ប្រទេសបារាំង ៖ ពិធីបើកកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅយប់នេះផ្ទាល់តែម្តង ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអូឡាំពិក ក៏ដូចជាប្រជាជាតិបារាំងទាំងមូល។ ព្រឹត្តិការណ៍នេះ នឹងដំណើរការរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជាថ្ងៃបិទព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
ខាងក្រោមនេះជារឿងសំខាន់ៗ ដែលអ្នកគួរដឹង មុនពិធីបើកអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ចូលមកដល់ ៖
តើពិធីបើកនឹងប្រព្រឹត្តទៅនៅពេលណា?
ពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងក្នុងស្រុក ០៧:៣០នាទីយប់ ត្រូវនឹងម៉ោង ១២:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។ ពិធីដ៏ឱឡារិកនេះ ត្រូវបានរំពឹងថានឹងមានរយៈពេលជាង៣ម៉ោង ដោយទីក្រុងប៉ារីសបានបិទតំបន់សំខាន់ៗជាច្រើនរួចរាល់ហើយ។

តើអ្វីទៅផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ នៃពិធីបើកនៅឆ្នាំនេះ?
Paris 2024 នឹងបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មាន គឺជាកីឡាអូឡាំពិករដូវក្តៅដំបូងបំផុត ដែលរៀបចំពិធីបើកនៅខាងក្រៅកីឡដ្ឋាន។ ជំនួសប្រពៃណីកន្លងមក ដែលអត្តពលិកដើរជុំវិញផ្លូវអត្តពលកម្មនោះ។ ជាក់ស្តែង នៅឆ្នាំនេះ អត្តពលិក អ្នកចូលរួម និងអ្នកទស្សនាផ្ទាល់ នឹងរីករាយជាមួយនឹងក្បួនដង្ហែតាមដងទន្លេសែនដ៏រស់រវើក ដោយឆ្លងកាត់រដ្ឋធានីបេះដូងរបស់ប្រទេសបារាំង។

ទន្លេសែន (Seine) ដែលជាផ្លូវទឹកដ៏សំខាន់របស់ទីក្រុងប៉ារីស ឆ្លងកាត់ការធ្វើតេស្តជាច្រើនលើកច្រើនសា ដើម្បីបញ្ចប់ក្តីកង្វល់អំពីបញ្ហាទឹកកខ្វក់ ដោយក្នុងចំណោមនោះអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ថែមទាំងបានចុះហែលទន្លេថែមទៀតផង។ ដ្បិតរដ្ឋាភិបាលបារាំងបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីសម្អាត និងព្យាបាលទឹកទន្លេដ៏ល្បីល្បាញបំផុតរបស់បារាំងមួយនេះ។

តើក្បួនដង្ហែរ នឹងចាប់ផ្តើមពីណាទៅណា?
ក្បួនដង្ហែតាមដងទន្លេសែន នឹងផ្តល់នូវការធ្វើដំណើរដែលមើលឃើញទិដ្ឋភាពប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើននៃទីក្រុងប៉ារីស។ ដោយចាប់ផ្តើមពីស្ពាន Austerlitz ដែលនៅជាប់សួនរុក្ខសាស្ត្រ Jardin des Plantes កងនាវាចរអត្តពលិក នឹងធ្វើដំណើរទៅទិសខាងលិចចម្ងាយ៦គីឡូម៉ែត្រតាមបណ្តោយទន្លេ ដោយឆ្លងកាត់ក្រោមស្ពានប្រវត្តិសាស្ត្រ និងកន្លែងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនដូចជា វិហារកាតូលិក Notre-Dame និងសារមន្ទីរសិល្បៈជាតិ Louvre ផងដែរ។ មិនតែប៉ុណ្ណោះ កងនាវាចរអត្តពលិក ក៏នឹងឆ្លងកាត់កន្លែងរៀបចំការប្រកួតអូឡាំពិកមួយចំនួន រួមទាំងវិមាន Esplanade des Invalides និងទីតាំងប្រវត្តិសាស្ត្រ សាលតាំងពិពណ៌ និងសារមន្ទីរ Grand Palais ផងដែរ។
ក្រុមអត្តពលិកដែលមកពីប្រទេសចូលរួមទាំងអស់ នឹងស្ថិតលើទូកផ្សេងៗគ្នា ហើយពួកគេនឹងមកដល់ទល់មុខនឹងទីតាំងប្រវត្តិសាស្ត្រ Trocadero ដ៏ល្បីល្បាញ គឺជាច្រកឆ្លងកាត់ពីប៉មទួអេហ្វែល (Eiffel Tower) ដែលជានិមិត្តរូបនៃប្រទេសបារាំង។ ហើយក៏ជាទីកន្លែងពិធីការផ្លូវការ ដុតភ្លើងបំភ្លឺ ហើយកីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤ នឹងត្រូវបានប្រកាសបើកជាផ្លូវការ។

តើអត្តពលិកប៉ុន្មាននាក់ នឹងចូលរួមពិធីបើក?
ទូកជិត១០០គ្រឿង ដែលដឹកអត្តពលិកប្រមាណ ១០,៥០០នាក់ នឹងបណ្តែតខ្លួនតាមដងទន្លេសែន អំឡុងពេលព្យុហយាត្រា។ គណៈកម្មាធិការជាតិអូឡាំពិក (NOC) ជាន់ខ្ពស់ចំនួន២០៦នាក់ នឹងមានទូកផ្ទាល់ខ្លួន ខណៈដែលទូកតូចៗជាច្រើនប្រើប្រាស់សម្រាប់ដឹកសមាជិកគណៈកម្មាធិការទាំងអស់ ។
តើនឹងមានការសម្តែងដ៏អស្ចារ្យដែរឬទេ ហើយនរណាជាអ្នកបង្កើតឡើង?
លោក Thomas Jolly តារាសម្តែង ហើយក៏ជានាយកសិល្បៈបារាំង គឺជាអ្នកដឹកនាំការសម្តែងសិល្បៈនានា សម្រាប់ពិធីបើកកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤។ ទោះយ៉ាងណា ព័ត៌មានលម្អិតស្ថិតនៅក្រោមការសម្ងាត់ ដោយកម្មវិធីនេះសន្យាថានឹងមានការលាយបញ្ចូលគ្នាទាំងបែបបុរាណ និងទំនើបកម្មមកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពវប្បធម៌ចម្រុះរបស់បារាំង។

កញ្ញា Maud Le Pladec អ្នកឯកទេសរាំដ៏ល្បីរបស់បារាំងបានប្រកាសថា រាល់ស្ពាននៅតាមបណ្តោយផ្លូវដង្ហែរក្បួននឹងមានអ្នករាំ។ ហើយនាងនឹងដឹកនាំសិល្បករ សិល្បការិនីរាំចំនួន ៤០០នាក់ក្នុងចំណោម ៣ពាន់នាក់ ដែលចូលរួមក្នុងពិធីបើកនេះ ដែលសុទ្ធតែស្លៀកពាក់សំលៀកបំពាក់ប្លែកៗ រចនាដោយអ្នកនាង Daphne Burki ដែលជាពិធីករទូរទស្សន៍ និងនាយកផ្នែកសំលៀកបំពាក់ កំពុងមើលការខុសត្រូវលើក្រុមជាងកាត់ដេរ កាត់សក់ និងសិល្បករតុបតែងមុខ ដែលរួមបញ្ចូលការប្រើប្រាស់វត្ថុបុរាណ និងសម្ភារៈកែច្នៃ រួមនឹងការរចនាថ្មីផងដែរ៕ (ប្រភព ៖ Inside The Games)
ចែករំលែកព័តមាននេះ