រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជាមិនអត់ឱនជាដាច់ខាត ចំពោះអ្នកដែលបង្កើតឲ្យមានភាពវឹកវរ ឬចង់បំផ្លាញ រារាំងក្នុងការអភិវឌ្ឍនប្រទេស ទោះបីស្ថិតក្នុងតម្លៃណា ក៏ដោយ ។

ថ្លែងសារពិសេស នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជាមានស្ថេរភាពនយោបាយនៅកម្ពុជា នៅតែបន្តមាន តែណាស់ តែពួកអ្នកចង្រៃមករំខាន តែដល់ពេលគេដាក់គុគ ចោទគេថា រំលោភសិទ្ធិមនុស្ស។ ហើយមានជនបរទេសមួយចំនួន គួរតែមានភាពឈ្លៀសវៃផង ។
សម្តេចតេជោ ក៏បានលើកឡើងថា អតីតប្រធានាធិបតីអាមេរិក ហើយពេលនេះកំពុងតែជាបេក្ខជនប្រធានាធិបតីអាមេរិក ដែលត្រូវបានគេធ្វើឃាតមិនបានសម្រេច ត្រូវបានតុលាការញាំញីប៉ុន្មានឆ្នាំមកនេះ តើនោះជាអ្វីពិតប្រាកដ តើតុលាការអាមេរិក ដែលជាប្រទេសបិតាប្រ ជាធិបតេយ្យនេះ កាត់ក្តីនៅកន្លែងនេះ កន្លែងនោះ យ៉ាងណាដែរ ? ។
សម្តេចតេជោ បន្ថែមថា ហេតុអ្វីកម្ពុជា មិនអាចអនុវត្តច្បាប់ខ្លួនបាន នៅពេលប្រទេសដទៃ គេអនុវត្តច្បាប់របស់ប្រទេសគេបាន ។
សម្តេចបានបញ្ជាក់ថា ៖ «សង្ឃឹមថា មិត្តភក្តិ និងមានការយល់ កម្ពុជាត្រូវការសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធ្វើការអភិវឌ្ឍក្នុងរយៈពេលវែង។ កម្ពុជានឹងមិនអត់ឱនអ្នកណាក៏ដោយ ដែលប្រឆាំងនឹងបង្កចលាចល បង្កើតភាពវឹកវរ បន្ទុចបង្អាក់ នូវការអភិវឌ្ឍន៍ ឬរហូតដល់ឈានដល់ធ្វើសង្គ្រាម» ។
សម្តេចតេជោ បានលើកឡើងថា ទម្រាំមានសន្តិភាពនៅកម្ពុជា មានការលំបាកណាស់ ហើយការដកថយខ្លួនរបស់សម្តេច គឺមិនមែនបានសេចក្តីថា សម្តេចចោលការងារនោះទេ ។
ជាមួយគ្នានោះដែរ សម្តេចបានអះអាងថា សម្តេចនៅតែមានអំណាចដដែល ព្រោះថា សម្តេចអតីតនាយករដ្ឋមន្ត្រី ហើយជាប្រធានគណបក្សប្រជាជនកម្ពុជា បក្សកាន់អំណច និងជាប្រធានព្រឹទ្ធភា បើគ្មានអំណាច តើចាំចាប់មកធ្វើអ្វី ? ។ សម្តេចថា សម្តេចមិនលូកដៃចូលកិច្ចការរបស់នាយករដ្ឋមន្ត្រីទេ ដូចជាការតែតាំងចៅហ្វាខេត្ត ចៅហ្វាយស្រុក រដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ ជារឿងរបស់គេ ។
សម្តេចគូសបញ្ជាក់ថា ៖ «ខ្ញុំមិនលូកដៃទេ ព្រោះថា ខ្ញុំធ្លាប់ពីមុន ខ្ញុំតែតែចង្អុលបង្ហាញ ប្រាប់នៅក្នុងគណបក្ស គឺចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី ថាបើឲ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រី កុំលូកកិច្ចការរបស់ខ្ញុំ រាប់ទាំងកិច្ចការចរចាទីក្រុងប៉ារីសផងដែរ» ៕
ចែករំលែកព័តមាននេះ