ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខកចិត្តពីបាល់ទាត់! កីឡាករឆ្នើម៣រូប សម្រេចដឹកដៃគូស្នេហ៍ចូលរោងការថ្ងៃជាមួយគ្នា

1 ខែ មុន

បរទេស ៖ បន្ទាប់ពីការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024

បរទេស ៖ បន្ទាប់ពីការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 និងជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ CONMEBOL Copa America 2024 បញ្ចប់ជាស្ថាពរ ដោយ​អាល្លឺម៉ង់ និងអាហ្សង់ទីន គ្រងជើងឯកពានរង្វាន់កម្រិតទ្វីបរៀងខ្លួនរួចមក។ គេសង្កេតកីឡាជាច្រើនកំពុងតែសម្រាកលំហែកាយជាមួយគ្រូសារ នៅតាមទីតាំងកម្សាន្តល្បីៗជាច្រើននៅជុំវិញពិភពលោក ខណៈដែលកីឡាករខ្លះទៀត បានវិលត្រឡប់ទៅកាន់ហ្វឹកហាត់ជាមួយក្លិបអាជីពរបស់ពួកគេវិញ សម្រាប់ការប្រកួតមិត្តភាពមុនពេលបើករដូវកាលថ្មី។

បើក្រឡេកទៅខ្សែប្រយុទ្ធ Paulo Dybala ក៏ដូចជាខ្សែប្រយុទ្ធ Federico Chiesa រួមនឹងខ្សែប្រយុទ្ធ Kai Havertz កាន់តែពិសេសថែមទៀត ដោយពួកគេបានដឹកដៃមិត្តស្រីដ៏ស្រស់ស្អាតរបស់ពួកគេរៀងខ្លួនចូលរោងការ នៅថ្ងៃជាមួយគ្នា។

ខ្សែប្រយុទ្ធ Paulo Dybala ដែលមិនជាប់នៅក្នុងបញ្ជីក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni សម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa America 2024 នៅសហរដ្ឋអាមេរិក ដែលពួកគេជាម្ចាស់ជើងឯក។ ខ្សែប្រយុទ្ធឆ្នើមក្រុមចចកញី AS Roma នៅលីគកំពូលអ៊ីតាលី​វ័យ៣០ឆ្នាំរូបនេះ បានដឹកដៃមិត្តស្រី Oriana Sabatini វ័យ២៨ឆ្នាំ ដែលជាតារាម៉ូដែល សម្តែង និងចម្រៀងល្បីម្នាក់របស់អាហ្សង់ទីនរបស់ខ្លួនចូលរោងការ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោយមានទំនាក់ទំនងជាមួយគ្នា តាំងពីឆ្នាំ ២០១៨។

ភរិយាកីឡាករ Dybala គឺជាកូនស្រីតារាសម្តែងស្រីក៏ល្បីឈ្មោះរបស់វេណេហ្ស៊ុយឡា លោកស្រី Catherine Fulop និងលោក Oswaldo Sabatini ហើយក៏ត្រូវជាក្មួយស្រីអតីតកីឡាការិនីវាយតេនី្នសដ៏ល្បីរបស់អាហ្សង់ទីន លោកស្រី Gabriela Sabatini ផងដែរ។

ដោយឡែក ខ្សែប្រយុទ្ធ Federico Chiesa ក្រោយជួយអ៊ីតាលីបានត្រឹមវគ្គ១៦ក្រុមចុងក្រោយ Euro 2024 នៅប្រទេសអាល្លឺម៉ង់ហើយនោះ។ ខ្សែប្រយុទ្ធឆ្នើមក្រុមសេះបង្កង់ Juventus នៅលីគកំពូលអ៊ីតាលី វ័យ២៦ឆ្នាំរូបនេះ ក៏បានដឹកនាំមិត្តស្រី Lucia Bramani វ័យ២៤ឆ្នាំ ដែលជាតារាម៉ូដែលអ៊ីតាលីរបស់ខ្លួនចូលរោងការ កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ បន្ទាប់ពីបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នាចាប់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ។

ងាកទៅកាន់ខ្សែប្រយុទ្ធ Kai Havertz ឯណោះវិញ ក្រោយជួយអាល្លឺម៉ង់ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2024 បានត្រឹមវគ្គ៨ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal នៅលីគកំពូលអង់គ្លេស វ័យ២៥ឆ្នាំរូបនេះ ក៏បានដឹកដៃគូដណ្តឹង Sophia Weber ដែលជាតារាម៉ូដែល និងជា Influencer ជនជាតិអាល្លឺម៉ង់ចូលរោងការ នៅក្នុងពិធីដ៏ភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ។

អ្នកទាំងពីរស្គាល់គ្នាតាំងពីនៅវ័យក្មេង ខណៈដែលពួកគេធំដឹងក្តីក្នុងសង្កាត់ជាមួយគ្នា។ ពួកគេបានចាប់ផ្តើមជាមិត្តនឹងគ្នា រហូតឈានដល់ទំនាក់ទំនងស្នេហានៅក្នុងឆ្នាំ ២០១៨ ដែលបានប្រកាសជាផ្លូវការ ហើយបានភ្ជាប់ពាក្យជាមួយគ្នា កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ៕ (ប្រភព ៖ ESPN, The Sun និង Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ