អេត្យូពី៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់ដីនៅប្រទេសអេត្យូបានកើនឡើងដល់យ៉ាងតិច១៥៧នាក់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ។ ជនរងគ្រោះភាគច្រើនបានជួបនឹងវាសនាអាក្រក់នៅពេលពួកគេព្យាយាមជួយសង្គ្រោះអ្នកដែលអាចនឹងរស់រានមានជីវិត និងដែលកំពុងត្រូវការជំនួយជាបន្ទាន់នៅពេលមានហេតុការណ៍បាក់ដីលើកទី១។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

នៅក្នុងចំណោមជនរងគ្រោះក៏មានស្ត្រីមានគភ៌និងកុមារតូចៗផងដែរ។ សូមជម្រាបថាមូលហេតុធំបំផុតដែលនាំឱ្យស្លាប់មនុស្សច្រើនដល់ថ្នាក់នេះដោយសារមានហេតុការណ៍បាក់ដីកើតឡើងចំនួន២ដង។ កាលពីល្ងាចថ្ងៃចន្ទ សមត្ថកិច្ចអះអាងថាគេរកឃើញសាកសពជនរងគ្រោះ៥៥នាក់។ លុះដល់ថ្ងៃអង្គារ គេរកឃើញសាកសពជនរងគ្រោះបន្ថែមទៀត។ ដូចនេះ ចំនួនសរុបកើនឡើងដល់១៥៧នាក់។

ចំនួនអ្នកស្លាប់មិនទាន់អស់ត្រឹមហ្នឹងទេខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកទាំងយប់ទាំងថ្ងៃដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អាជ្ញាធរថ្លែងថាកាលពីពេលហេតុការណ៍បាក់ដីវគ្គទីមួយកើតឡើង ជនរងគ្រោះមិនសូវច្រើនប៉ុន្មានទេ។ ប៉ុន្តែមនុស្សជាច្រើនបានសម្រុកចូលទៅកន្លែងកើតហេតុដើម្បីជួយជនរងគ្រោះដែលត្រូវដីបាក់សង្កត់ពីលើ។

ចៃដន្យពេលនោះ មានហេតុការណ៍បាក់ដីជាលើកទី២។ លើកទី២នេះគឺធ្ងន់តែម្ដងព្រោះមនុស្សប្រមូលផ្ដុំគ្នាច្រើនពេក។ អាជ្ញាធរថ្លែងថាថ្ងៃនេះ គេរកឃើញអ្នកនៅរស់៥នាក់។ ក្រៅពីនេះ មនុស្សជាច្រើនទៀតនៅបាត់ខ្លួននៅក្នុងដីភក់ដែលបាក់មកទាំងផ្ទាំងៗគ្របសង្កត់ទៅលើពួកគេ។ មន្ត្រីថ្នាក់មូលដ្ឋានម្នាក់ទៀតប្រាប់ថាក្រុមការងារនៅតែបន្តស្វែងរកអ្នកបាត់ខ្លួនដោយមិនបោះបង់ចោលនរណាម្នាក់ឡើយ។ ទោះបីពួកគេស្លាប់ ឬរស់ក៏ត្រូវតែរកឱ្យឃើញដែរ៕
ចែករំលែកព័តមាននេះ