ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អៅ ភ្ញាក់ផ្អើល​នឹង​សមត្ថភាព Anpo ក្រោយ​​ចប់​ការ​ប្រកួត​ដ៏​កក្រើក​នៅ​ជប៉ុន

11 ខែ មុន

ប្រទេស​ជប៉ុន ៖ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) បាន​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​អ្នកលេង​គុន​ចម្រុះ…

ប្រទេស​ជប៉ុន ៖ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) បាន​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​អ្នកលេង​គុន​ចម្រុះ MMA ជនជាតិ​ជប៉ុន Rukiya Anpo កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ ដែល​ជា​ការ​ប្រកួត​ក្រៅផ្លូវការ (Exhibition Match) លើ​សង្វៀន​កម្មវិធី Super Rizin 3 របស់​សមាគម​ប្រដាល់​ជប៉ុន RIZIN នៅ​កីឡដ្ឋាន Saitama Super Arena ស្ថិត​ក្នុង​ទីក្រុង​សៃ​តា​ម៉ា ប្រទេស​ជប៉ុន​។

ការ​ប្រកួត​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ចំនួន​៣​ទឹក ហើយ​១​ទឹក​មាន​រយៈពេល​៣​នាទី​ដ៏​កក្រើក​ប្រទេស​ជប៉ុន​មួយ​នេះ បញ្ចប់​ទៅ​នៅ​ក្នុង​លទ្ធផល​គ្មាន​អ្នក​ចាញ់​អ្នក​ឈ្នះ និង​គ្មាន​ការ​ដាក់​ពិន្ទុ​ជា​ផ្លូវការ​ណាមួយ​ពី​ចៅក្រម​។ ស្រប​ពេល​ដែល​អ្នក​ប្រដាល់​ឆ្នើម​ទាំង​ពីរ​រូប​មិន​អាច​ផ្តួល​ដៃគូ​ប្រកួត​ឱ្យ​បោះបង់​ការ​ប្រកួត​។ តាម​ពិត​ទៅ​ដើម​ឡើយ ប៉ាក់​គី​អៅ ត្រូវ​ប្រកួត​ជាមួយ​អ្នកលេង​គុន​ចម្រុះ​ជនជាតិ​ជប៉ុន Chihiro Suzuki នោះ​ទេ ប៉ុន្តែ​ក្រោយមក​រូបគេ​ត្រូវ​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការ​ប្រកួត បន្ទាប់​ពី​បាក់ដៃ​ខាងស្តាំ ហើយ​ត្រូវ​ជំនួស​មក​វិញ​ដោយ Rukiya Anpo​។

យ៉ាងណាមិញ ក្រៅពី​ការ​ជក់ចិត្ត​ដិតអារម្មណ៍​នឹង​សកម្មភាព​ប្រកួត​របស់​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ ដែល​ឈាន​ដល់​វ័យ​៤៥​ឆ្នាំ​នោះ អ្នក​ទស្សនា​ផ្ទាល់​ប្រមាណ ៤៨,០០០​នាក់ និង​អ្នកតា​មការ​ផ្សាយ​ផ្ទាល់​ជុំវិញ​ពិភពលោក ក៏​ភ្ញាក់ផ្អើល​ជាមួយនឹង​សមត្ថភាព​របស់ Anpo យ៉ាង​ខ្លាំង​ផង​ដែរ​។ អ្នក​ប្រដាល់ MMA និង Kickboxing ជនជាតិ​ជប៉ុន​វ័យ​២៨​ឆ្នាំ​រូប​នេះ បើ​ទោះបីជា​ប្រកួត​ប្រដាល់សកល​ខុស​ពី​ជំនាញ​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​រូបគេ​បែរជា​ផ្តល់​ការ​លំបាក់​យ៉ាង​ខ្លាំង​ដល់​គូប្រកួត​របស់​ខ្លួន រហូត​ដល់​ថ្នាក់ ប៉ាក់​គី​អៅ ភ្ញាក់ផ្អើល និង​លាន់មាត់​សរសើរ ក្រោយ​ចប់​ការ​ប្រកួត​នេះ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ហ្វី​លី​ពី​ន Rappler ដោយ​បាន​ស្រង់​សំដី​របស់​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត ដោយ ប៉ាក់​គី​អៅ សារភាព​ថា «Anpo ខ្លាំង ហើយ​វាយ​ចេញ​បាន​យ៉ាង​ល្អ បើ​ទោះបីជា​មានបទពិសោធន៍​ក្មេងខ្ចី​យ៉ាងណា​ក៏​ដោយ​។ ប៉ាក់​គី​អៅ បាន​បន្ថែម​ថា «​ការ​ប្រកួត​នេះ គឺជា​ការ​ប្រកួត​ដ៏​ល្អ ហើយ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ប្រសិន បើ​ខ្ញុំ​នឹង​បន្ត​ការ​ប្រយុទ្ធ​នៅ​ខែតុលា ឬ វិច្ឆិកា ខាង​មុខ​នេះ​»​។

គួរ​រំលឹក​ថា ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ កាលពីដើម​ខែមិថុនា​កន្លង​ទៅ ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​កំពុង​តែ​ចរចារ​ដើម្បី​ត្រឡប់​ឡើង​សង្វៀន​ប្រកួត​ប្រដាល់​អាជីព​សា​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​បាត់​មុខ​អស់​រយៈពេល​៣​ឆ្នាំ​។ ដោយ​កំពុង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់សកល​សញ្ចា​តិ​អា​មេ​រិ​ក Mario Barrios ដណ្តើម​ខ្សែក្រវាត់​ពិភពលោក WBC welterweight ហើយ​បើ​ការ​ពិភាក្សា​សម្រេច​ចេញ​ជា​ផ្លែផ្កា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​នេះ​ផ្ទាល់​តែ​ម្តង​។

គួរ​ឱ្យ​ដឹង​ថា ប៉ាក់​គី​អៅ ក្រោយ​ព្យួរ​ស្រោមដៃ​ពី​អាជីព​នៅ​ឆ្នាំ ២០២១ បាន​ប្រឡូក​ក្នុង​ឆាក នយោ បាយ និង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ផង​ដែរ ប៉ុន្តែ​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត កាលពី​ខែឧសភា ឆ្នាំ ២០២២​។ ទោះ​យ៉ាងណា​ក៏​ដោយ ប៉ាក់​គី​អៅ បាន​វិល​ត្រឡប់​ឡើង​សង្វៀន​សម្រាប់​ការ​ប្រកួត​ក្រៅផ្លូវការ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ខែធ្នូ ឆ្នាំ ២០២២ ដោយ​បាន​យកឈ្នះ​អ្នកលេង​ក្បាច់គុន​ចម្រុះ​កូរ៉េ​ខាងត្បូង និង​ជាតា​រា​យូ​ធូប DK Yoo​។

ដោយឡែក Rukiya Anpo ដែល​បាន​ចាប់ផ្តើម​អាជីព​នៅ​ឆ្នាំ ២០១១ ក៏​មាន​ប្រ​វិត្ត​មិនធម្មតា​ផង​ដែរ​។ ឆ្លងកាត់​៣៦​ប្រកួត ឈ្នះ​២៧​ដង ស្មើ​១​ដង ចាញ់​៨​ដង និង​បាន​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់​ការ​ប្រកួត​១៧​ដង ខណៈ​ស្មើ​១​ប្រកួត​គឺជា​មួយ​កំពូល​អ្នក​ប្រដាល់​មួយ​ថៃ ប៊ូ​ខាវ បេន​ឆា​មេ​ក កាលពី​ខែឧសភា ឆ្នាំ​២០២៣ ។ Anpo គឺជា​អតីត​ម្ចាស់​ខ្សែក្រវាត់ K-1 Super Lightweight មុន​ពេល​បន្ត​វិវឌ្ឍន៍​ខ្លួន​ទៅ​ជា​កីឡាករ​គុន​ចម្រុះ MMA នៅ​ចុងឆ្នាំ ២០២៣ ដោយ​ឆ្លងកាត់​១​ប្រកួត ចាញ់​កីឡាករ​មិត្ត​រួម​ជាតិ​ជប៉ុន Yuta Kubo៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ