រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ឲ្យដឹងថា មានមនុស្ស៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបង្ហោះថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ខេត្តចំនួន៤នៅតំបន់ត្រីកោណទៅឲ្យវៀតណាម ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងសារពិសេស នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានដាក់ប្រទេស ឬខេត្តនេះ នូវសហព័ន្ធដូចដែលគេចោទប៉ុន្មានថ្ងៃមកនេះ«…» ឥលូវខ្ញុំសុំប្រកាសថា យើងបានចាប់ខ្លួនមនុស្ស៣នាក់រួចហើយ។ ថ្ងៃមុន យើងចាប់មកពីខេត្តសៀមរាប ថ្ងៃនេះចាប់២នាក់មកពីសៀមរាបមកទៀត» ។
សម្តេចតេជោបានបន្ថែមថា ចំពោះអ្នកដែលលើកឡើងពីសន្និសីទទីក្រុងប៉ារីសនិយាយមិនល្អក្នុងតិកតុកនោះ យើងមិនទុកទេ គឺត្រូវតែធ្វើការតតាំងគ្នានៅក្នុងតុលាការ ។ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមានការចែងថា មានការបញ្ចូលដែនដីជាមួយគ្នានោះទេ ក្រៅពីបញ្ហាសេដ្ឋកិច្ចសង្គម សន្តិសុខ ការពារជាតិ ដែលភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន ។

ក្នុងឱកាសនោះដែរ សម្តេចតេជោបានលើកឡើងថា ការចោទប្រកាន់ថា កម្ពុជាបានកាត់៤ខេត្តទៅវៀតណាម គឺជាការចោទប្រកាន់មួយមិនអាចលើកលែងឲ្យជាដាច់ខាត។ សម្តេចបញ្ជាក់ថា «ខ្ញុំស្នើឲ្យតុលាការថា បើសិនកាត់ទោសគឺកាត់ទោសអតិប្បមា ហើយសុំឲ្យក្រសួងយុត្តិធម៌ និងពន្ធនាគារសុំកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជីពីការស្នើសុំលើកលែង និងបន្ធូរបន្ថយទោសឡើយ គឺត្រូវដាក់គុករហូតដល់កំណត់» ។
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា អ្នកដែលធ្វើសកម្មភាពនេះ គឺជាអ្នកសន្សំរឿង និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរ សូម្បីតែម្សិលមិញមានឈ្មោះវណ្ណានៅជប៉ុនបានលើកឡើងរឿងនេះ ប៉ុន្តែខ្ញុំតបតក៏ប្លុកចោល។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអំពាវនាវដល់អ្នកនៅក្នុងស្រុកខ្មែរសុំកុំព្រហើន បង្កើតសារនេះឡើយ សុំបញ្ឈប់ទៅ ដោយឡែក ជេម សុខ គឺអស់ប្រកាន់ហើយ ចង់និយាយអ្វីនិយាយទៅ ព្រោះគាត់ចូលក្នុងមនុស្សសរសៃប្រសាទហើយ ។
ចែករំលែកព័តមាននេះ