ​នៅ​ពេល​ណា​នោះ ។ ប្រសិនបើ​មេឃ​នៅ​តែ​មាន​ភ្លៀង គឺ​ទឹកស្ទឹង​នេះ​ក៏​នៅ​តែ​បន្ត​ជន់​លិច​ទៀត​ដែរ ហើយ​ការ​លិច​កាន់តែ​កើនឡើង​ច្រើន​សង្កាត់​និង​ច្រើន​ភូមិ​ថែម​ទៀត​ផង ។

ប៉ុន្តែ​បើ​មេឃ​លែង​មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​នោះ យ៉ាង​យូរ​២​ទៅ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទឹក​និង​ស្រក​ចូល​ទៅ​ក្នុង​ស្ទឹង​វិញ លែង​មានការ​លិចលង់​បន្ត​ទៀត​ហើយ នេះ​គឺជា​ទម្លាប់​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ​ជា​រៀង​រាល់​ឆ្នាំ​កន្លង​មក ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ