ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​​កំពង់​ធំ​មាន​ភ្នំ​ប៉ុន្មាន​​? គ្មាន​​ឯក​សារ​ទេ​ ប៉ុន្តែ​​​មាន​ភ្នំ​មាស​

9 ខែ មុន
  • កំពង់ធំ

ខេត្ត​កំពង់​ធំ​​ ៖ កំពង់ធំ​ គឺជា​ខេត្ត​មួយ​​មាន ភូមិសាស្រ្តនៅ​ចំ​កណ្តាល​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​

ខេត្ត​កំពង់​ធំ​​ ៖ កំពង់ធំ​ គឺជា​ខេត្ត​មួយ​​មាន ភូមិសាស្រ្តនៅ​ចំ​កណ្តាល​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​ក្រុង​​១ និង​ស្រុក​ចំនួន​៨ រួម​មាន ៖
១-​ក្រុង​ស្ទឹង​សែន
២-​ស្រុក​កំពង់ស្វាយ
៣-​ស្រុក​ប្រាសាទ​សំបូរ
៤-​ស្រុក​សណ្តាន់

៥-​ស្រុក​ប្រាសាទ​បល្ល័ង្ក
៦-​ស្រុក​ស្ទោង
៧-​ស្រុក​ស​ន្ទុ​ក
៨-​ស្រុក​បារាយណ៍
៩-​ស្រុក​តាំងគោក ដែល​ជា​ស្រុក​មួយ​ទើបតែ​បង្កើត​ថ្មី ។

តើ​នៅ​ខេត្តកំពង់ធំ មាន​ភ្នំ​ចំនួន​ប៉ុន្មាន​ ? នោះ​គឺជា​ការ​លំបាក​ដោយសារ​តែ​សួរនាំ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​លោក​ថា​​អត់​ដឹង​មាន​ភ្នំ​ប៉ុន្មាន​ទេ និង​ប្រាប់​ថា​ឱ្យ​​សួរ​ទៅ​មន្ទីរ​ទេសចរណ៍​វិញ​គេ​ដឹង​ច្បាស់ ។ លុះពេល​សួរនាំ​ទៅ​ខាង​មន្ទីរ​ទេសចរណ៍​លោក​ក៏​ប្រាប់​ថា​អត់​ដឹង​ច្បាស់​ដែរ​ទេ​ រឿង​ភ្នំ​មាន​ចំនួន​ប៉ុន្មាន​នោះ ព្រម​ទាំង​ឱ្យ​សួរ​ទៅ​ខាងមន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​វិញ ក្រែងលោ​គេដឹង​ច្បាស់ ។ អ្នក​យកព័ត៌មាន​យើង ​ក៏​ទូរស័ព្ទសាក​​សួរទៅ​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ទៀត តែ​​ចម្លើយ​​ក៏​មិន​ខុស​ពី​ខាងមន្ទីរ​ជំនាញ​មុន​ៗ​ដែរ គឺ​អត់​ដឹង​ច្បាស់​ទេ​រឿង​ភ្នំ​ហ្នឹង គ្មាន​មន្ទីរ​ណា​ចាប់​អារម្មណ៍​ទេ​ ។

ចំណែក​ខាង​មន្ត្រីអាជ្ញាធរ​វិញ​ បានឲ្យ​ដឹងថា នៅ​​ខេត្ត​កំពង់​ធំមានស្រុក​តិចតួច​ណាស់​ដែល​ជា​តំបន់​ភ្នំ ក្នុង​នោះ​ស្រុក​ដែល​មាន​ភ្នំ​ស្រស់​ស្អាត​​ជាទី​គួ​រឱ្យ​ចាប់អារម្មណ៍​និង​ជា​តំបន់​មាន​សក្តានុពល​ផ្នែក​ទេ​ចរណ៍​ផង​នោះ​គឺ​ភ្នំ​ស​ន្ទុ​ក ។

​លោក សន វឿ​ន អភិបាលរង​ស្រុក​ស​ន្ទុ​ក​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ទឹកដី​នៃ​​ស្រុក​ស​ន្ទុ​ក មាន​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​កមួយ​ជា​តំបន់​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ-​អន្តរជាតិ​មក​​ទស្សនា​កម្សាន្ត​​ជា​​រៀងរាល់ថ្ងៃ​ ជា​ពិសេស​នៅ​ថ្ងៃ​សៅ​រ៍ថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យ​ធំ​ៗ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ជាតិ និង​​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ។​

លោក​បន្ត​ថា ស្រុក​ស​ន្ទុ​ក​ក្រៅ​អំពី​ភ្នំ​ស​ន្ទុក ​នៅ​មាន​ភ្នំ​តូច​ៗ​​២​ទៀត​ ​ស្ថិត​នៅ​ទិសឦសាន​ភ្នំ​ស​ន្ទុ​ក​បន្តិច គឺ​​ភ្នំ​​ត្បែង​ស្រះ​ខ្ចៅ និង​ភ្នំ​ពែនជុំ ដែល​មាន​ទេសភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​ពិត​ៗ ។ ភ្នំ​ទាំង​អស់នេះ​ស្ថិត​នៅ​ប៉ែក​ខាងកើត​ផ្លូវជាតិ​លេខ​៦ ។ បើ​បងប្អូន​ធ្វើ​ដំណើរ​​មក​ពី​រាជធានី​ភ្នំពេញ តាម​​​ផ្លូវជាតិ​លេខ​៦ ​ចម្ងាយ​ប្រហែល​ជាង​​១៤០​គីឡូម៉ែត្រ ឆ្លងកាត់​ទីរួមស្រុក​ស​ន្ទុ​ក​ប្រហែល​១០​គីឡូម៉ែត្រ ​ក្រឡេក​មើលទៅ​ខាងស្តាំ​ដៃ នោះ​នឹង​បាន​គយគន់​មើល​រូបរាង​ដ៏​​ស្រស់​ស្អាត​នៃ​​ភ្នំ​ទាំង​បី​ខាងលើ​នេះ​ពី​ចម្ងាយ​ជាក់​ជា​ពុំខាន ។

ក្រៅពី​ពី​នោះ ​ក៏​មាន​ភ្ញៀវ​ជាតិ​-​អន្តរ​ជាតិ​មួយ​​ចំនួន​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​ស្រុក​ស​ន្ទុ​ក ​ចូល​ទៅ​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក ដែល​ពោរពេញ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ និង​អបិយ​ជំនឿ​នានា​ជា​ច្រើន​រាប់​មិន​អស់​ ដែល​កប់​ទុក​នៅ​រមណីយដ្ឋាន​នេះ​ផង​ដែរ ។

នៅ​​ស្រុក​សណ្តាន់ បើ​​តាម​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​ ថ្លែង​ថា នៅ​​ឃុំ​សុចិត្រ នៃ​ស្រុក​សណ្តាន់​ មាន​ភ្នំ​មួយ​ឈ្មោះ​ថា «ភ្នំ​ជី»​ ។ ភ្នំ​ជី​គឺជា​ភ្នំ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ពិត​ៗ មាន​ព្រៃឈើនិង​រ៉ែ​មាស​ និង​មាន​វត្ត​មួយ​នៅ​លើ​កំពូលភ្នំ ។ មិនតែប៉ុណ្ណោះ​ នៅ​​​តាម​តំបន់​នានា​នៅ​ជើងភ្នំ​នេះ ​សម្បូរ​ទៅ​​ដោយ​​រ៉ែ​មាស ដែល​​បងប្អូន​ប្រជាពលរដ្ឋ​នៅ​​​ក្នុង​​ស្រុក ​​ក៏​ដូច​​ជា​​ក្រៅ​​ស្រុក​​មួយចំនួន​​ បាន​នាំ​​គ្នា​មក​​ប្រកប​របរ​​ជីករែង​មាស​នៅ​​ទី​នេះ​ផង​ដែរ ដែល​អាច​រក​កម្រៃ​បាន​ខ្លះ​ៗ​ក្នុង​ការ​ចិញ្ចឹមជីវិត ។ ក្រៅពី​នេះ ​នៅ​ក្បែរ​ភ្នំ​ជី​ក៏​មានកូន​ភ្នំ​តូច​ៗ​​​ដែរ តែ​មិន​មានឈ្មោះ​ហៅ​ឱ្យ​ប្រាកដ​នោះ​ទេ ។

ក្រៅពី​បងប្អូន​ប្រជាពលរដ្ឋ​យើង​នាំ​គ្នា​ទៅ​ប្រកប​របរ​ជីក​មាស​នៅ​ទីនោះ ក៏​មាន​ក្រុមហ៊ុន​ចិន​
ចំនួន​២ គឺ​​ក្រុមហ៊ុន K88 ​និង​​ក្រុមហ៊ុន ឡេ​ត ចេ​ង​(Late Cheng) កំពុង​​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​រ៉ែ​មាស​នៅ​ទីនោះ​ ដោយ​ប្រើប្រាស់​សុទ្ធតែ​ម៉ាស៊ីន និង​គ្រឿង​ចក្រ​ទំនើប​ៗ​ផង​ដែរ ។

បច្ចុប្បន្ន​ ក្រុមហ៊ុន​ទាំង​២​​នេះ​កំពុង​​ធ្វើ​អាជីវកម្ម​រុករក​ខ្នាត​តូច​ៗ​នៅ​ឡើយ​​នោះ​ទេ តែ​ថ្ងៃក្រោយ​គេ​អាច​ពង្រីក​ខ្នាត​អាជីវកម្ម​របស់​គេ​ធំ​ប៉ុនណា​នោះ លោក​ក៏​មិន​បានដឹង​មុន​ដែរ ក្នុង​នោះ​ខាង​ក្រុមហ៊ុន​បាន​បង់​វិភាគទាន​ចូល​រដ្ឋ ហើយ​ក៏​បាន​ជួយ​កសាង​ផ្លូវ​ខ្លះ​ៗ​ដែរ​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ។

សូមកុំ​យល់​ច្រឡំ​ថា​​ ស្រុក​សណ្តាន់​គឺជា​ស្រុក​មួយដែល​សម្បូរ​ទៅ​ដោយ​ម្ជូរសណ្តាន់​ឱ្យ​សោះ​ណា ការ​ពិត​គឺជា​ស្រុក​មួយ​ដែល​មាន​សក្តានុពល​ពោរពេញ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន មាន​ដូច​ជា ​​ព្រៃ​ឡង់​ ​ព្រៃ​អង់​តែ​ន​ និង​រ៉ែ​មាស​ ដែល​កំពុង​​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​បុគ្គល​មួយ​ចំនួន​តូច និង​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ផង​ដែរ រួម​ទាំង​រ៉ែ​មាស​នៅ​ក្នុង​ដី​គួរ​ឱ្យ​សោកស្តាយ ដែល​សម្បត្តិ​ធនធានធម្មជាតិ​របស់​ខ្មែរ​ត្រូវ​បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ ។

ចំណែក​កូនភ្នំ​ដ៏​តូច​ច្រឡឹង​មួយទៀត​ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ ​ត្រូវ​បាន​លោក យ៉ា​ន់ វិ​សាក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​ ប្រាប់​ថា​ ភ្នំ​នោះ​មាន​ឈ្មោះ​ថា ភ្នំ​ជី​មូស ដែល​នៅ​ឆ្ងាយ​ដាច់​ស្រ​យាល​ពី​គេឯង ស្ថិត​នៅ​ក្នុងឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ។ ភ្នំ​នេះ​មាន​ទំហំ​តូច​ មាន​វត្ត​ និង​ព្រះ​​វិហា​ក៏​តូច​មួយ​ហាក់ដូចជា​កំពុង​តែ​អណ្តែត​នៅ​​លើ​ផ្ទៃ​ទឹកទន្លេ​នា​រដូវវស្សា ។

បើ​ពុទ្ធបរិស័ទ​ចង់​ទៅ​កាន់​វត្ត​នោះ ​ត្រូវធ្វើ​ដំណើរ​តាម​ទូក ឬ​កាណូត​ទើប​ទៅ​ដល់ ដោយសារ​តែ​វត្ត​ដ៏​កម្សត់​នេះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ផង​នោះ ។ ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មក​ក៏​ពិបាក​ ទើប​ធ្វើ​ឱ្យ​ព្រះសង្ឃ​ដែល​គង់នៅ​ទីនោះ ពុំ​សូវ​​សម្បូរ​ចង្ហាន់​ឆាន់​ប៉ុន្មាន​ទេ ហាក់ដូចជា​កូន​កោះ​មួយ​នៅ​លើ​ផ្ទៃ​ទឹក​ដូច្នោះ ហើយម្តងម្កាល​ព្រះសង្ឃ​ដែល​គង់នៅ​ទីនោះ​តែងតែ​ខ្វះខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ