ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ បានអញ្ជើញចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលរកឃើញនៅក្នុងនាវាលិចក្នុងបាតទន្លេ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ។
អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញ នូវក្ដីស្ញប់ស្ញែងចំពោះវីរភាពរបស់កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងបាតទន្លេ ព្រមទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកបេសកកម្មនេះថា ជាការយកអាយុជីវិតប្ដូរយកសន្តិសុខ និងសុវត្ថិភាពជូនប្រជាជន និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ជាតិខ្មែរ ដែលឆ្លងកាត់សង្គ្រាម និងបន្សល់ នូវគ្រាប់យុទ្ធភណ្ឌ រួមទាំងសំណល់ជាតិផ្ទុះទាំងលើដី ក្នុងដី និងក្រោមទឹក ស្ទើគ្រប់ទីកន្លែង ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបន្តថា ចាប់តាំងពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា អត្រាពលរដ្ឋស្លាប់ និងរបួសដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានឈរនៅលំដាប់ខ្ពស់គួរឱ្យបារម្ភ ប៉ុន្តែដោយសារបេសកកម្មរបស់កម្លាំងជំនាញ ដោយមានការគាំទ្រពីបណ្ដាដៃគូជាតិ និងអន្តរជាតិ បានធ្វើឱ្យបញ្ហានេះធូរស្រាលពីមួយឆ្នាំទៅមួយឆ្នាំ ជំនួសមកវិញ នូវការប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ។
គួរកតត់សម្គាល់ថា កម្លាំងដែលកំពុងធ្វើប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅភូមិសាស្ត្រស្រុកលើកដែក ប្រសប់នឹងស្រុកពាមជរ នេះ មានកម្លាំងស៊ីម៉ាក់ចំនួន២១៤នាក់ និងកងកម្លាំងនគរបាលជាតិចំនួន៦នាក់។ ប្រតិបត្តិការនេះ បានអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យសម្រាប់ប្រតិបត្តិការនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ដែលកាលណោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាបបានអញ្ជើញសួរសុខទុក្ខ និងត្រួតពិនិត្យដោយផ្ទាល់ដូចគ្នាដែរ ។
យោងតាមរបាយការណ៍ថ្លែងដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ប្រតិបត្តិការដែលបាននឹងកំពុងអនុវត្តនេះ បានស្រង់គ្រាប់ចំនួន ២៤.៦៩៩គ្រាប់ បំណែកដែកនាវានិងបំបែងយុទ្ធភណ្ឌសង្គ្រាមចំនួនជាង ២៧តោន ក្នុងនោះមានគ្រាប់យុទ្ធភណ្ឌដែលស្រង់បាន ត្រូវដឹកយកទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីដោះបន្សាបបានចំនួន ៨.២៤៦គ្រាប់ និងកម្ទេចចោលបានចំនួន ១៣.០៣៧គ្រាប់ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងនាមប្រជាជនកម្ពុជាទាំងមូល បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងកម្លាំងប្រតិបត្តិការ ដោយក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានឧត្ថម្ភថវិកាដល់អង្គភាពស៊ីម៉ាក់ចំនួន២ម៉ឺនដុល្លារអាម៉េរិក ឧត្ថម្ភកម្លាំងប្រតិបត្តិការទាំង២២០នាក់ ក្នុងម្នាក់២សែនរៀល បន្ថែមលើការឧបត្ថម្ភដល់ទីបញ្ជាការដ្ឋានប្រតិបត្តិការ រួមទាំងអង្ករ មី ត្រីខ ទឹកក្រូច ទឹកផ្លែឈើ និងទឹកបរិសុទ្ធ ៕
ចែករំលែកព័តមាននេះ