ខេត្តបាត់ដំបង ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញ ដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សសម្រាប់ប្រទេសជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចធីបតី ហ៊ុន ម៉ាណែត ។
ការជំរុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមណៈនិស្សិត និងនិស្សិត ប្រមាណជាង ២០០អង្គ/នាក់ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ មានសីលធម៌រស់នៅល្អ មានសុខភាពមាំមួន និងចេះរស់នៅដោយចុះសម្រុងក្នុងសង្គម ដើម្បីប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់មនុស្សជុំវិញខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពន្យល់ថា យុវជនសម័យបច្ចុប្បន្នមានឱកាសច្រើន និងអំណោយផលសម្រាប់ការរៀនសូត្រ ដូចជា មានសាលាជិតផ្ទះ មានសម្ភារៈសិក្សាសម្បូរបែប និងមានអំណោយផលពីប្រទេសជាតិ ដូចជាសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងមធ្យោបាយធ្វើដំណើរជាដើម ។
ដូច្នេះ អ្វីដែលនៅសេសសល់គឺ ការខិតខំដោយខ្លួនឯង ដើម្បីចាប់យកឱកាសប្រែក្លាយខ្លួនទៅជាមនុស្សពូកែ អ្នកចេះដឹង និងជាមនុស្សដែលមានសីលធម៌ខ្ពស់ ចេះជួយសង្គម និងប្រទេសជាតិប្រកបដោយន័យស្ថាបនា ៕
ចែករំលែកព័តមាននេះ