ខណៈពេលដែលកសិផលកម្ពុជាកំពុងឆ្ពោះការនាំចេញទៅកាន់ប្រទេសចិន និងពិភពលោកកាន់តែច្រើន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កំពុងសរសើររស់ជាតិឆ្ងាញ់នៃកសិផលកម្ពុជា ពិសេសស្វាយចន្ទី និងបានជួយផ្សព្វផ្សាយទៅកាន់ប្រជាជនចិន និងពិភពលោក។

លោក វ៉ាង វេនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលអ្នកសារព័ត៌មានបរទេសដាក់ងារលោកថា ជាអ្នកចម្បាំងចចក បានបង្ហោះនូវសារជាវីដេអូ នៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃសៅរ៍ ថា«ថ្ងៃនេះចុងសប្តាហ៍ មានពេលទំនេរ ខ្ញុំដើរលេងផ្សារទំនើបនៅកម្ពុជា ។ ការដើរផ្សារទំនើបរបស់ខ្ញុំ មិនត្រឹមតែដើរមើលប៉ុណ្ណោះទេ ក៏ជាផ្នែកមួយក្នុងការស្វែងយល់អំពីស្ថានភាពរស់នៅរបស់ប្រជាជនផងដែរ» ។

លោកឯកអគ្គរដ្ឋទូតចិន បន្តថា «ទីនេះអាចបង់ប្រាក់តាមកម្មវិធី WeChat ។ ពិតជាមានភាពងាយស្រួលណាស់ ។ ថ្ងៃនេះ ខ្ញុំទទួលបានទំនិញច្រើនមកភ្លក់ផលិតផល Made in Cambodia រសជាតិឆ្ងាញ់ ។ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកភ្លក់គ្រាប់ស្វាយចន្ទីខ្មែរ»។
ជាមួយនឹងសារដ៏ខ្លី និងមានអត្ថន័យនេះ លោក វ៉ាង ក៏បានចែករំលែកនូវវីដេអូឃ្លីបផ្សព្វផ្សាយអំពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងសម័យបច្ចេកវិទ្យា ការអភិវឌ្ឍ និងការវេចខ្ចប់កែច្នៃកសិផលកម្ពុជាស្របតាមស្តង់ដារ ដែលមានរយៈពេលប្រមាណជា ១នាទីផងដែរ ។

តាមរយៈសារ និងវីដេអូដែលលោកបានចែករំលែកនៅលើបណ្តាញសង្គមត្រឹមរយៈពេល៨ម៉ោង វីដេអូឃ្លីប និងសារនេះត្រូវបានចែករំលែកបន្តបានប្រមាណជា៩៩៧ shares ហើយមានអ្នកចូលបញ្ចេញយោបល់ទាំងភាសាខ្មែរ ចិន និង អង់គ្លេសជាច្រើនបន្ថែមទៀត ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកសិផលចំនួន ៦,១ លានតោន កើនឡើង ៥៦ភាគរយ បើធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ ប្រភពបានបន្ថែមថា ការនាំចេញកសិផលទទួលបានប្រាក់ចំណូលសរុបប្រមាណ២.៨ ពាន់លានដុល្លារអាមេរិកកើនឡើង ១៨ ភាគរយពីចំនួន ២.៤ ពាន់លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ចែករំលែកព័តមាននេះ