ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការសន្តិសុខដ៏តឹងរ៉ឹងសម្រាប់កីឡាអូឡាំ​ពិក ជះឥទ្ធិពលខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចក្រុងប៉ារីស

1 ខែ មុន

ប្រទេសបារាំង ៖ យោងតាមតំណាងសហជីពអាជីវករបារាំងបានឱ្យដឹងថា វិធានការសន្តិសុខដ៏តឹង

ប្រទេសបារាំង ៖ យោងតាមតំណាងសហជីពអាជីវករបារាំងបានឱ្យដឹងថា វិធានការសន្តិសុខដ៏តឹងរឹងមុនពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីសឆ្នាំ ២០២៤ របស់អាជ្ញាធរបារាំង កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងទីក្រុងបេះដូងរបស់ប្រទេសបារាំងមួយនេះ ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់តាមហាង ក៏ដូចជាភោជនីយដ្ឋាននៅក្នុងស្រុក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Inside The Games ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ

តំណាងសហជីពអះអាងថា ភោជនីយដ្ឋាន ហាង បារ និងឌីស្កូធីក បានរួមគ្នាថ្កោលទោសការធ្លាក់ចុះសកម្មភាព និងចរាចរណ៍ ដែលមិនធ្លាប់មានពីមុនមក ហើយពួកគេកំពុងតែជួបប្រទះ ដែលផ្ទុយទៅនឹងការព្យាករណ៍សុទិដ្ឋិនិយមរបស់រដ្ឋាភិបាលបារាំងបានធ្វើឡើងមុនព្រឹត្តិការណ៍អូឡាំពិកចូលមកដល់។ ជាក់ស្តែង ប្រាក់ចំណូលធ្លាក់ចុះ ៣០% បើធៀបនឹងកាលពីឆ្នាំមុន ដោយសារសន្តិសុខតឹងតែងកំពុងរារាំងភ្ញៀវទេសចរពីការមកទស្សនាទីក្រុងប៉ារីស។ ហើយនេះមិនមែនជាហេតុផលតែមួយគត់ ដែលធ្វើឱ្យពួកគេជួបបញ្ហានោះទេ ព្រោះពួកគេក៏រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ បញ្ហាអតិផរណា និងបរិយាកាសនយោបាយបន្ទាប់ពីការបោះឆ្នោត រួមទាំងស្ថានភាពជាបន្តបន្ទាប់។

តាមសហជីពតំណាងវិស័យទាំងនេះបានឱ្យដឹងថា ការរួមបញ្ចូលគ្នានៃកត្តាទាំងអស់នេះមានផលវិបាកសេដ្ឋកិច្ចដ៏មហន្តរាយ។ អង្គការនានាក៏បានអំពាវនាវដល់អាជ្ញាធរត្រូវមានទំនាក់ទំនងឱ្យកាន់តែច្បាស់អំពីវិធានការពួកគេកំពុងអនុវត្ត ដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ តំណាងសហជីពបន្តលើកឡើងអំពីការថយចុះចំនួនភ្ញៀវទាំងជាតិ និងអន្តរជាតិរហូតដល់ ៧០% នៅក្នុងតំបន់ទេសចរណ៍ជាច្រើន ដែលមានភាពល្អឥតខ្ចោះដូចជា Place du Trocadero នៅភាគខាងលិចទីក្រុងប៉ារីសជាដើម។ រីឯអាជីវកម្មខ្នាតតូចជាច្រើនស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបិទទ្វារ ដោយបានអំពាវនាវដល់រដ្ឋាភិបាលបារាំងរៀបចំនីតិវិធីសំណងត្រឹមត្រូវ និងរហ័ស ដើម្បីទូទាត់សងសម្រាប់ការរអាក់រអួល និងការខាតបង់ដែលបណ្តាលមកពីកីឡាអូឡាំពិក។

គួរឱ្យដឹងថា កម្លាំងប៉ូលិសក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានចាប់ផ្តើមដាក់របាំង និងរបងដែកបិទទីតាំងជាច្រើនកណ្តាលទីក្រុង ក៏ដូចជារារាំងប្រជាជន និងអ្នកទេសចរចូលទៅកាន់តំបន់ក្បែរមាត់ទន្លេសែន (Seine) ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងដាក់ខែលការពារដ៏រឹងមាំ មុនពេលពិធីបើកកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅថ្ងៃទី២៦ ខែកក្កដា សប្តាហ៍ក្រោយ។ ប៉ុន្តែទោះយ៉ាងណា ការរឹតបន្តឹងវិធានការសន្តិសុខត្រូវបានធ្វើតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។

ប្រភពពីទូរទស្សន៍បារាំង France 24 និងទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា ប្រសិនបើនរណាម្នាក់ចង់ចូល ឬឆ្លងកាត់របាំងការពារតាមដងទន្លេសែន ដែលមានប្រវែងរាប់គីឡូម៉ែត្រ នឹងត្រូវការលេខកូដ QR ពិសេស។ របាំងដែកបង្កើតឡើងពិសេសត្រូវបានធ្លាក់ពាសពេញកណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ជាមួយការចាប់ផ្តើមបង្កើតបរិវេណការពារប្រឆាំងនឹងអំពើភេរវកម្មកីឡាអូឡាំពិក។ ច្រាំងទន្លេសែន ដែលត្រូវបានបិទប្រវែងរាប់គីឡូម៉ែត្រ ដើម្បីហាមឃាត់អ្នកក្រុងប៉ារីស និងអ្នកទេសចរដែលគ្មានកូដ QR ចេញចូល ដែលត្រូវបានបញ្ចូលក្នុងទូរស័ព្ទដៃ និងបោះពុម្ពលើក្រដាស។

ជាករណីលើកលែងមួយ ខណៈដែលទីក្រុងប៉ារីសបានសម្រេចចិត្តរៀបចំពិធីបើកនៅតាមមាត់ទន្លេ ជាជាងនៅក្នុងកីឡដ្ឋាន ដូចជាទីក្រុងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍មុនៗ។ ដូច្នេះការការពារត្រូវចំណាយទាំងថវិកា និងចំនួនកងកម្លាំងចម្រុះយ៉ាងច្រើន និងច្រើនជាងការរៀបចំនៅក្នុងកីឡដ្ឋាន។ ដ្បិតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៧១៤នាក់មកពីប្រជាជាតិចំនួន ២០៦ ជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង ដោយមានកីឡា ៣២ប្រភេទលើវិញ្ញាសាសរុប ៣២៩​វិញ្ញាសា។ មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ