រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ មួយគ្រឿង ដឹកអយស្ទ័រ១កេស បើកបរក្នុងល្បឿនលឿនគួរសមដែរ បានជ្រុលទៅបុកចំទទឹងខ្លួនម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ មួយគ្រឿងទៀត ដែលបើកបរដោយស្ត្រីម្នាក់ និងដឹកក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ផង បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ គរលើគ្នា ហើយអ្នកជិះម៉ូតូទាំងសងខាងចំនួន៣នាក់ រងរបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏នោះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងចូលវត្តតាំងកសាង ស្ថិតនៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅត្រង់ចំណុចកើតហេតុនោះ បានប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BL-6569 ដោយមានដឹកកេសអយស្ទ័រ១ ពីក្រោយផង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ខាងលើ ក៏បានជ្រុលទៅបុកចំទទឺងខ្លួនម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-7893 ដែលកំពុងឆ្លងផ្លូវបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់តែម្ដង ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១១នោះ ជិះដោយស្ត្រីម្នាក់ និងមានឌុបក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ពីក្រោយផង ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ហើយភាគីទាំងសងខាងសរុប៣នាក់ បានរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ រថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានដឹកអ្នករបួសបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់មកនគរបាលប៉ុស្តិ៍កាកាបទី១និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕






ចែករំលែកព័តមាននេះ