ប្រទេសបារាំង ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅតែមានទំនុកចិត្តថា ការប្រកួតកីឡាទ្រីយ៉ាត្លុង (Triathlon) នឹងប្រព្រឹត្តទៅតាមការគ្រោងទុក និងដោយរលូនចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ តទៅ។ បើទោះជាការហ្វឹកហាត់កីឡានេះ នៅតាមដងទន្លេសែន (Seine) ត្រូវបានលុបចោលជាលើកទី២ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ដោយសារតែបញ្ហាទឹកកខ្វក់ និងការបំពុលកើនឡើង បន្ទាប់ពីមានការភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃ។

ប្រភពពី BBC និង Euronews រាយការណ៍ថា ការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងអូឡាំពិកចំនួន ២ ត្រូវបានលុបចោល កាលពីថ្ងៃទី ២៨-២៩ ខែកក្កដា កន្លងទៅ ក្រោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដែលប៉ះពាល់ដល់គុណភាពទឹកទន្លេសែន ហើយសីតុណ្ហភាពត្រូវបានរំពឹងថានឹងឡើងដល់៣៤អង្សាសេ នៅថ្ងៃទី៣០ ខែកក្កដា នៅពេលវិញ្ញាសាទ្រីយ៉ាត្លុងបុរស ត្រូវបានកំណត់ពេលប្រកួត។ ចំណែកការប្រកួតនារី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា និងការប្រកួតជាក្រុមចម្រុះ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។

លោក Lambis Konstantinidis នាយកប្រតិបត្តិការព្រឹត្តិការណ៍ Paris 2024 បានបញ្ជាក់អំពីផែនការបម្រុងទុកជាច្រើនសម្រាប់ការប្រកួត ប្រសិនបើគុណភាពទឹកទន្លេសែនមិនល្អគ្រប់គ្រាន់។ ដោយលោកបានថ្លែងថា «ដំណោះស្រាយអាចមានសម្រាប់ទាំងការប្រកួតបុរស និងនារី នៅថ្ងៃតែមួយ។ យើងក៏មានលទ្ធភាព ដើម្បីដោះស្រាយការប្រកួតជាក្រុមចម្រុះ។ ជាការពិតណាស់ យើងមិនអាចធ្វើរឿងច្រើនពេកនៅក្នុងថ្ងៃតែមួយបានទេ។ យើងមានទំនុកចិត្តថាថ្ងៃស្អែក [ថ្ងៃអង្គារ] នឹងជាថ្ងៃល្អ»។

គួរឱ្យដឹងថា បញ្ហាគុណភាពទឹកទន្លេសែន កើតឡើងជារឿយៗ តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិកមិនចាប់ផ្តើមមកម្ល៉េះ។ រដ្ឋាភិបាលបារាំងបានចំណាយប្រហែល ១.៤ពាន់លានអឺរ៉ូ ដើម្បីព្យាយាមសម្អាត និងព្យាបាលទឹកទន្លេដ៏ល្បីល្បាញរបស់ប្រទេសបារាំងមួយនេះ មុនព្រឹត្តិការណ៍កីឡាអូឡាំពិក។ ប៉ុន្តែនៅតែត្រូវបានរកឃើញដោយអ្នកជំនាញថា ទឹកទន្លេនេះ នៅតែមានការបំពុលកម្រិតខ្ពស់ដដែល៕
ចែករំលែកព័តមាននេះ