ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយី​ឌុ​ប​ភ្លៅ​៥(ប្រភេទ​វ៉េ​អង)ដឹក​ទំនិញ​លើស​ទម្ងន់ដោយ​កំពុង​បំ.ផ្លា.ញ​ផ្លូវ​នៅ​ស្រុក​ច​ន្ទ្រា

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មើលចុះ រ​ថយ​ន្ត​ធុន​យក្ស​យី​ឌុ​ប​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ចំនួន​០២​គ្រឿង​ដឹក​លើស​ទម្ងន់​ធ្ងន់​ពេក បណ្តាល​ឲ្យ​ជាប់ផុង​ទៅ​មុខ​លែង​រួច​ ។ ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​…

ខេត្តស្វាយរៀង​ ៖ ​មើលចុះ រ​ថយ​ន្ត​ធុន​យក្ស​យី​ឌុ​ប​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ចំនួន​០២​គ្រឿង​ដឹក
​លើស​ទម្ងន់​ធ្ងន់​ពេក បណ្តាល​ឲ្យ​ជាប់ផុង​ទៅ​មុខ​លែង​រួច​ ។ ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ កក្កដា​ ២០២៤ ស្ថិតនៅ​ចំណុច​ជិត​វត្តចេក ​ក្នុងភូមិ​សំរោង​ ឃុំ​សំរោង ​ស្រុក​ច​ន្ទ្រា ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​មាន​រថយន្ត​ធុន​ធំ​ៗ​យី​ឌុ​ប​ភ្លៅ​ប្រាំ និង​រថយន្ត​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ធ្ងន់​ៗ​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជា ហ៊ុន ​សែន ផ្តល់​ជា​ចំណងដៃ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បន្ទាត់​​ព្រំដែន​នៃ ស្រុក​ច​ន្ទ្រា ដែល​ជា​ផ្លូវ ក្រាល​កៅស៊ូ ប្រវែង​ប្រមាណ​​១០​គីឡូម៉ែត្រ ក្លាយទៅជា​ផ្លូវ​ដី​ស្រុត​ខូច​ជា​សំបុកមាន់ កន្លែង​ខ្លះ​ក្លាយជា​រណ្តៅ​ជ្រៅ កន្លែង​ខ្លះ ក្លាយជា​ចង្អូរ ដីល្បាប់ រ​អឹ​ល ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ក្នុង​រដូវវស្សា​នេះ​ ។

ប្រជាពលរដ្ឋ​លើក​ឡើង​ទៀត​ថា ផ្លូវ​ដែល​រង​ការ​ខូច​នេះ គឺ​ចាប់ពី​ភូមិ​សំរោង​ឃុំ​សំរោង ទៅ​ភូមិ​ទួល​ស្តី ឃុំ​ទួល​ស្តី​និង សែន​ត ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ។​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សូម​ឲ្យ​លោក​អភិបាលស្រុក​ច​ន្ទ្រា ជា​ពិសេស ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង មេត្តា ចុះ​អន្តរាគមន៍​ពិនិត្យ​មើលផ្លូវ​កៅស៊ូ​១​ខ្សែ ត​ភ្ជាប់​ពី ឃុំ​សម្រោង ឃុំ​ទួល​ស្តី និង​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា បាន​ក្លាយទៅជា​ផ្លូវ​ដី មាន​ក្រឡុក រណ្តៅ ក្រហេងក្រហូង​តូច​ធំ​ជា​ច្រើន​គីឡូម៉ែត្រ​និង​កន្លែង​ខ្លះ​គឺ​បាក់​ស្រុត​ខូច​ទាំងស្រុង ដោយសារ​តែ​រថយន្ត​ធំ​ៗ យី​ឌុ​ប​ភ្លៅ​ប្រាំ ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​លើស​ទម្ងន់ ទាំងនេះ ហើយ​សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ ដោយ​បើកបរ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​តាម​ជនបទ បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវបែក​ល្បាប់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ជា​ពិសេស​សិស្សានុសិស្ស​ធ្វើ​ដំណើរ​តាម​កង់​ម៉ូតូ​ទៅ​សាលារៀន​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ផ្លូវ​ក្រាល​កៅស៊ូ​០១​ខ្សែ​នេះ ត​ភ្ជាប់​ពី​ឃុំ​ព្រៃ​គគីរ ទៅ​ឃុំ​ច្រេស ឃុំ​ច​ន្ទ្រា និង​ឃុំ​ទួល​ស្តី​និង​ឃុំ​សំរោង រហូត​ដល់​សាលាស្រុក​ច​ន្ទ្រា មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ជា​ច្រើន កំពុង​រង​ការ​បាក់​ស្រុត​ខូច ក្រហេងក្រហូង​ជា​រណ្តៅ​ធំ​ៗ ផ្លូវ​កៅស៊ូ​ក្លាយទៅជា​ផ្លូវ​ដី ក្រឡុក ធំ​ៗ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ខ្លាំង ដោយសារ​តែ​រថយន្ត​ធំ ៗ យី​ឌុ​ប ភ្លៅ​៥ ប្រភេទ​វ៉េ​អង ដឹក​ទំនិញ ធ្ងន់​ៗ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ចាប់ពី​៤០​តោន ទៅ​៥០​តោន ធ្វើ​ចរាចរ​ណ៏​លើ​ដងផ្លូវ បណ្តាល​ឲ្យ​បាក់​ស្រុត​ផ្លូវ​ក្លាយជា​រណ្តៅ​សំបុកមាន់ បែក​ល្បាប់​បង្ក​ឲ្យ​រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​នៅ​រដូវវស្សា​នេះ​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោង ឃុំ​សំរោង ភូមិ​ទួល​ស្តី​ឃុំ​ទួល​ស្តី​ស្រុក​ច​ន្ទ្រា បាន​លើក​ឡើង​ដែរ​ថា​. ផ្លូវ​នេះ​គឺជា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​សាងសង់​ដោយ​កង​វិស្វកម្ម សម្តេច​តេ​ជោ ហើយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​បាន​តែ​២-៣​ឆ្នាំ ក៏​ត្រូវ​ខូច​អស់​វិញ ដោយ​ផ្លូវ​នេះ​មាន​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​ធ្វើ​ចរា​ចរណ៍​ច្រើន គឺ​មាន​រថយន្ត​ដឹកស្រូវ ដឹក​ស្កស ដឹក​ដី​ដឹក​ខ្សាច់ ដឹក​ថ្ម និង​ដឹក​ទំនិញ​ជា​ច្រើន​ប្រភេទ ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ យី​ឌុ​ប​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ធ្ងន់​ៗ​បណ្តាល​ឲ្យ​ស្រុត​ផ្លូវ​ក្រាល​កៅស៊ូ​ទាំងស្រុង​គឺ​របើក​កៅស៊ូ​អស់ ក្លាយទៅជា​ផ្លូវ​ដី កាលពី​ខែប្រាំង​ដី​ហុយ ពេល​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ក្លាយជា​ល្បាប់​ដីឥដ្ឋ បង្ក​ឲ្យ​រ​អឹ​ល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។

​ប្រភព​បន្ត​ថា រថយន្ត​ធុន​យក្ស ដឹក​ទំនិញ​ទាំង​យប់​ទាំង​ថ្ងៃ​យក​ទៅ​សាង​នៅ​ច្រករបៀង​ជិត​ប៉ុ​ស្ត៍​ការពារ​ព្រំដែន ទួល​ស្តី និង​ច្រករបៀង​នៃ​ប៉ុ​ស្ត៍ន​គ​បាល​វ​រះ​ការពារ​ព្រំដែន​គោក​តែ​ក សង្ស័យ​ជា​ទំនិញគេចពន្ធ ត្រៀម​ឆ្លង​ដែន​ទៅ​ប្រ​ទេ​វៀតណាម មិនដឹង​ថា​ជា​ទំនិញ​អ្វីខ្លះ​ទេ​។ មហាជន​បាន​លើក​ឡើង​ថា រថយន្ត​ធុន​យក្ស​ទាំងនេះ​ដឹក​ទំនិញ​មក​រាល់ថ្ងៃ​សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា ពិនិត្យ​និង​បង្ក្រាប ឡើយ​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា ជួសជុល​ផ្លូវ​១​ខ្សែ​នេះ​ឡើង​វិញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​ផង​។​

ទាក់ទិន​ករណី​នេះ​ដែរ លោក​សំ លី​តូ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ឃើញ​ផ្លូវ​ស្រុត​ខូច នេះ មន្ទីរ និង​អាជ្ញាធរ​ខេត្ត​បាន​លើក​គម្រោង​សំណើរ​ទៅ​ក្រសួង ហើយ ដើម្បី​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ ក៏​ប៉ុន្តែ មិន​ទាន់​ធ្លាក់​ថវិកា​មក ដូច្នេះ​សូម​ប្រជា​ពលរដ្ឋ​យោគយល់ ។​ផ្លូវ​សាងសង់​ស្អាត​ល្អ​ហើយ ក៏​ប៉ុន្តែ ដោយសារ រថយន្ត​ធុន​ធំ​ៗ​ដឹក​ទំនិញ​ធ្ងន់​ៗ​ធ្វើ​ចរាចរណ៍ ទើប​ផ្លូវ​ឆាប់​ស្រុត​ខូច​បែប​នេះ​។​ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី លោក​អភិបាលស្រុក​ច​ន្ទ្រា បាន​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​២៧​កក្កដា​២០២៤​នេះ​។

ចំណែក​លោក​វរៈសេនីយ៍​យ៉​ន សុផល ប្រធាន​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ បាន​ទេ ទូរ​សព្ទ័​ជា​ច្រើន​លើក​ក៏​ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន​។ ចំណែក​លោក​ប្រធាន​ទីស្នាក់ការ​គយ​និង​រដ្ឋាករ​សា​ខា​ខេត្តស្វាយរៀង​ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដែរ ។​មហាជន​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្តស្វាយរៀង​មេត្តា ពិនិត្យ​ដោះស្រាយ​បញ្ហា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​បំផ្លាញ​ផ្លូវ ក្រាល​កៅស៊ូ​១​ខ្សែ​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន ផ្តល់​ជូន​ប្រជាពលរដ្ឋ​ស្រុក​ច​ន្ទ្រា​និង​ស្រុក​កំពង់​រោ​ទ៌ បាន​ធ្វើ​ដំណើរ​ស្រួល​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ